ឃាត់​ខ្លួន​ជនជាតិ​វៀតណាម​ពីរ​នាក់​ប្តី​ប្រពន្ធ​ ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​គ្រឿងញៀន ​នៅ​ព្រំដែន​ជ្រៃ​ធំ

ឃាត់​ខ្លួន​ជនជាតិ​វៀតណាម​ពីរ​នាក់​ប្តី​ប្រពន្ធ​ ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​គ្រឿងញៀន ​នៅ​ព្រំដែន​ជ្រៃ​ធំ



កណ្ដាល​ ៖​ បុរស ស្ត្រី​ពីរ​នាក់​ប្តី ប្រពន្ធ​ជា​ជនជាតិ​វៀតណាម​ ត្រូវ​កម្លាំង​នគរបាល​ស្រុក​កោះធំ​ធ្វើការ​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​០៩​និង​៣០​នាទី​ ត្រង់​ចំណុច​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​គ្រឿងញៀន។

លោក​វរសេនីយ៍ ឈឿន​ ប៊ុន​ឆន អធិការ​នគរបាល​ស្រុក​កោះធំ ​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ ពីរនាក់ ​គឺ​១/-​ឈ្មោះ ង្វៀង យ៉ាំង​ប៊ែ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​(​ប្តី​) ជនជាតិ​វៀតណាម ​មាន​ទីលំនៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល មុខរបរ មិន​ពិតប្រាកដ។ ២/-​ឈ្មោះ ង្វៀង ធី​ឡង ភេទ​ស្រី អាយុ​៣៤​ឆ្នាំ​(​ប្រពន្ធ​)​ជនជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្តាល មុខរបរ មិន​ពិតប្រាកដ។ ក្នុង ពេល​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​ឆែក​រក​ឃើញ​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ចំនួន ០៩​កញ្ចប់​តូច។

លោក​អធិការ​បាន​រៀបរាប់​ឲ្យ​ដឹង​ទៀត​ថា ​កាលពី​វេលា​ម៉ោង​កើតហេតុ​ខាងលើ ​កម្លាំង​សមត្ថកិច្ច​ជំនាញ​នគរបាល​ស្រុក​កោះធំ​បាន​ចុះ​ល្បាត​ ក្នុង​ភូមិ​សាស្ត្រ​របស់​ខ្លួន។ ពេល​នោះ​កម្លាំង​ជំនាញ​បាន​ទទួល​ព័ត៌មាន​ពី​មហាជន​ល្អ​ថា ​មាន​ករណី​លួច​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់ នៅ​ចំណុច​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល។ បន្ទាប់មក​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​សំពៅ​ពូន ​ចុះ​ធ្វើការ​ស្រាវជ្រាវ​នៅ​ចំណុច​ខាងលើ​រហូត​ជួប​មុខសញ្ញា​សង្ស័យ​ឈ្មោះ ង្វៀង យ៉ាំង​ប៊ែ និង​ឈ្មោះ ង្វៀង ធី​ឡង (​ប្តី​+​ប្រពន្ធ​) និង​ធ្វើការ​ឆែកឆេរ​រក​ឃើញ​មាន​វត្ថុ​តាង​ថ្នាំញៀន ០៩​កញ្ចប់​តូច។

តាម​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ​ឈ្មោះ ង្វៀង យ៉ាំង​ប៊ែ និង​​ឈ្មោះ ង្វៀង ធី​ឡង បាន​ឆ្លើយ​សារភាព​ថា ថ្នាំញៀន​ខាងលើ​គឺ​ពិតជា​ថ្នាំញៀន​របស់​ខ្លួន​ទិញ​យក​មក​លក់ ​និង​ចែកចាយ​ឲ្យ​គេ ពិត​ប្រាកដ​មែន។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ និង​វត្ថុតាង ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរ​បាល​ស្រុក​កោះធំ​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕
ឃាត់​ខ្លួន​ជនជាតិ​វៀតណាម​ពីរ​នាក់​ប្តី​ប្រពន្ធ​ ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​គ្រឿងញៀន ​នៅ​ព្រំដែន​ជ្រៃ​ធំ