អ្នក​ធ្វើ​​ចាំ​តែធ្វើ ឯអ្នកបំផ្លាញ​ចាំតែបំផ្លាញ​

ខេត្តកំពត ៖ ពលរដ្ឋ​នៅ​ស្រុក​ឈូក​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១ និង​៤៥​នាទី​យប់​ថ្ងៃ​ទី​៩ មិថុនា ២០១៦ រថយន្ត​ម៉ាក​យី​ឌុ​ប​មួយ​គ្រឿង​មាន​ដឹកឈើ​ជ្រុង​ពេញ​បើក​ឆ្លងកាត់​ស្ពាន​មួយ​ខ្សែ​ឈ្មោះ «​ស្ពាន​ជ័យ​សេនា​» ក្នុងភូមិ​ជ័យ​សេនា ឃុំ​តា​កែន ស្រុក​ឈូក បណ្តាល​​ឱ្យ​បាក់​មួយ​កំណាត់ ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​ធ្លាក់​រថយន្ត ឬ​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ​។ ក្រោយ​ពី​កើតហេតុ ត្រូវ​អ្នក​បើក​បរ​​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​រថយន្ត និង​ឈើ​ដែល​ធ្លាក់​រប៉ាត់រប៉ាយ​នៅ​លើ​ស្ពាន ។

លោក​ជួន សា​រ៉ា នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត​បានឱ្យ​ដឹង​ថា ក្រោយ​ពី​មាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​រាយការណ៍​ថា មាន​រថយន្ត​ម៉ាក​យី​ឌុ​ប ដឹកឈើ​ឆ្លងកាត់​ស្ពាន​ក្នុងភូមិ​-​ឃុំ​ខាងលើ​បណ្តាល​ឱ្យ​បាក់​ស្ពាន​នោះ លោក​បាន​ដឹកនាំ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​យក​រថយន្ត​ទៅ​ស្ទូច​ឈើ​ដែល​ធ្លាក់រ​បាត់​រប៉ាយ​នៅ​លើ​ស្ពាន​ដែល​បាក់​នោះ និង​នាំ​រថយន្ត​ដឹកឈើ​នោះ​មក​កាន់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត​។

ឈើ​ដែល​ផ្ទុក​លើ​រថយន្ត​នេះ មាន​ចំនួន​ប្រហែលជា​ជាង​៣០​ម៉ែត្រគូប​ប៉ុណ្ណោះ ហើយ​ឈើ​នេះ អាច​ដឹក​ចេញពី​ចំណុច​ភ្នំ​ឱ​រ៉ា​ល់
(​ខេត្ត​កំពង់ស្ពឺ​) បំរុង​ឆ្លង​ចូល​តាម​ច្រក​តន់​ហន់ ឆ្ពោះទៅ​ប្រទេស​វៀតណាម ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពត​កំពុង​យក​រថយន្ត​ស្ទូច​ឈើ​ដែល​​ធ្លាក់​លើ​ស្ពាន និង​ស្រាវជ្រាវ​រក​ម្ចាស់​ឱ្យ​ចូលខ្លួន​មក​ទទួលខុសត្រូវ ។