ប្លន់​! ប្លន់! យ៉ាងកក្រើកនៅភ្នំពេញថ្មី

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៩ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១១ មិថុនា ២០១៦ នេះ ស្ថិត​នៅ​ចំណុច​ផ្ទះ​ប្តូរ​​ប្រាក់ និង​បោះពុម្ព យីហោ​ «​ម៉ា​រី​បោះពុម្ព​» ស្ថិត​តាម​ផ្លូវ​លេខ​១០០៧ ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មាន​​ករណី​ប្លន់​ប្រដាប់​អាវុធ​យ៉ាង​​សាហាវ ។

​ជន​សង្ស័យ​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង បាន​មក​ឈប់​ធ្វើ​ជា​​ដូរ​លុយ រួច​ឆ្លៀត​ឱកាស​ ដក​យក​កាំភ្លើងខ្លី​ភ្ជង់​ម្ចាស់ផ្ទះ​ ឆក់​យក​កាបូប​​លុយ និង​ប្រមូល​គ្រឿងអលង្ការ ដែល​គិត​ជា​ប្រាក់​អស់​ចំនួន​២​ម៉ឺន​ដុល្លារ ហើយ​​គេចខ្លួន​ដោយ​សុវត្ថិភាព ​។ ក្នុង​ហេតុ​ការណ៍​នោះ​ ​​ស្ត្រី​ចំណាស់​ម្នាក់​បាន​រង​របួស​បែក​ក្បាល​ធ្ងន់​ បន្ទាប់​ពី​បាន​ប្រតាយប្រតប់​ជាមួយ​ក្រុម​ចោរ ។

ស្ត្រី​ម្ចាស់ផ្ទះ​ត្រូវ​គេ​ស្គាល់ឈ្មោះ​អ៊ិ​ន សុទ្ធា​វី អាយុ​៤៦​ឆ្នាំ ជា​អ្នក​ដូរ​លុយ និង​បោះពុម្ព ។ ចំណែក​ស្ត្រី​ចំណាស់​​​រង​របួស​ឈ្មោះ​ស្រី យ៉ា​ន អាយុ​៥០​ឆ្នាំ ជា​អ្នក​នៅ​ជាមួយ ។

ប្រភព​បន្ត​ថា នៅ​វេលា​ខាងលើ​នោះ មាន​ជនសង្ស័យ​៣​នាក់​ជិះ​២​គ្រឿង​មិន​មាន​ស្លាក​លេខ មក​ឈប់​នៅ​កន្លែង​កើតហេតុ រួច​ជន​សង្ស័យ​ម្នាក់ ​ដើរ​ចូល​មក​ដោយ​កាន់​ក្រដាសប្រាក់​ដុល្លារ​៥០ ​មក​ដូរ ។ ស្ត្រី​ម្ចាស់​ផ្ទះ​បាន​ទាញ​កាបូប​ បម្រុង​ដូរ​លុយ​ឱ្យ ស្រាប់តែ​ជនសង្ស័យ​ដក​កាំភ្លើង​ភ្ជង់​​គំរាម ដោយ​ឆក់​កាបូប​ពី​ស្ត្រី​រូប​នោះ និង​ប្រមូល​គ្រឿងអលង្ការ​ក្នុង​ទូ​ផង​​ដែរ ។ ភ្លាម​នោះ ត្រូវ​ស្ត្រី​ចំណាស់​​នៅ​ជាមួយ​ដើរមក​ទាន់ ក៏​បាន​វាយ​ប្រតាយ​ប្រតប់​ជាមួយ ក៏​ត្រូវ​បក្សពួកគ្នាវា​​២​នាក់ ​ចុះ​មកជួយ​​វាយ​ស្ត្រី​ចំណាស់​​នោះ បណ្តាល​ឱ្យ​បែកក្បាល​របួស​យ៉ាងធ្ងន់ធ្ងរ រួច​ក្រុម​ជនសង្ស័យ ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់ ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​។

បើ​តាម​ការ​អះអាង​ពី​ស្ត្រី​ម្ចាស់ផ្ទះ​ឱ្យ​ដឹង​ថា ទ្រព្យសម្បត្តិ​ដែល​ត្រូវ​ចោរ​យក​ទៅ​ ​គិត​ជា​ប្រាក់​អស់​ចំនួន​២​ម៉ឺន​ដុល្លារ ក្នុង​នោះ​មាន​ប្រាក់​ដុល្លារ​ចំនួន​១​ម៉ឺន​ដុល្លារ​, ប្រាក់​ខ្មែរ​៥​លាន​រៀល និង​ខ្សែ​.​ក​ខ្សែដៃ​មាន​ដាំ​ពេជ្រ​ផង​ដែរ ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​​ធ្វើការ​ស្រាវ​ជ្រាវ​រក​មុខសញ្ញាហើយ ។