អ្នកនាំពាក្យ គ​.​ជ​.​ប ថា នឹង​អនុគ្រោះ​ប្រសិនបើ​លោក រស់ សា​រ៉ុ​ម ធ្វើ​សន្និសីទ​សារព័ត៌មាន​ប្រកាស​ជា​សាធារណៈ​

អ្នកនាំពាក្យ គ​.​ជ​.​ប ថា នឹង​អនុគ្រោះ​ប្រសិនបើ​លោក រស់ សា​រ៉ុ​ម ធ្វើ​សន្និសីទ​សារព័ត៌មាន​ប្រកាស​ជា​សាធារណៈ​



ភ្នំពេញ​ ៖ ​មន្ត្រី​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) លោក ហង្ស ពុទ្ធា បាន​ថ្លែង​ថា នឹង​មិន​ប្តឹង​ផ្តល់​ទេ ប្រសិនបើ​លោក រស់ សា​រ៉ុ​ម ធ្វើ​សន្និសីទ​សារព័ត៌មាន​ប្រកាស​ជា​សាធារណៈ ពីព្រោះ​តាមរយៈ​បណ្តឹង​លោក រស់ សា​រ៉ុ​ម នេះ បាន​ធ្វើ​ឲ្យ គ​.​ជ​.​ប បាត់​បង់​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​របស់​ខ្លួន​។

លោក ហង្ស ពុទ្ធា ថ្លែងប្រាប់​កម្ពុជា​ថ្មី​កាលពី​រសៀល​ទី​១០ ខែមិថុនា ឆ្នាំ​២០១៦ ថា គ​.​ជ​.​ប បាន​សង្កេត​ឃើញ​ថា គាត់​មានការ​បន្ទន់​ឥរិយាបថ ដោយមាន​ការ​ធ្វើ​លិខិត​សុំ​អភ័យទោស ​ហើយ​បាន​ផ្អែក​ទៅលើ​លិខិត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផង​ដែរ ប៉ុន្តែ​អ្វី​ដែល គ​.​ជ​.​ប បាត់បង់ គឺ​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ ដែល​ជា​ទំនុក​ចិត្ត​របស់​ប្រជាពលរដ្ឋ ពីព្រោះ​គាត់​យល់ថា ជា​ស្ថាប័ន​មួយ​ឯករាជ្យ។ ម្យ៉ាងទៀត​បុគ្គល​ចំនួន​៤ រូប​ត្រូវ​បាន​លោក រស់ សា​រ៉ុ​ម រំលេច​ឡើង ដោយ​បាន​បង្ហាញ​ថា ជា​ជន​ពុករលួយ និង​បាន​ប្រើ​ពាក្យ គ​.​ជ​.​ប ទំនើង​ជាដើម ដូច្នេះ​អ្វី​ដែល​គាត់​ធ្វើជា​សាធារណៈ​តាមរយៈ​សន្និសីទ​សារព័ត៌មាន ដូច្នេះ​ជា​ការ​ល្អ​លោក រស់ សា​រ៉ុ​ម គួរ​ធ្វើ​សន្និសីទ​សារព័ត៌មាន ដើម្បី​ជួយ​លាង​ឲ្យ គ​.​ជ​.​ប ចំពោះ​អ្វី​ដែល​គាត់​បាន​លើកឡើង។

លោក ហង្ស ពុទ្ធា បាន​អះអាងថា “​ប្រសិន​ធ្វើ​បែបនេះ​បាន គ​.​ជ​.​ប នឹង​មាន​អធ្យាស្រ័យ អត់ឱន​ចំពោះ​បញ្ហា​ហ្នឹង ប៉ុន្តែ​មិន​មានន័យថា លើកទឹកចិត្ត​ឲ្យ​អ្នកណា ក៏​ចេះតែ​ប្តឹង ចេះតែ​និយាយ​មិន​សម​ហេតុផល​ចឹ​ង​បានទេ ផ្ទុយទៅវិញ គ​.​ជ​.​ប ទីមួយ​នឹង​ខិតខំ​គោរព​តួនាទី និង​អនុវត្ត​ភារកិច្ច​លើ​ការ​រៀបចំ​ការបោះឆ្នោត​ឲ្យ​បាន ហើយ​ទី​ពីរ ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​មេត្តា​យោគយល់ បើ​មាន​បញ្ហា​អ្វី​ត្រូវ​ទំនាក់ទំនង​មក​ផ្ទាល់ កុំ​អង្គុយ​ស្រមៃ​ខ្លួនឯង ហើយ​ដាក់​បញ្ហា​មក គ​.​ជ​.​ប “។

ទាក់ទង​បញ្ហា​នេះ លោក រស់ សា​រ៉ុ​ម ប្រធាន​សមាគម​ជ័យ​លាភី​បញ្ញាជន​កម្ពុជា ហើយ​អះអាង​ថា ខ្លួន​ជា​ប្អូនថ្លៃ​លោក អេង ឆៃអ៊ាង មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ផង​នោះ បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៦ ថា នៅ​ពេលនេះ​លោក​ជាប់​មាន​បេសកកម្ម​មួយ​នៅ​ខាងក្រៅ ដូច្នេះ​លោក​លោក​នឹង​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ទាក់ទង​បញ្ហា​នេះ​នៅពេល​ខាងមុខ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៦ លោក រស់ សា​រ៉ុ​ម ប្រធាន​សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ទៅកាន់​អង្គភាព​ប្រចាំ​អំពើពុករលួយ ដើម្បី​ប្តឹង​ថ្នាក់ដឹកនាំ គ​.​ជ​.​ប ចំនួន​៤ រូប ដែល​មាន​លោក ស៊ិ​ក ប៊ុន​ហុក​, លោក គួ​យ ប៊ុន​រឿន​, លោក ហង្ស ពុទ្ធា និង​លោក ម៉ៅ សុភា​រិ​ទ្ធ បទ​សង្ស័យ​ថា បាន​ឃុបឃិត​គ្នា​ប្រព្រឹត្តិ​អំពើពុករលួយ​ក្នុងការ​តែងតាំង និង​ការ​ធ្វើ​សមាហរណកម្ម​មន្ត្រីរាជការ ក្នុង​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ប្រព្រឹត្ត​ក្នុង​ខែមករា ឆ្នាំ​២០១៦ កន្លងមក​។ ប៉ុន្តែ​បណ្តឹង​នោះ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ​(ACU) ​បាន​បើក​ពិភាក្សា​កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៦ ហើយ​ការ​សម្រេច​មិន​ទទួលយក​ពាក្យ​បណ្តឹង​នោះ​ទេ ដោយ​សម្អាង​ថា មិន​មាន​មូលដ្ឋាន ឬ​តម្រុយ​ទាក់ទង​អំពើពុករលួយ​ទេ៕