ល្ងាច​នេះ ប៉ូលិស​ឬ​ឈ្នះ​វេស្ទើន ​​ស្គាល់​ជ័យជម្នះ​លើក​ដំបូង?

ក្លឹប​បាល់ទាត់​អគ្គ​ស្នងការ​ដ្ឋាន​នគរ​បាលជាតិ ​និង​វេស្ទើន​ភ្នំពេញ សុទ្ធ​តែ​ជា​ក្រុម​មិន​ទាន់​ស្គាល់​ជ័យជម្នះ​នោះ​ទេ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា ដោយ​៨​ប្រកួត​មក​ហើយ​ពួកគេ​បាន​ត្រឹម​តែ​ស្មើ​និង​ចាញ់​ប៉ុណ្ណោះ។ ចាំ​មើល​ល្ងាច​នេះ​វិញ​ក្រុម​ទាំង​ពីរ​ត្រូវ​ប៉ះ​គ្នា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​វេលា​ម៉ោង​៦​ល្ងាច ថា​តើ​នរណា​ជា​អ្នក​ស្គាល់​ជ័យជម្នះ​ក្នុង​សប្ដាហ៍​ទី​៩​នេះ?

 

ល្ងាច​នេះ ប៉ូលិស​ឬ​ឈ្នះ​វេស្ទើន ​​ស្គាល់​ជ័យជម្នះ​លើក​ដំបូង?ក្រុមប៉ូលិស

 

ប្រវត្តិ​ជួប​គ្នា​របស់​ក្រុម​ទាំង​ពីរ

 

​វេស្ទើន​មាន​កំណត់​ត្រា​មិន​ដែល​ឈ្នះ​ប៉ូលិស​ម្ដង​ណា​ទេ ដោយ​ប្រកួត​៧​ដង​កន្លង​មក​នេះ​បាន​ត្រឹម​ស្មើ​១​ដង​និង​ចាញ់​៦​ដង។ ខណៈ​ដែល​ប្រកួត​ចុង​ក្រោយ​របស់​ពួកគេ ​ក្រុម​វេស្ទើន​ចាញ់​ដោយ​លទ្ធផល ២-០ ។

 

នៅ​រដូវ​កាល​នេះ ប៉ូលិស​ជា​ក្រុម​ដែល​ស្មើ​ច្រើន​ជាង​គេ ដោយ​៨​ប្រកួត​ស្មើ​៤​ប្រកួត និង​ចាញ់​៤​ប្រកួត ដោយ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៩​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា។ ចំណែក​ឯ​ក្រុម​វេស្ទើន​វិញ ​ឈរ​នៅ​លេខ​១០​បាត​តារាង។

 

ជើង​កីឡាករ

 

កីឡាករ ទិត្យ ឌីណា ​និង ស៊ុន វ៉ាន់ដេត ​អាច​នឹង​ចូល​លេង​បាន​ក្នុង​ប្រកួត​នេះ បន្ទាប់​ពី​ពួកគេ​ត្រលប់​មក​ពី​លេង​ឱ្យ​ជម្រើស​ជាតិ​វិញ ហើយ​បាន​សម្រាក​គ្រប់​គ្រាន់។ ចំពោះ​ក្រុម​វេស្ទើន​វិញ ​គ្មាន​កីឡាករ​ជាប់​ជម្រើស​ជាតិ​ដែល​ត្រូវ​រវល់​នោះ​ទេ ដូច្នេះ​ប្រកួត​ល្ងាច​នេះ​អាច​និយាយ​បាន​ថា​ពួកគេ​ពេញ​ជើង​តែ​ម្ដង។

 

​ការ​ប្រកួត​នេះ​ដែរ ក៏​មាន​ចាក់​ផ្សាយ​តាម​ទូរទស្សន៍ BTV News ផង​ដែរ?

 

អត្ថបទ៖ មុន្នី រម្យ