បុណ្យ​ទេសន៍​ផ្ដាច់​កម្មពៀរ​ ត្រូវ​បាន​អ្នកស្រុក​អង្គរ​គាស់​រំលើង​ឡើង​

បុណ្យ​ទេសន៍​ផ្ដាច់​កម្មពៀរ​ ត្រូវ​បាន​អ្នកស្រុក​អង្គរ​គាស់​រំលើង​ឡើង​



សៀមរាប ៖ សម្រាប់​អ្នក​រស់​នៅ​ក្នុង​តំបន់​អង្គរ ​ពិធី​ដែល​គេ​តែង​ធ្វើ​សម្រាប់​អ្នកជំងឺ​មាន​ដូចជា​ពិធី​,​បុណ្យ​ចន្ទ​សុក្រ​គិរី​ សូត្រ​បុណ្យ​ចម្រើន​អាយុ​,​បុណ្យ​ឆាន់​ដារ​ពូន​ភ្នំខ្សាច់​ជាដើម ​និង​មាន​ពិធីបុណ្យ​មួយទៀត​ ដែល​អ្នក​អង្គរ​តែង​ធ្វើ​ដែរ​នោះ​ គឺ​បុណ្យ​ទេសន៍​ផ្តាច់​កម្មពៀរ​និង​សូត្រធម៌​ឲ្យ​អ្នកជំងឺ​ស្តាប់​។

នៅ​ពេល​ដែល​មាន​មនុស្ស​ឈឺ​រ៉ាំរ៉ៃ​ជាពិសេស​ទាក់ទិន​នឹង​ជំងឺ​របស់​មនុស្ស​ចាស់​ ដែល​គ្រប់គ្នា​យល់ថា​វា​ជា​រឿង​ធម្មជាតិ​របស់​មនុស្ស​មិន​អាច​ជៀស​ផុត ​ដូនតា​ខ្មែរ​ តែង​មាន​កិច្ច​ពិធី​មួយ​ចំនួន​ទៀត​ដើម្បី​ជួយ​អបស្ទប​ជីវិត​របស់​ពួកគាត់​។ ពិធី​នោះ​សោត​មាន​តូច​ មាន​ធំ​ទៅតាម​លទ្ធភាព​ជាក់ស្តែង​របស់​ក្រុម​គ្រួសារ​នៃ​អ្នកជំងឺ​ ហើយ​គោលបំណង​សំខាន់​នៃ​ពិធី​គឺ​ដើម្បី​រំដោះ​កម្ម​ពៀរ​ឬ​ថា ផ្តាច់​កម្ម​ពៀរ​ផ្សេងៗ​ ហើយ​អាច​ជួយ​ទ្រទ្រង់​អាយុជីវិត​របស់​អ្នកជំងឺ​នោះ ​ឲ្យ​បាន​យូរ​តទៅទៀត​។

ធម៌​ដែល​ត្រូវ​សូត្រ​ឲ្យ​អ្នកជំងឺ​ស្តាប់​នោះ​សោត​ទៀត ​បើ​អ្នកជំងឺ​មាន​សភាព​ធ្ងន់​ខ្លាំង ព្រះសង្ឃ ឬ​អាចារ្យ​អ្នកចេះ​សូត្រ ត្រូវ​សូត្រធម៌​គិរី​មានន្ទ និង​ធម៌​កាវ​តារ ឬ​ហៅថា​អាការ​វ​តារ​សូត្រ​។ តែ​បើ​អ្នកជំងឺ​មាន​សភាព​ធូរស្រាល​ហើយ​គេ​សូត្រ​ត្រឹមតែ​ធម៌​គិរី​មាន​ន្ទ​ប៉ុណ្ណោះ។

និយាយ​ពី​ពិធីបុណ្យ​ទេសន៍​ផ្តាច់​កម្ម​ពៀរ ដែល​អ្នកភូមិ​ក្រ​វ៉ាន់​សង្កាត់​នគរធំ​ក្បែរ​ប្រាសាទ​ក្រវ៉ាន់​នៃ​រមណីយដ្ឋាន​អង្គរ​ទើបតែ​ប្រារព្ធ​នៅ​ថ្ងៃទី​៩​ ខែឧសភា​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ​ ​ គឺ​​ត្រូវ​បាន​កូនចៅ​ប្រារព្ធ​ឡើង​ជូន​ចំពោះ​លោកយាយ​ជុច យិន ដែល​មាន​អាយុ​៨៦​ឆ្នាំ​។ លោកយាយ​មាន​ជំងឺ​រយៈពេល​ប្រហែល​កន្លះ​ខែ​មក​ហើយ​ ដោយ​ចេះតែ​រាករូស​ និង​ខ្សោះ​អស់កម្លាំង​ពី​ខ្លួន​រហូតដល់​ងើប​លែង​រួច។ ក្រៅពី​ទទួល​ការ​ព្យាបាល​តាម​ក្បួន​ពេទ្យ​សម័យ​ មាន​ចាក់​ថ្នាំលេប​ថ្នាំ​រួចហើយ​ ក៏ត្រូវ​គិតគូរ​រៀបចំ​ពិធីបុណ្យ​ទេសន៍​ផ្តាច់​កម្មពៀរ​បន្ត​ទៀត​។

