ឃាត់ខ្លួន​មន្ត្រី​សាលាខេត្ត និង​ប៉ូលិស ដែល​បែកគំនិត​ចេះ​ជួញដូរ​គ្រឿងញៀន​

ឃាត់ខ្លួន​មន្ត្រី​សាលាខេត្ត និង​ប៉ូលិស ដែល​បែកគំនិត​ចេះ​ជួញដូរ​គ្រឿងញៀន​



បាត់ដំបង ៖ ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​ ហើយក៏​ម្នាក់ៗ​ជា​មន្ត្រីរាជការ​ផង ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត តាម​ប្រមាញ់​ និង​ឃាត់ខ្លួន​បាន ខណៈ​ដែល​ពួកគេ​កំពុង​ត្រៀម​រៀបចំ​ទំនិញ​ ដើម្បី​បញ្ជូន​ទៅ​ឲ្យ​ម៉ូយ​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​មួយ​កន្លែង​កណ្ដាល​ក្រុង​បាត់ដំបង។

លោក​សូ ឌី ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បាន​លើក​ឡើង​ថា នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​០៩ ខែ​មិថុនា ឆ្នាំ​២០១៦ ក្រោយ​ពី​លោក​បាន​ទទួល​នូវ​ព័ត៌មាន​ស្ដីពី​ករណី​ជួញដូរ​គ្រឿងញៀន​មួយ ដែល​កំពុង​ប្រព្រឹត្ត​នៅ​ក្នុង​ផ្ទះសំណាក់ ហូ​លី​ដេ ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង, ភ្លាមៗ​នោះ​ដែរ លោក​ក៏បាន​ចាត់តាំង​កម្លាំង​ចេញ​ប្រតិបត្តិការ​ទៅកាន់​ផ្ទះសំណាក់​នោះ​ដោយ​មុខ​សញ្ញា​កំពុង​ស្ថិត​ក្នុង​បន្ទប់​លេខ ៣០៥ និង​ដោយមាន​ការ​សហការ​ជាមួយនឹង​ម្ចាស់ផ្ទះ​សំណាក់​នោះ​ផង ទើប​កម្លាំង​សមត្ថកិច្ច​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​ពួកគេ​កំពុង​រៀប​ចំ​គ្រឿងញៀន​បញ្ចេញ​ឲ្យ​ទៅ​តាម​ម៉ូយ។​

មុខសញ្ញា​ដែល​ជា​មន្ត្រីរាជការ​ទាំង​នោះ​គឺ ១-​ឈ្មោះ សេង គឹម​ស្រៀ​ង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខ​របរ​ជា​មន្ត្រី​សាលាខេត្ត​បាត់ដំបង រស់នៅ​ភូមិ​កំពង់​សំបួរ ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ទី​២-​ឈ្មោះ កែវ សុវ​ត្ថិ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​ចំការ​សំរោង សង្កាត់​ចំការ​សំរោង ក្រុង​បាត់​ដំ​ប​ង ទី​៣-​ឈ្មោះ ធុច សុភា​រុណ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជា​មន្ត្រី​នគរបាល បម្រើការ​នៅក្នុង​អធិ​ការ​ដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​រស់នៅ​ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង។​

ក្នុង​កិច្ចប្រតិបត្តិការ​នេះ​ដែរ​ កម្លាំង​មន្ទីរ​យុត្តិធម៌ បាន​ធ្វើ​ការ​ដកហូត​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​០៦​កញ្ចប់ ដែល​មាន​ទម្ងន់ ១១០,៦៨ ក្រាម ទូរស័ព្ទ​ដៃ ០៤ គ្រឿង​ ម៉ូតូ​០១​គ្រឿង។

​បច្ចុប្បន្ន​ ជនសង្ស័យ និង​វត្ថុ​តាង កំពុង​ឃាត់ខ្លួន​នៅ​ការិយាល័យ​ជំនាញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ៕

ឃាត់ខ្លួន​មន្ត្រី​សាលាខេត្ត និង​ប៉ូលិស ដែល​បែកគំនិត​ចេះ​ជួញដូរ​គ្រឿងញៀន​