រាល់​យប់​ដេក​ត្រេកត្រអាល​ក្នុង​តៀមស្រា ហាម​មិន​ស្តាប់ប្តី​​វាយ​សម្លាប់​ប្រុស​សហាយ

រាល់​យប់​ដេក​ត្រេកត្រអាល​ក្នុង​តៀមស្រា ហាម​មិន​ស្តាប់ប្តី​​វាយ​សម្លាប់​ប្រុស​សហាយ



ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ខណៈ​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បាន​ត្រឹមតែ​ពាក់​កណ្តាលផ្លូវ ។ បុរស​រូប​នេះ ត្រូវ​បាន​បុរស​ម្នាក់​ទៀត​ចោទ​ថា​បាន​លួច​សហា​ស្មន់​ជាមួយ​ភរិយា​របស់​ ខ្លួន វាយ​ឱ្យ​របួស​ធ្ងន់ធ្ងរ​បំផុត ខណៈ​ប្រុង​ពង្រត់​គ្នា​ចេញពី​ភូមិ ប្រឆាំង​នឹង​វិធានការរបស់សមត្ថកិច្ច​ប្រាប់​ឱ្យ​ឈប់​ទាក់ទង​គ្នា​តទៅ​ទៀត ។

បុរស​ជាប់ចោទ​ជា​ប្រុស​សហា​ស្មន់​នេះ ត្រូវ​បុរស​ជា​ប្តី​វាយ​នឹង​ច្រវាក់​មេសោ យ៉ាង​ឃោរឃៅ​៩​កន្លែង បណ្តាល​ឲ្យ​បែក​ភ្នែក​ទាំង​សងខាង បាក់​ខ្ទង់ច្រមុះ និង​ត្រូវ​ចំ​ក្បាល​ពីក្រោយ ចំនួន​៥​កន្លែង ផុង​លលា​ដ៏ និង​ចំ​ដៃ​ខាងស្តាំ​មួយ​ព្រនង់ សន្លប់​នៅ​ក្នុង​ថ្លុកឈាម​។ ការ​វាយ​សម្លាប់​ដោយ​មិន​ញញើត​ដៃ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​០៩ មិថុនា នៅ​កែង​ស្រែ​ក្នុងភូមិ​បឹង​ក្រៀល ឃុំ​អង្គ​តា​សូរ ស្រុក​ស្វាយ​ជ្រំ ។

បើតាម​លោក​វរសេនីយ៍ទោ កែវ សុ​ថា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ជាប់​សង្ស័យ​ជា​ប្រុស​សហាយ​ត្រូវ​គេ​វាយ​ស្លាប់​នេះ​ឈ្មោះ ម៉ូ​វ ខេ​ង អាយុ​៥៣​ឆ្នាំ មុខរបរ​ធ្វើស្រែ ជា​បុរស​ពោះម៉ាយ​មាន​ទីលំនៅ​ក្នុងភូមិ​បឹង​ក្រៀល ឃុំ​អង្គ​តា​សូរ ដែល​ជា​កន្លែង​កើតហេតុ ។

លោក កែវ សុ​ថា បន្ត​ទៀត​ថា ជន​ដៃដល់​ឈ្មោះ ងួ​ន សា​ខន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ប្រពន្ធ​ឈ្មោះ ខៀវ សោ​ភណ្ឌ អាយុ​៤៦​ឆ្នាំ ប្រក​មុខរបរ​លក់​គ្រឿងទេស នៅ​ក្នុងភូមិ​ជាមួយ​គ្នា ។ មន្ត្រី​សមត្ថកិច្ច​បាន​និយាយ​ថា ការ​វាយ​សម្លាប់​នេះ គឺ​ផ្តើម​ចេញពី​រឿង​សហាយស្មន់​ជាមួយ​ប្រពន្ធ​របស់​ខ្លួន ។ ក្រោយ​ការ​វាយ​សម្លាប់​ភ្លាម ជន​ដៃដល់​ត្រូវ​បាន​អ្នក​ភូមិ​ព័ទ្ធ​ចាប់ខ្លួន​បាន​ភ្លាម​ៗ និង​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី ។

