ក្រុមហ៊ុន​ឯកជន​មិន​ទាន់​ដាក់​ពាក្យ​ចូល​រួម​ដេញ​ថ្លៃ​ឈើ​ចំនួន​៧​ម៉ឺន​ម៉ែត្រ​គូប​ជាមួយ​រដ្ឋាភិបាល​នៅ​ឡើយ​ទេ

រហូតមកដល់ថ្ងៃទី ១០ មិថុនានេះ នៅមិនទាន់មានក្រុមហ៊ុនឯកជនណាមួយចេញមុខដេញថ្លៃឈើចំនួន៧ម៉ឺនម៉ែត្រគូប ជាមួយរដ្ឋាភិបាលនៅឡើយទេ បន្ទាប់ពីក្រសួងសេដ្ឋកិច្ចកាលពីថ្ងៃទី ៦ មិថុនា ប្រកាសលក់ពាក្យដេញថ្លៃឈើរហូតដល់ថ្ងៃទី ២២ មិថុនា។ តាមគម្រោងឈើចំនួន ៧ ម៉ឺនម៉ែត្រគូប នឹងដាក់ដេញថ្លៃនៅចុងខែមិថុនានេះក្នុងតម្លៃដំបូង ១២,២ លានដុល្លារ។

ក្រុមហ៊ុន​ឯកជន​មិន​ទាន់​ដាក់​ពាក្យ​ចូល​រួម​ដេញ​ថ្លៃ​ឈើ​ចំនួន​៧​ម៉ឺន​ម៉ែត្រ​គូប​ជាមួយ​រដ្ឋាភិបាល​នៅ​ឡើយ​ទេ

អ្នកទទួលបន្ទុកលក់ពាក្យដេញថ្លៃឈើទាំងនៅរដ្ឋបាលព្រៃឈើ និងក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា មានក្រុមហ៊ុនមួយចំនួនបានមកទិញពាក្យដេញថ្លៃ ប៉ុន្តែពួកគេមិនទាន់ប្រាកដថានឹងចូលរួមនោះទេ។ ដោយក្រុមហ៊ុនទាំងនោះបានសន្យាថាពួកគេនឹងជូនដំណឹងតាមក្រោយ។

អ្នកលក់ពាក្យដេញថ្លៃឈើម្នាក់សុំមិនបញ្ចេញឈ្មោះឲ្យដឹងថា ភាគច្រើននៃក្រុមហ៊ុន ដែលមកទិញពាក្យដេញថ្លៃឈើពួកគេចង់ដឹងពីបរិមាណឈើ ប្រាក់កកមុនជាដើម។ ក្នុងនោះក្រុមហ៊ុនដែលចូលរួមដេញថ្លៃឈើបានត្រូវមានប្រាស់កក២០ ភាគរយ។

តាមការជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ៦ ខែមិថុនា ឲ្យដឹងថា រូបវន្តបុគ្គល និងនីតិបុគ្គលទាំងអស់ លើកលែងតែ អ្នកធ្លាប់មានប្រវត្តិ ប្រព្រឹត្តបទល្មើស ព្រៃឈើ និងអ្នកជាប់ជំពាក់ បំណុលរដ្ឋ អាចចូលរួមដេញថ្លៃបាន ដោយត្រូវបំពេញ សំណុំបែបបទ និងលក្ខខណ្ឌ ដូចមានចែងក្នុងសៀវភៅ បន្ទុកដេញថ្លៃ។

តាមគម្រោង ឈើចំនួន៦២.០០០ម៉ែត្រគូបដំបូង នឹងត្រូវដាក់លក់ដេញថ្លៃជាប្រាំពីរក្រុមតាមទីតាំងផ្សេងៗ ដែលទីតាំងទាំងអស់នេះនៅស្ថិតក្នុងខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី ២៧ ខែមិថុនា ដល់ថ្ងៃទី ១ ខែកក្កដា។ ហើយនៅថ្ងៃទី ២៧ មិថុនានឹងមានការដេញថ្លៃឈើជាលក្ខណៈខ្នាតធំបំផុតចំនួន ២៦.០០០ម៉ែត្រគូប ធ្វើឡើងនៅចម្ការកៅស៊ូដាយណាម ជាមួយតម្លៃដេញថ្លៃដំបូង៤,៧លានដុល្លារ។

សូមបញ្ជាក់ថា ពីដំបូងឡើយប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានសម្រេចបញ្ជាឲ្យប្រគល់ឈើទាំងអស់ ដែលរឹបអូសបានពីការកាប់ឈើខុសច្បាប់ ទៅឲ្យក្រសួងអប់រំ សម្រាប់ប្រើប្រាស់កសាងសាលារៀន សាងសង់ផ្ទះឲ្យគ្រូបង្រៀន និងច្នៃជាសម្ភារៈប្រើប្រាស់ផ្សេងៗ ក្នុងប្រព័ន្ធអប់រំ។ ប៉ុន្តែក្រោយមកដោយសារក្រសួងមិនមានលទ្ធភាពនៅក្នុងការដឹកជញ្ជូនឈើទាំងនេះលោកនាយករដ្ឋមន្ត្រី ក៏ប្ដូរចិត្តដាក់ដេញថ្លៃជំនួសដើម្បីយកប្រាក់ប្រគល់មកឲ្យក្រសួងអប់រំវិញ៕

 ប្រភពៈ RFI