ក្មេង​ប្រុស​មាន​សតិ​មិន​ប្រក្រតី​ ដើរ​ឆ្លង​ផ្លូវ​ ត្រូវ​ម៉ូតូ​បុក​របួសធ្ងន់​

ក្មេង​ប្រុស​មាន​សតិ​មិន​ប្រក្រតី​ ដើរ​ឆ្លង​ផ្លូវ​ ត្រូវ​ម៉ូតូ​បុក​របួសធ្ងន់​



ភ្នំពេញ ៖ ក្មេង​ប្រុស​ម្នាក់​ដែល​គេ​ដឹង​ថា មាន​សតិ​មិន​ប្រក្រតី​ បាន​ដើរ​ឆ្លង​ផ្លូវ​ ត្រូវ​ម៉ូតូ​បុក​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ ​ហើយ​ម្ចាស់​ម៉ូតូ​ក៏​បាន​ឡើង​ជិះ​​រថយន្ត​សង្គ្រោះ​ទៅ​ជួយ​មើល​ក្មេង​រងគ្រោះ​នោះ​ដែរ។

ហេតុការណ៍​នេះ​ បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១០​ ខែមិថុនា ​ឆ្នាំ​២០១៦​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ​ស្ថិត​ក្នុង​ភូមិ​ក្រាំង​ដូន​ទៃ​ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ក្មេង​ប្រុស​រងគ្រោះ​ខាងលើ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ​តែ​ជា​ក្មេង​រស់នៅ​ក្នុង​ភូមិ​កើតហេតុ​នោះ​តែម្ដង​ ដោយ​គេ​ដើរ​ឆ្លង​ផ្លូវ​ពី​លិច​ទៅ​កើត។ ចំណែក​ម៉ូតូ​បើកបរ​ដោយ​បុរស​ម្នាក់ ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ស៊េរី​ឆ្នាំ​២០១០ ​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AT5283​បើក​ពី​ត្បូង​ទៅ​ជើង​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​ម្នាក់​បើកបរ​ម៉ូតូ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​យ៉ាង​លឿន​ លុះ​មកដល់​ចំណុច​កើតហេតុ​ ស្រាប់​តែ​មាន​ក្មេង​ប្រុស​ខាងលើ​រត់​ឆ្លង​ផ្លូវ​ បណ្ដាល​ឲ្យ​ម៉ូតូ​ជាន់​ហ្វ្រាំង​មិន​ទាន់ ក៏​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​ក្មេង​ប្រុស​ដួល​បោក​នឹង​ថ្នល់​បែក​មុខ​បែក​មាត់​រង​របួស​ធ្ងន់​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ​ក្មេង​ប្រុស​ខាងលើ​ គេ​តែងតែ​ឃើញ​រត់​ឆ្លង​ផ្លូវ​ញឹកញាប់​មិនសូវ​ខ្លាច​ឡាន​ឬ​ម៉ូតូ​បុក​ឡើយ​ ដោយ​រូបគេ​មាន​សតិ​មិន​ប្រក្រតី​ ទើប​បានជា​គេ​មិនសូវ​ដឹង​ពី​បញ្ហា​គ្រោះថ្នាក់​អ្វី​ឡើយ។ ក្រោយពេល​កើតហេតុ​ក្មេង​រងគ្រោះ ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​អង្គភាព​៧១១​ដឹក​ទៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ដើម្បី​ជួយសង្គ្រោះ។ ចំណែក​អ្នក​បើក​ម៉ូតូ​បាន​ឡើងលើ​រថយន្ត​ទៅ​មើល​ក្មេង​ប្រុស​នោះ​ដែរ។ រីឯ​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ចោមចៅ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ៕

ក្មេង​ប្រុស​មាន​សតិ​មិន​ប្រក្រតី​ ដើរ​ឆ្លង​ផ្លូវ​ ត្រូវ​ម៉ូតូ​បុក​របួសធ្ងន់​

ក្មេង​ប្រុស​មាន​សតិ​មិន​ប្រក្រតី​ ដើរ​ឆ្លង​ផ្លូវ​ ត្រូវ​ម៉ូតូ​បុក​របួសធ្ងន់​