បើ​តាម​ប្រភព​ពី​អ្នក ​ភូមិ ក៏​ដូច​ជា​លោកស្រី​មេ​ភូមិ​បាន​ឲ្យ​ដឹង​ថា ជន​ដែល​ស្លាប់​ឈ្មោះ ម៉ូ​វ ខេ​ង គឺជា​បុរស​ពោះម៉ាយ​ប្រពន្ធ​ស្លាប់​ចោល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​រស់នៅ​ជាមួយ​ កូន ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៥ កន្លង​មកនេះ បាន​លួច​ចងសម្ព័ន្ធភាព​ស្នេហា​ជាមួយ​ប្រពន្ធ​គេ គឺ​ស្ត្រី​ឈ្មោះ ខៀវ សោភ័ណ ដែល​មាន​ប្តី​និង​កូន ព្រមទាំង​ចៅ​ទៅ​ហើយ​នោះ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ភ្លើង​ស្នេហ៍​ដែល​ឈាន​ដល់​ហ៊ាន​លួច​សហាយស្មន់​គ្នា​នេះ គឺ​ផ្តើម​ចេញពី​ផឹកស្រា​ជាមួយ​គ្នា ព្រោះ​ស្ត្រី​ឈ្មោះ ខៀវ សោភ័ណ ជា​អ្នកលក់​គ្រឿងទេស និង​មាន​លក់​ស្រាស ស្រាថ្នាំ​និង​ស្រា​បៀរ​ដាក់​តុ​ឲ្យ​ភ្ញៀវ​ផឹក​ក្នុង​តូប​លក់ដូរ​របស់​ខ្លួន​ផង​ដែរ ។ នៅ​យប់​មួយ​នោះ​ឈ្មោះ ម៉ូ​វ ខេ​ង បាន​មក​ទិញ​ស្រា​ផឹក​នៅ​ក្នុង​តូប​របស់​ស្ត្រី​រូប​នេះ រហូត​កណ្តាល​យប់ ហើយ​ទំនងជា​ស្រវឹងស្រា​ទាំងអស់​គ្នា​ផង ក៏​បាន​ផ្តោះផ្តង​ស្នេហា​គ្នា រហូត​ត្រូវ​ដង​ត្រូវ​ផ្លែ ក៏​ឈាន​ដល់​ការ​រួមរ័ក​មេត្រី​យ៉ាង​ត្រេកត្រអាល​ភ្លេច​គិត​ថា ខ្លួន​បាន​ផិតក្បត់​ប្តី​ឡើយ ។ ខណៈ​បុរស​ជា​ប្តី​ដេក​នៅ​ឯ​ផ្ទះ​ជាមួយ​ចៅ​មិនដឹង​រឿង​ប្រពន្ធ ឡើងឋានសួគ៌​លង់ខ្លួន​នៅ​ក្នុង​តូប​លក់ដូរ​នោះ​ទេ ។

អណ្តាតភ្លើង​ស្នេហា​ ដែល​ឆាបឆេះ​នោះ បាន​ប្រមាណ​៧​ទៅ​៨​ខែ​ក្រោយមក ទើប​បុរស​ជា​ប្តី​បានដឹង​ថា​ប្រពន្ធ​មាន​សហាយ ក៏​បាន​ហាម​ឱ្យ​ឈប់​ទាក់ទង​គ្នា​បន្ត​ទៀត ។ ក៏​ប៉ុន្តែ​ភ្លើង​លោកិយ​ដែល​ឆេះ​ហើយ ពិបាក​ពន្លត់​នេះ​មិន​ព្រម​ឈប់​ទេ ដូច​បទ​ចម្រៀង​ដែល​ច្រៀង​ថា សង្សារ​មិន​លែង​ស៊ូ​លែង​ប្តី ព្រោះ​ស្រឡាញ់​ពេញចិត្ត​ណាស់ ។

