ពលរដ្ឋ​នៅ​មណ្ឌលគិរី​ម្នាក់​ត្រូវ​ឃាត់​ខ្លួន​ពី​បទ​សង្ស័យ​រក្សា​ទុក​ក្បាល​សត្វ​ព្រៃ​កម្រ

រដ្ឋបាល​ព្រៃឈើ​ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី បាន​ឃាត់​ខ្លួន​ពលរដ្ឋ​ម្នាក់ ដែល​ជាប់​សង្ស័យ​ថា បាន​រក្សា​ទុក​ក្បាល​សត្វ​ព្រៃ​ដ៏​កម្រ និង​ជិត​ផុត​ពូជ​នៅ​កម្ពុជា ​ក្នុង​ផ្ទះ។

នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កោះញែក លោក ឈួន សេរីវឌ្ឍន៍ ថ្លែង​ថា កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ក្រុម​ចម្រុះ​បាន​ធ្វើ​សកម្មភាព​ទប់ស្កាត់​ការ​ជួញដូរ​សត្វព្រៃ​នៅ​ស្រុក​កោះញែក។ លោក​ថា ក្រុម​ការងារ​បាន​ឃាត់​ខ្លួន​ពលរដ្ឋ​ម្នាក់​ដែល​បាន​រក្សា​ទុក​ក្បាល​សត្វ​ខ្ទីង​ចំនួន ២​ក្បាល និង​សត្វ​ទន្សោង​ចំនួន ៣​ក្បាល ជា​ប្រភេទ​សត្វ​កំពុង​រងគ្រោះ និង​ជិត​ផុត​ពូជ​នៅ​កម្ពុជា។

លោក​ថា លោក​នឹង​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​កាន់​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី៖ «គាត់​ទិញ​ពី​គេ​មក​ទុក។ មើល​ច្បាប់​មាត្រា​៩៦ ចំណុច​ទី​១៧ នៅ​ពេល​គាត់​អត់​បង់​ពិន័យ​បាន​យើង​បញ្ជូន​ទៅ​តុលាការ»

ជនសង្ស័យ​ដែល​ជាប់​ពាក់ព័ន្ធ​សំណុំ​រឿង​នេះ មាន​ឈ្មោះ អ៊ុន សាវុធ ភេទ​ប្រុស អាយុ ៥០​ឆ្នាំ រស់​នៅ​ភូមិ​រាំងសី ឃុំ​ស្រែដង្កុំ ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី។ លោក​ត្រូវ​រដ្ឋបាល​ព្រៃឈើ​ស្រុក​កោះញែក ចោទ​ពី​បទ​ធ្វើ​សន្និធិសំណាក ឬ​រក្សា​ទុក​សត្វ​ព្រៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។