៤​នាក់​បាន​ស្លាប់ ដោយ​ជំងឺគ្រុនឈាម នៅ​៥​ខែ​ឆ្នាំ​២០១៦

ភ្នំពេញ:
 ជំងឺគ្រុនឈាម ដែល​បាន​កើតមានឡើង ចាប់ពី​ខែមករា រហូតដល់​ខែឧសភា ឆ្នាំ ២០១៦​នេះ មាន​ចំនួន ១.៩១៥​ករណី ក្នុងនោះ ៤​នាក់​បាន​ស្លាប់ បើ​ប្រៀបធៀប ក្នុង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៥ មាន​អត្រា​ត្រឹមតែ ៩៦៧​ករណី និង​អ្នក​បាត់បង់​ជីវិត​ម្នាក់​។​

​លោក​វេជ្ជបណ្ឌិត លាង រិ​ទ្ធា ប្រធាន​ផ្នែក​កម្មវិធី​គ្រប់គ្រង ជំងឺគ្រុនឈាម នៃ​ក្រសួងសុខាភិបាល បានឱ្យដឹង​នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦​នេះ​ថា ការកើនឡើង នៃ​ជំងឺគ្រុនឈាម​នេះ ដោយសារ​បណ្ដាល មកពី​រដូវភ្លៀង​ធ្លាក់ និង​ជា​រដូវវស្សា ចូលមក​ដល់ ដែល​ធ្វើឱ្យមាន​ទឹក​ដក់ បង្ក​កន្លែង​ឱ្យ​មូស ចាប់ផ្ដើម​ពង ឬ​ញាស់ ហើយ​តំបន់​ដែលមាន​អត្រា ឆ្លង​ជំងឺគ្រុនឈាម ខ្ពស់​ជាងគេ នៅ​រាជធានី​ភ្នំពេញ កំពង់ធំ សៀមរាប កណ្តាល កំពង់ឆ្នាំង បន្ទាយមានជ័យ និង​ខេត្ដ​ព្រះវិហារ​។​

​លោក​វេជ្ជបណ្ឌិត ក៏បាន​អំពាវនាវ​ឱ្យ ឪពុកម្តាយ​ការពារ ដល់​កូនតូចៗ និង​សម្អាត​ទីធ្លា នៅ​ជុំវិញ​ផ្ទះ ឱ្យបាន​ស្អាត ហើយ ប្រសិនបើ​មាន នរណាម្នាក់​ក្តៅ​ខ្លូន ត្រូវតែ​បញ្ជូន​គេ ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យបង្អែក ជាបន្ទាន់ ដើម្បី​ពិនិត្យ និង​ព្យាបាល ឱ្យទាន់​ពេលវេលា​៕N