តាម​ប្រភព​ថា មិនមែន​រឿងរ៉ាវ​នេះ ទើប​បែកធ្លាយ​នោះ​ទេ យប់​មួយគូ​សហា​ស្មន់​ទាំង​២ បាន​ជួប​គ្នា​និង​បាន​រួមរ័ក​កៀកកើយ​នៅ​ក្នុង​តូប​លក់ដូរ​នោះ ហើយ​ត្រូវ​កូន​និង​ប្តី​មក​ទាន់ ក៏​ដេញ​វាយ​ប្រុស​សហាយ​ផ្អើល​ពេញ​ភូមិ និង​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុ​ស្ត៍​រដ្ឋបាល​ឃុំ និង​លោក​មេឃុំ​ដោះស្រាយ ហើយ​ខាង​ប្រុស​សហាយស្មន់​បាន​បង់​ឲ្យ​បុរស​ជា​ប្តី​១​លាន​៤​សែន​រៀល ដោយ​បាន​ធ្វើ​កិច្ចសន្យា​ឈប់​ទាក់ទង​គ្នា​បន្ត​ទៀត ក៏​ប៉ុន្តែ​មិន​អាច​បញ្ឈប់​បាន ។

ក្នុង​ការ​ពន្លត់ភ្លើង​ស្នេហ៍​អាស្រូវ​ នេះ ឪពុក​ខាង​ស្រី​បាន​ហៅ​កូន​ទៅ​ណែនាំ​ថា បើ​ឯង​មិន​អាច​បញ្ឈប់​បាន​ទេ​ឯង​លែងលះ​ប្តី​ទៅ ហើយ​គាត់​ជា​ឪពុក​នឹង​សែនព្រេន​ឲ្យ ។ រីឯ​បុរស់​ជា​ប្តី ក៏​យល់ព្រម​ដែរ​ថា បើ​ស្រឡាញ់​គ្នា​ណាស់​លែងលះ​គ្នា​ទៅ ហើយ​ចុះ​ពី​ផ្ទះ​ទៅ​នៅ​ជាមួយ​គេ​ទៅ ក៏​ប៉ុន្តែ​ស្ត្រី​ដែល​លង់ខ្លួន​ព្រោះ​តណ្ហា​បាន​និយាយ​ថា គាត់​មិន​ចុះ​ទៅ​ណា​ទេ គឺ​សុំ​នៅ​ក្នុង​តូប​លក់ដូរ​នេះ ហើយពី​ពេល​នោះ​មក ក៏​ចេះ​តែ​រស់នៅ​ជាមួយ​ប្តី​ជា​ធម្មតា ។ លុះ​ពេល​យប់ គឺ​ដេក​ត្រេកត្រអាល​ជាមួយ​បុរស​សហាយស្មន់​រហូត ។

