បើក​រថយន្ត​បត់​មិន​ប្រយ័ត្ន​បុក​ជាមួយ​ម៉ូតូ​ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​

បើក​រថយន្ត​បត់​មិន​ប្រយ័ត្ន​បុក​ជាមួយ​ម៉ូតូ​ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​



សៀមរាប ​៖​ គ្រោះថ្នាក់​ចរាចរណ៍​​ដ៏​រន្ធត់​មួយ ​បាន​កើត​ឡើង​​ ​ដោយសារ​អ្នកបើកបរ​រថយន្ត​បត់​មិន​ប្រយ័ត្ន​ ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​ក្នុង​ទិសដៅ​ច្រាស​គ្នា​ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ ​បាន​កើត​ឡើង ​នៅ​ចំណុច​ផ្លូវ​ចូល​សាលាស្រុក​ពួក ​ស្ថិតនៅ​ក្នុង​ភូមិ​គោក​ថ្មី​ ឃុំ​ពួក ​ស្រុក​ពួក​ ខេត្ត​សៀមរាប​ នៅ​វេលា​ម៉ោង​១៣​ ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៦។ លោក​វរសេនីយ៍ត្រី​ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក ​បាន​ឲ្យ​ដឹង​ថា ក្រោយពី​ទទួល​បាន​ដំណឹង​ថា​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​កម្លាំង​នគរបាល​បាន​ចុះទៅ​ពិនិត្យមើល​កន្លែង​កើតហេតុ​ភ្លាមៗ ​និង​ធ្វើការ​វាស់វែង។ លោក​បន្ត​ថា ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ បណ្ដាលមកពី​អ្នកបើកបរ​រថយន្ត​ បើក​ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច​ លុះដល់​ចំណុច​កើតហេតុ​បាន​បត់​ឆ្វេង​ចូល​តាម​ផ្លូវ​សាលាស្រុក​ ដោយ​មិន​មាន​ការប្រុងប្រយ័ត្ន​ ទើប​ធ្វើ​ឲ្យ​ម៉ូតូ​ដែល​បើក​បញ្ច្រាស​ទិស​គ្នា​ពី​លិច​ទៅ​កើត ​បុក​ពេញទំហឹង​តែម្តង។

លោក​បន្ថែម​ថា បុរស​​អ្នក​បើក​ម៉ូតូ​ខាងលើ​មាន ​ឈ្មោះ​ អុត អឿង អាយុ​២៧​ឆ្នាំ​ ​មាន​ទីលំនៅ​ភូមិ​ស្រម៉ ​ឃុំ​ល្វា ​ស្រុក​ពួក​ ខេត្ត​សៀមរាប ​​​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឲ្យ​រន្ធត់(ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ) ​ក្រោយ​ពី​បើក​ម៉ូតូ​​ម៉ាក​ឌ្រី​ម​សង់​សេ​១២៥​ផលិត​នៅ​ឆ្នាំ​២០០៧​ពណ៌​ខ្មៅ ​ទៅ​បុក​ជាមួយ​រថយន្ត​ពណ៌​ទឹក​ប៊ិច​ពាក់​ស្លាក​លេខ​ភ្នំពេញ​2G:6556​ បើកបរ ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ(ចុះ​រត់គេច​ខ្លួន​បាត់​)។

បច្ចុប្បន្ន​សព​ជនរងគ្រោះ​ ត្រូវ​បាន​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ រីឯ​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​កម្លាំង​នគរបាល ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​យក​ទៅ​រក្សាទុក​ ដើម្បី​កសាង​សំណុំ​រឿង​ទៅតាម​នីតិវិធី​ច្បាប់​៕