អាជ្ញាធរ​ខេត្ត​រតនគិរី​និង​មណ្ឌលគិរី​បន្ត​រឹត​បន្តឹង​ចលនា​ដើរ​ផ្ដិត​មេដៃ​អ្នក​គាំទ្រ​ញត្តិ​បក្ស​ប្រឆាំង

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​បារម្ភ​ចំពោះ​ការ​រឹត​បន្តឹង​សេរីភាព​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​​ពលរដ្ឋ​ទាក់ទិន​ការ​ផ្ដិត​មេដៃ​គាំទ្រ​ញត្តិ​សុំ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះឆ្នោត​ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ។ ការ​បារម្ភ​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​សមត្ថកិច្ច​នៅ​ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី ឃាត់​ខ្លួន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ បន្ទាប់​ពី​សង្ស័យ​ថា ពួកគេ​ជាប់​ពាក់ព័ន្ធ​រឿង​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ។

មនុស្ស​ចំនួន ៤​នាក់ ក្នុង​នោះ ៣​នាក់​ជា​ពលរដ្ឋ​នៅ​ខេត្ត​រតនគិរី និង​ម្នាក់​ជា​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ខេត្ត​មណ្ឌលគិរី ថា​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ឃាត់​ខ្លួន និង​កោះហៅ​ទៅ​សាកសួរ​ពី​បទ​សង្ស័យ​​ដើរ​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី លោក សល់ ប្លន់ បញ្ជាក់​ថា សាច់ញាតិ​គាត់​ចំនួន​​បី​នាក់ ត្រូវ​ប៉ូលិស​ស្រុក​អណ្ដូងមាស ឃាត់​ខ្លួន​នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១០ ខែ​មិថុនា ដោយ​សង្ស័យ​ថា ពួកគេ​ទាំង​បី​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ឃុំ​ប៉ក់ញ៉ៃ ស្រុក​អណ្ដូងមាស ដើម្បី​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ។ ជន​ទាំង​បី​ដែល​ប៉ូលិស​ឃាត់​ខ្លួន​មាន​ឈ្មោះ សល់ ពីន សល់ ពិនី និង សល់ ប្រុញ។ ពួកគេ​ជា​អ្នក​កាន់​សាសនា​គ្រិស្ត ហើយ​ធ្វើ​ដំណើរ​ទៅ​ពិភាក្សា​រឿង​សាសនា៖ «គេ​ចាប់​ហ្នឹង​ខ្ញុំ​យល់ថា​មិន​សម​ហេតុផល​ទេ គេ​សង្ស័យ​ថា ពួក​ហ្នឹង​ទៅ​ផ្ដិត​មេដៃ​ដាក់​ញត្តិ​មិន​មែន​ទេ អា​នេះ​មិន​មែន​បណ្ដាញ​ខាង​គណបក្ស​ទេ គឺ​ក្រុម​ជំនុំ​គ្រិស្ត​សាសនា»

​ចំណែក​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​ស្រែសង្គម ស្រុក​កោះញ៉ែក ខេត្ត​មណ្ឌលគិរី លោក លាង លាត អះអាង​ដែរ​ថា មេ​ឃុំ​ស្រែសង្គម បាន​ព្រមាន​គាត់​មិន​ឲ្យ​ដើរ​ប្រមូល​ស្នាម​មេដៃ និង​ធ្វើ​លិខិត​កោះហៅ​លោក​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​សាលាឃុំ​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​មិថុនា ដោយសារ​លោក​បាន​ដើរ​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​ញត្តិ​ដាក់​ថ្វាយ​ព្រះមហាក្សត្រ៖ «ថា​ដើរ​ផ្ដិត​មេដៃ​មាន​សុំ​អ្នក​ណា​ទេ ខ្ញុំ​ថា អត់​សុំ​ទេ ក្រុមប្រឹក្សា​ស្រុក​គាត់​ឲ្យ​មក​ផ្ដិត​មេដៃ។ បើ​ខ្ញុំ​ផ្ដិត​មេដៃ​ទៅ​រដ្ឋ​ប្រហារ​រដ្ឋាភិបាល​ឲ្យ​ចលាចល។ នេះ​គ្រាន់តែ​ធ្វើ​សុំ​ឲ្យ​ព្រះមហាក្សត្រ​ជួយ​ដោះលែង​តែ​ប៉ុណ្ណឹង​ទេ ខ្ញុំ​ជា​ប្រជាពលរដ្ឋ»