ពិធី​នេះ​ត្រូវ​បាន​រៀបចំឡើង​ដោយ​មិន​មាន​ព្រះសង្ឃ​និមន្ត​ចូលរួម​ទេ​ ពោល​គឺ​មានតែ​អាចារ្យ​អ្នក​ដឹកនាំ​ចាស់ទុំ​ក្នុង​ភូមិ​និង​កូនចៅ​ប៉ុណ្ណោះ។ ចាស់ទុំ​ទៀតសោត​ក៏​មិនមាន​ច្រើន​ណាស់ណា​ដែរ​ បើ​រាប់​ទៅ​ប្រហាក់ប្រហែល​១០​ទៅ​២០​នាក់​ប៉ុណ្ណោះ​។ តាម​ការសង្កេត​ការរៀបចំ​ពិធី​នេះ​ហាក់​គិតគូរ​ពី​ក្បួនច្បាប់​ទំនឹមទំនៀម​ច្បាស់លាស់​ណាស់​ ដោយសារ​ពី​ដំបូង​ចាស់ទុំ​អ្នក​មក​ជួយ​រៀបចំ​ពិធី​បាន​ត្រឹម​តែ​ជួយ​ការងារ​សាមញ្ញៗ​ដូចជា​កាច់​បាយសី​រៀបចំផ្ទះ​សម្បែង ​ក្រាលកន្ទេល​ជាដើម។ ចំណែក​ចំណុច​សំខាន់ៗ​នៃ​ពិធី​ដូចជា​ការរៀបចំ​ព្រះបត់​ នៅ​ទិស​ណា ​អ្នកជំងឺ​ត្រូវ​សម្រាន្ត​ទៅ​ទិស​ណា​អ្នកទេសន៍​ត្រូវ​អង្គុយ​ទិស​ណា ផ្លូវ​យោង​ព្រលឹង​រៀបចំ​យ៉ាងណា សុទ្ធតែ​ត្រូវ​រង់ចាំ​អាចារ្យ​ធំ​មក​រៀបចំ​ទើប​ចាត់​ថា​ត្រឹមត្រូវ​តាមច្បាប់​ទម្លាប់។
ចំពោះ​គ្រឿង​រណ្ដាប់​នៃ​ការរៀបចំ​ពិធី​នេះ មានការ​រៀបចំ​បាយសី កូនភ្នំ​ខ្សាច់​មួយ គ្រែ​ព្រះធម៌​៣​គ្រែ គ្រឿង​បន្លុង​១​ឈុត​ធំ ដែល​មាន​របស់របរ​ប្រើប្រាស់​ប្រចាំថ្ងៃ ដូចជា មុង ភួយ ខ្នើយ ចាន​ស្លាបព្រា​ឆ្នាំង ជំនីក​ដៃ ចង្កៀងប្រេងកាត​។​ល​។ ការរៀបចំ​គ្រឿង​បន្លុង​នេះ​តាម​សង្កេត​មើល​ទៅ​គឺ​តម្រូវ​ទៅតាម​អ្នកជំងឺ​ដែល​គាត់​ចង់បាន​អ្វីខ្លះ​ ដែល​គាត់​គិត​ថាបើ​គាត់​ស្លាប់​ទៅ​អាច​បាន​របស់​នោះ​ប្រើ​ប្រាស់​មិន​ខ្វះខាត​។​គ្រឿង​បន្លុង​នេះ​គេ​ទុក​ប្រគេន​ព្រះសង្ឃ​នៅពេល​ក្រោយ​គឺ​ប្រហែល​ក្រោយ​ពេល​គេ​ឈប់​សូត្រធម៌​ហើយ​និមន្ត​ព្រះសង្ឃ​មក​ឆាន់​មួយ​ព្រឹក​។

