បញ្ជូន​ខ្លួន​ជនសង្ស័យ​០២​នាក់​ និង​គ្រឿងញៀន​៤​កញ្ចប់​ ទៅ​តុលាការ

បញ្ជូន​ខ្លួន​ជនសង្ស័យ​០២​នាក់​ និង​គ្រឿងញៀន​៤​កញ្ចប់​ ទៅ​តុលាការ



សៀមរាប ៖ នៅ​ព្រឹក​ថ្ងៃទី​១១ ​ខែមិថុនា ឆ្នាំ​២០១៦ កម្លាំង​អាវុធហត្ថ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​២​នាក់​ទៅ​តុលាការ ពី​បទ​ជួញដូរ​គ្រឿងញៀន ដែល​ឃាត់ខ្លួន​បាន​នៅ​ម៉ោង​០៩​ថ្ងៃទី​១០​ ខែមិថុនា ​ឆ្នាំ​២០១៦​ នៅ​ចំណុច​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង/ខេត្តសៀមរាប ។

លោក​វរសេនីយ៍ទោ ​អ៊ុំ​ សា​អាត ​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ទី​១​ ឈ្មោះ ង្វៀង យាំង​ហុក​ ភេទ​ប្រុស អាយុ១៨ឆ្នាំ ​ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រា​ម ក្រុង​សៀមរាប​ ​ពី​បទ​ចាត់ចែង ទី​២​ឈ្មោះ​ឈាន រត​នៈ ភេទ​ប្រុស អាយុ២២ឆ្នាំ​ រស់នៅ​ភូមិ​វិហា​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​ ពី​បទ​ជួញដូរ។

ជាមួយនឹងការឃាត់ខ្លួននេះ សមត្ថកិច្ច​រឹបអូស​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​០៤​កញ្ចប់​តូច មាន​ទម្ងន់​ស្មើ​នឹង​០.៥​ក្រាម ទូរស័ព្ទ​២​គ្រឿង និង​ឧបករណ៍​ប្រើប្រាស់​ និង​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួន។ ជនសង្ស័យ និងវត្ថុតាង​ ត្រូវបាននាំ​យក​មក​ការិយាល័យ ​ដើម្បី​សាក​សួរ​។

បច្ចុប្បន្ន​ សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន និង​វត្ថុ​តាង​ ទៅ​តុលាការខេត្ត​នៅ​ព្រឹក​ថ្ងៃទី​១១​​ ខែមិថុនា ​ឆ្នាំ​២០១៦​ ដើម្បី​ចាត់ការ​តាមច្បាប់​៕