ប៉ូលិស​ស្រុក​កោះធំ ឃាត់ខ្លួន​បុរស​ម្នាក់ ជាមួយ​ថ្នាំញៀន​១០​កញ្ចប់​

ប៉ូលិស​ស្រុក​កោះធំ ឃាត់ខ្លួន​បុរស​ម្នាក់ ជាមួយ​ថ្នាំញៀន​១០​កញ្ចប់​



កណ្ដាល ៖ បុរស​ម្នាក់ ត្រូវ​នគរបាល​ស្រុក​កោះធំ ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​ចាត់ការ​តាមច្បាប់ បន្ទាប់ពី​ឆែកឆេរ​រក​ឃើញ​មាន​ថ្នាំញៀន​ចំនួន​១០​កញ្ចប់ នៅ​ជាប់​នឹង​ខ្លួន។ ការ​ឃាត់ខ្លួន​បុរស​រូប​នេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង​១២និង១០​នាទី ថ្ងៃត្រង់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ខាងត្បូង​ស្ពាន​ព្រែក​ឈឹន ​ស្ថិត​ក្នុង​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល។

លោក​វរសេនីយ៍ ឈឿន ប៊ុន​ឆន អធិការ​នគរបាល​ស្រុក​កោះធំ ប្រាប់ ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ វី រ៉េត (​ហៅ​ត្រេ​ត​) ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​មេស្រុក ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្ត​កណ្ដាល ​ត្រូវ​បាន​ឃាត់ខ្លួន​ជាមួយ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ចំនួន​១០​កញ្ចប់​តូច និង​ដកហូត​បាន​ទូរស័ព្ទ​ដៃ​ចុច​ពិល​២​គ្រឿង ព្រមទាំង​កាបូបដៃ​ចំនួន​១។

លោក​អធិការ​បញ្ជាក់​ថា​ កាលពី​វេលា​ម៉ោង​កើតហេតុ​ខាងលើ កម្លាំង​សមត្ថកិច្ច​ជំនាញ​នគរបាល​ស្រុក​កោះធំ​បាន​ចុះ​ល្បាត​ក្នុង​ភូមិ​សាស្ត្រ​របស់​ខ្លួន​។ ពេលនោះ កម្លាំង​ជំនាញ​បាន​ទទួល​ព័ត៌មាន​ពី​មហាជន​ល្អ​ថា ​មាន​ករណី​លួច​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់ នៅ​ចំណុច​ឃាត់ខ្លួន​ខាងលើ។ បន្ទាប់​មក​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​សំពៅ​ពូន ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ជួប​មុខ​សញ្ញា​សង្ស័យ​ឈ្មោះ វី រ៉េត និង​ធ្វើការ​ឆែកឆេរ​រកឃើញ​មាន​វត្ថុតាង​ថ្នាំញៀន​១០​កញ្ចប់​តូច។

តាម​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ បាន​ឆ្លើយ​សារភាព​ថា ថ្នាំញៀន​ខាងលើ គឺ​គេ​បាន​ទិញ​ពី​ឈ្មោះ ងួន នរ​វិសុទ្ធ (​ហៅ ប៉ែត​) ដើម្បី​យក​មក​លក់ និង​ចែកចាយ​ឲ្យ​គេ​។ បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