អ្នក​នាំ​ពាក្យ​និង​ជា​អភិបាល​រង​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន ថ្លែង​ថា សកម្មភាព​ដើរ​ផ្ដិត​មេដៃ​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​នៅ​មូលដ្ឋាន។ ចំណែក​អាជ្ញាធរ​បារម្ភ​ខ្លាច​មាន​ការ​បង្ខិតបង្ខំ​ណា​មួយ​ទាក់ទិន​សកម្មភាព​ផ្ដិត​មេដៃ ទើប​ទប់ស្កាត់​បញ្ហា​នេះ​កុំ​ឲ្យ​រីក​រាលដាល​ប៉ះពាល់​សុវត្ថិភាព​ប្រជាពលរដ្ឋ។ លោក​ថា អាជ្ញាធរ​មិន​បាន​ចាប់​ខ្លួន​នរណា​ម្នាក់​ក្នុង​រឿង​ផ្ដិត​មេដៃ​នេះ​ទេ៖ «វា​មាន​ភាព​រញ៉េរញ៉ៃ យើង​ខ្លាច​មាន​ការ​បង្ខិតបង្ខំ ណា​មួយ​មើល​ទៅ​ដូចជា​ចលាចល អសន្តិសុខ​មិន​សូវ​ល្អ»

​ចំណែក​មេ​ឃុំ​ស្រែសង្គម លោក កែវ ស៊ីណង់ បញ្ជាក់​ដែរ​ថា ប្រជាពលរដ្ឋ​បាន​អះអាង​ប្រាប់​អាជ្ញាធរ​ថា មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ប្រើប្រាស់​ព្រះ​បរមនាថ​ព្រះមហាក្សត្រ​ឲ្យ​ប្រជាពលរដ្ឋ​គាំទ្រ​ផ្ដិត​មេដៃ​លើ​ញត្តិ​ដាក់​ថ្វាយ​ព្រះអង្គ ទើប​អាជ្ញាធរ​កោះហៅ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ មក​ឆ្លើយ​ទល់​មុខ​ប្រជាពលរដ្ឋ​បញ្ជាក់​ការ​ពិត៖ «គាត់​ដើរ​បំផុស​ប្រជាពលរដ្ឋ​ថា ព្រះករុណា​ឲ្យ​ផ្ដិត​មេដៃ​ទៅ​ដោះលែង​អ្នកទោស។ គោលការណ៍​ខេត្ត​ឲ្យ​​ទប់ស្កាត់​សម្រាប់​តវ៉ា​សុំ​ធ្វើ​បាតុកម្ម​សុំ​ដោះលែង។ គាត់​ថា​មិន​ឲ្យ​មាន​ទេ ព្រោះ​ជា​រឿង​របស់​ច្បាប់»

យ៉ាង​ណា​ក៏ដោយ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក ប្រចាំ​ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី កត់សំគាល់​ស្រដៀង​គ្នា​ថា ការ​ដើរ​ប្រមូល​ស្នាម​មេដៃ​គាំទ្រ​ញត្តិ​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​ដោយ​ស្ម័គ្រ​ចិត្ត​គឺ​ជា​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ និង​សកម្មជន​បក្ស​នយោបាយ​ដែល​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​បុគ្គល​សាធារណៈ ឬ​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ​ណា​ឡើយ។ មន្ត្រី​សិទ្ធិមនុស្ស​ទាំង​ពីរ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​រឹត​បន្តឹង​សេរីភាព​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ និង​សកម្មជន​នយោបាយ​ដើម្បី​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ប្រសើរ​ឡើង​វិញ។

ចាប់​ពី​ដើម​សប្ដាហ៍​រហូត​មក នៅ​ខេត្ត​មណ្ឌលគិរី មាន​ករណី​អាជ្ញាធរ​ឃាត់​ខ្លួន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​ករណី និង​នៅ​ខេត្ត​រតនគិរី ការ​ឃាត់​ខ្លួន​ដូច​គ្នា​នេះ​មាន​ពីរ​ករណី ប៉ុន្តែ​មិន​មាន​ការ​ឃុំ​ខ្លួន​នរណា​ម្នាក់​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។