នៅ​យប់​កើតហេតុ ថ្ងៃ​ទី​៩ មិថុនា ២០១៦ ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ឈ្មោះ ម៉ូ​វ ខេ​ង បាន​ទូរ​សព្ទ័​បបួល​ពង្រត់​គ្នា​ទៅ​រស់នៅ​កន្លែង​ផ្សេង ហើយ​ស្ត្រី​ឈ្មោះ ខៀវ សោភ័ណ ក៏​បាន​រៀបចំ​បង្វិច​ខោអាវ​លុយកាក់​ទៅ​តាម​ប្រុស​ស្នេហ៍​ដែរ ។ លុះ​ម៉ោង​ប្រមាណ​ជា​៩​យប់ គូស្នេហ៍​ចំណាស់​ខុស​តម្រា បាន​នាំ​គ្នា​ចេញពី​តូប​លក់ដូរ ក្នុង​គោលបំណង​ពង្រត់​គ្នា​។ ពេល​ដើរ​ចេញពី​តូប​លក់​បាន​ចម្ងាយ​២០០​ម៉ែត្រ ក៏​នាំ​គ្នា​អង្គុយ​កៀកកើយ​សាសង​គ្នា​នៅ​កែង​ភ្លឺស្រែ កណ្តាលវាល​មួយ ទំនង​មិនដឹង​ថា​ទៅ​ណា​ឱ្យ​ប្រាកដ ព្រោះ​បុរស​ពោះម៉ាយ​នេះ​រស់នៅ​ឯកោ​គ្មាន​ផ្ទះសម្បែង​រស់នៅ​ប្រាកដ ដើរ​តែ​ផឹកស៊ី គ្មាន​ទ្រនំ​ខ្លួនឯង​ទេ រស់នៅ​ជាមួយ​កូន ។ ពេល​កំពុង​អង្គុយ​ឱប​កៀកកើយ​គ្នា​មើលមេឃមើលផ្កាយ ក៏​ត្រូវ​បុរស់​ជា​ប្តី​តាម​ទាន់ បាន​យក​ច្រវាក់​ភ្ជាប់​មេសោ​វាយ​សំពង​ទៅ​លើ​ប្រុស​សហាយ​ពីក្រោយ​ចំ​ក្បាល​ យ៉ាង​រន្ថើន រហូត​បែកក្បាល​ផុង​លលា​ដ៏ និង​ត្រូវ​ភ្នែក​បែក​ទាំង​សងខាង បាក់​ខ្ទង់ច្រមុះ ជាំ​ដៃ​ខាងស្តាំ​សន្លប់​ក្នុង​ថ្លុកឈាម ដែល​បុរស​សហា​ស្មន់​នោះ មិន​បាន​តដៃ​ឬ​រត់គេច​បាន​ឡើយ ។ អំពើ​វាយប្រហារ​ឃោរឃៅ​នេះ បាន​ធ្វើ​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្រែក​ទ្រហោយំ ធ្វើ​ឱ្យ​អ្នកស្រុក​បាន​ផ្អើល​មក​មើល និង​ចាប់​ឃាត់​បុរស​ដៃដល់​ដែល​វាយប្រហារ ។ ចំណែក​ស្ត្រី​បែរជា​ទ្រហោយំ​ឱប​ប្រុស​សហាយស្មន់​សោក​ស​ង្រែ​ង​គួរ​សង្វេគ ។

អ្នកស្រុក ​រាប់រយ​នាក់​ដែល​ផ្អើល​មក​មើល​ចាប់​ជនសង្ស័យ​ទុក រួច​ប្តឹង​សមត្ថកិច្ច​ឲ្យ​មក​ជួយ​អន្តរាគមន៍ ។ ស្ត្រី​ដែល​ជាប់ចោទ​លួច​មាន​សហាយ​និយាយ​ថា គាត់​មិន​ចង់​ក្បត់​ប្តី​ទេ តែ​ដោយសា​ប្តី​គ្មាន​សមត្ថភាព​ផ្លូវភេទ ។ នៅ​ថ្ងៃ​ទី​៩ មិថុនា លោក​វរសេនីយ៍ឯក កុយ សុភាព ស្នងការ​រង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ បាន​ដឹកនាំ​កម្លាំង​ពិនិត្យ​សព និង​ធ្វើ​កោសល្យវិច័យ ក្រោយ​ពី​សាកសួរ​រួច​មក​បាន​យក​ជន​ដៃដល់​ឲ្យ​ធ្វើ​ត្រាប់​ឡើង​វិញ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​ច្បាប់ ។

ចំណែក​ ស្ត្រី​ជា​គូភាគី​ស្នេហា​ដោះ​លែង​ឲ្យ​ទៅ​ផ្ទះ​វិញ​មើល​ចៅ ចំពោះ​សព​ជន​រង​គ្រោះ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