តុលាការ​ ឃុំខ្លួន២នាក់​បងប្អូន​បង្កើត​ ករណី​ជួញដូរ​គ្រឿងញៀន​

តុលាការ​ ឃុំខ្លួន២នាក់​បងប្អូន​បង្កើត​ ករណី​ជួញដូរ​គ្រឿងញៀន​



ភ្នំពេញ​ ៖ ​បងប្អូន​បង្កើត​២​នាក់ ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​សម្រេច​កាលពី​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៦ ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​បន្ត​ទៀត។

ជនសង្ស័យ​ទាំង២នាក់ ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​ចំការមន ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៦ នៅ​បន្ទប់​ជួល ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

ពាក់ព័ន្ធ​ករណីនេះ លោក ហ៊ាង ថា​រ៉េត អធិការរង​នគរបាល​ខណ្ឌចំការមន​បាន​ឲ្យ​ដឹង​ថា កម្លាំង​ល្បា​ត​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ និង​នគរបាល​ប៉ុស្តិ៍​ទំនប់ទឹក បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ម្នាក់​ឈ្មោះ ជា អាគី ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​ជនសង្ស័យ ​ទី​២​មានឈ្មោះ ជា ដា​រ៉ា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ។​

សមត្ថកិច្ច​បន្ត​ថា មុន​ពេល​ចាប់ខ្លួន​ កម្លាំង​ល្បាត​មូលដ្ឋាន ដោយ​មាន​ការ​សង្ស័យ ​ក៏បាន​ឃាត់​បុរស​ម្នាក់​តាម​ផ្លូវ​ ហើយ​ក៏​ឆែក​ត្រួតពិនិត្យ​រក​ឃើញ​ក្រាម​ស​ថ្លា​១​កញ្ចប់​ រួច​ឈាន​ដល់​ឆែកឆេរ​ដល់​បន្ទប់​ជួល​ ក៏​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ទៀត ជា​បងប្រុស​បង្កើត និង​ឆែកឆេរ​រក​ឃើញ​ក្រាម ​ស​ថ្លា​១២​កញ្ចប់​តូច​ទៀត និង​ជញ្ជឹង​សម្រាប់​ថ្លឹង​ថ្នាំញៀន​ទុកជា​វត្ថុ​តាង​បទល្មើស៕