ជិះ​ម៉ូតូ​វ៉ា​ឡាន​ទាក់​ដៃចង្កូត​ជាមួយ​រនាំង​ដែក​ដួល​របួសធ្ងន់​

ជិះ​ម៉ូតូ​វ៉ា​ឡាន​ទាក់​ដៃចង្កូត​ជាមួយ​រនាំង​ដែក​ដួល​របួសធ្ងន់​



ភ្នំពេញ ៖ បុរស​ម្នាក់​ ​ខំ​បើក​ម៉ូតូ​វ៉ា​រថយន្ត​មួយ​គ្រឿង​ តែ​វ៉ា​មិន​ផុត​​ ​បែរជា​ទាក់​ដៃចង្កូត​ជា​មួយ​នឹង​រនាំង​ដែក​ ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ ហើយ​ត្រូវ​បាន​គេ​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​ព្យាបាល​ភ្លាមៗ។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ស្ថិត​ក្នុង​ភូមិ​ក្បាលដំរី ​សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនរងគ្រោះ ​មិន​ទាន់​ត្រូវ​បាន​គេ​​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ​​​​​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ អេស​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​1BW5801 បើកបរ​ពីរ​កើ​តទៅ​លិច ជិះ​ម្នាក់ឯង។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​ម្នាក់​បើក​ម៉ូតូ​យ៉ាង​លឿន​ ហើយ​បាន​វ៉ា​រថយន្ត​មួយ​គ្រឿង​នៅ​ពីមុខ​ខ្លួន​ តែ​វ៉ា​មិន​ផុត​បាន​ជ្រុល​ទៅ​ទាក់​ដៃចង្កូត​នឹង​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​ដួល​បោក​នឹង​ថ្នល់​រង​របួស​ធ្ងន់​តែម្ដង​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ ខណៈ​ពេល​ដែល​ជនរងគ្រោះ​កំពុង​បើក​ម៉ូតូ ​ដោយ​រថយន្ត​បើក​ពីរ​ជួរ​ហើយ​ម៉ូតូ​បាន​បើក​អែប​រនាំង​ដែក ​ទើបបាន​ទាក់​ដៃចង្កូត​ជា​មួយនឹង​រនាំង​ដែក​នោះ​ តែ​រនាំង​ដែក​មិន​មាន​រង​ការខូចខាត​ទេ ​ខូច​តែ​ម៉ូតូ​ផ្នែក​ខាងមុខ​ប៉ុណ្ណោះ។

ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​រថយន្ត​ពេទ្យ​បង្អែក​ពោធិចិនតុង​ដឹក​ទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ដើម្បី​ព្យាបាល​ រីឯ​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​កា​កាប​ជា​បណ្ដោះអាសន្ន៕

ជិះ​ម៉ូតូ​វ៉ា​ឡាន​ទាក់​ដៃចង្កូត​ជាមួយ​រនាំង​ដែក​ដួល​របួសធ្ងន់​

ជិះ​ម៉ូតូ​វ៉ា​ឡាន​ទាក់​ដៃចង្កូត​ជាមួយ​រនាំង​ដែក​ដួល​របួសធ្ងន់​