រថយន្ត​Range Rover បើក​លឿន​បុក​របាំង​ដែក​ចែក​ទ្រូងផ្លូវ បាក់​អស់ ១៥​ផ្ទាំង ទុក​រថយន្ត​ចោល​គេច​ខ្លួន​បាត់

រថយន្ត​Range Rover បើក​លឿន​បុក​របាំង​ដែក​ចែក​ទ្រូងផ្លូវ បាក់​អស់ ១៥​ផ្ទាំង ទុក​រថយន្ត​ចោល​គេច​ខ្លួន​បាត់



ភ្នំពេញ ​៖​ បុរស​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​​ម្នាក់ ​បាន​បើក​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ ម៉ាក Range Rover ពាក់​ស្លាក​លេខ​ភ្នំពេញ ​2AA-8777 ​ទៅ​បុក​របាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​១៥​ផ្ទាំង បណ្ដាល​ឲ្យ​រថយន្ត​បែក​ធុង​ទឹក និង​ខ្ទេច​ផ្នែក​ខាងមុខ។ ចំណែក​អ្នក​បើកបរ ​បាន​ព្យាយាម​បើក​រត់​ដល់​ផ្សារ​បឹង​កេង​កង ​ក៏​ចត​​​រថយន្ត​ចោល រួច​រត់​គេច​ខ្លួន​បាត់។

គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បាន​កើត​ឡើង​នៅ​យប់​ ឈាន​ចូល​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៦​ ស្ថិត​តាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​បឹង​កេង​កង​២ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ សាក្សី​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​ស៊េរី​​ទំនើប​មួយ​នេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AA-8777 បើកបរ​ដោយ​បុរស​ម្នាក់ ​ជា​ជនជាតិ លុះដល់​ចំណុច​កើតហេតុ ​ក៏​បាន​បុក​របាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​១៥​ផ្ទាំង ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ដ​បែក​ធុង​ទឹក។ ក្រោយមក​បាន​បើក​រត់​ដល់​ផ្សារ​បឹង​កេង​កង ទើប​ទុក​រថយន្ត​ចោល​ រត់​គេច​ខ្លួន​បាត់។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​គ្រោះថ្នាក់​នេះ​មិន​បណ្តាល​ឲ្យ​នរណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ។ ក្រោយ​កើតហេតុ រថយន្ត បង្ក​ត្រូវ​បាន​សមត្ថកិច្ច ស្ទូច​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ក្រុងភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