និយាយ​ពី​កិច្ច​សំខាន់​ដែល​ត្រូវ​ធ្វើ​ក្នុង​ពិធី​នេះ​វិញ​ហាក់​ដូចជា​មិន​វែង​ណាស់ណា​នោះ​ទេ ​បើ​គិត​ទៅ​ប្រហែល​១​ម៉ោងជាង​ប៉ុណ្ណោះ​។ អាចារ្យ​អ្នកចាត់ចែង​ពិធី​ដឹកនាំ​សូត្រធម៌​នមស្ការ​និង​ពូន​ភ្នំខ្សាច់​ផ្តាច់​កម្ម​ពៀរ។ បន្ទាប់មក​ក៏​ធ្វើ​ពិធី​ហៅ​ព្រលឹង​អ្នកជំងឺ​យ៉ាង​លន្លង់លន្លោច​គួរ​ឲ្យ​អាណិត​ខ្លួន​ណាស់​។​“​មក​វ៉ើ​យមក​ណា​ព្រលឹង​យាយ​យិន​ណា​!​ ព្រលឹង​ប្រាំបួនដណ្តប់​សព្វគ្រប់ មក​នៅ​រូប​នៅ​អង្គ​មើល​កូន​មើល​ចៅ​!​សូម​ជា​ស្រណុក​សុខ​សប្បាយ គេ​បបួល​កុំទៅ គេ​ហៅ​កុំ​ឆ្លើយ ព្រលឹង​យាយ​យិន​ហើយ មក​នៅ​រូប​នៅ​អង្គ​!​ផ្ទះ​យើង​ធំ​ស្រណុំ​ស្រណុក​ស៊ី​ចេក​អំបុក​ស៊ី​ត្រាវ​ដំឡូង​ស៊ី​ចេក​ដេក​នៅ​ស៊ី​អំពៅ​ដើរលេង​!​មក​វ៉ើ​យមក​ណា ព្រលឹង​យាយ​យិន​ណា​! … …​។​”

ក្រោយ​ហៅ​ព្រលឹង​ហើយ​អាចារ្យ​ក៏​ទាញ​យក​គម្ពីរ​សាស្ត្រា​មក​ទេសន៍​ឲ្យ​អ្នកជំងឺ​ស្តាប់​។ តាម​ស្តាប់​ទៅ​សេចក្ដី​នៃ​ធម៌​ទេសន៍​នោះ​គឺ​រៀបរាប់​អំពី​ធម្ម​សង្វេគ​ផ្សេងៗ​ដូចជា​ថា រូបនេះ​តែង​ជរា​គ្រាំគ្រា​ជាធម្មតា មិន​អាច​នរណា​នឹង​ជៀស​ផុត​រត់​រួច​ឡើយ រូប​នេះ​តែង​បែក​ធ្លាយ​ស្លាប់​ទៅ​ជាធម្មតា គ្មាន​នរណា​អាច​នឹង​ប្រឆាំង​តតាំង​នឹង​សេចក្តីស្លាប់​បាន​ឡើយ​មានតែ​ការធ្វើ​បុណ្យ​សុន្ទរទាន​ពី​ពេលនេះ​តទៅ​ទេ​ទើបបានជា​ទីពឹង​ពំនាក់​របស់​យើង​គ្រប់គ្នា​… …​។ ធម៌​ទេសន៍​នេះ​មាន​រយៈពេល​ប្រហែល​កន្លះ​ម៉ោង​ដោយ​អាចារ្យ​អ្នកទេសន៍​លើកដាក់​សំឡេង​មួយៗ​ទៅតាម​ចង្វាក់​និង​សាច់ធម៌​។

ទេសន៍​ចប់​ហើយ​អាចារ្យ​ក៏​អង្គុយ​សមាធិ​មួយសន្ទុះ​ ហើយក៏​ងាក​មក​និយាយ​ជាមួយ​អ្នកជំងឺ​ប្រាប់​ពី​ការងារ​ដែល​ត្រូវ​ធ្វើ​បន្ត​ផ្សេងៗ​ដូចជា​មិន​ឲ្យ​ប៉ះ​ជើងពាន​មុន​ថ្ងៃ​កំណត់​(​ប្រហែលជា​ពាន​ព្រលឹង​)​ត្រូវ​អុជ​ចង្កៀង​ប្រេងកាត​បំភ្លឺ​កុំ​ឲ្យ​រលត់ ​និង​អុជ​ធូប​ធំ​បន្ត​រហូតដល់​ថ្ងៃ​ដែល​កំណត់​ជាដើម​។ បើ​តាម​ចាស់ទុំ​ពិភាក្សា​គ្នា​នៅ​ពេល​ព្រលប់ ​នឹង​មាន​អាចារ្យ ឬ​អ្នកចេះ​សូត្រ​ធម៌ មក​សូត្រធម៌​គិរី​មាន​ន្ទ​រហូត​៣​យប់​ជាប់​គ្នា​ ហើយ​និង​មាន​និមន្ត​ព្រះសង្ឃ​មក​ឆាន់​មួយ​ព្រឹក​ទៀត​នៅ​ពេល​ឆាប់​ខាងមុខ ទើប​ពិធី​នេះ​ចាត់ទុកថា​ចប់​សព្វគ្រប់។

នេះ​ជា​ភាព​រស់រវើក​មួយទៀត​នៃ​ទំនៀមទម្លាប់​របស់​ដូនតា​ខ្មែរ​ដែល​បាន​បន្សល់ទុក​ជាច្រើន​ជំនាន់​មក​ហើយ​ក្នុង​តំបន់​អង្គរ។ រហូតមកដល់​ពេលនេះ​ពិធី​ប្រពៃណី​ទំនៀមទម្លាប់​ជាច្រើន​ដែល​កំពុង​តែបន្ត​រស់នៅ​ជាមួយ​អ្នកស្រុក​អង្គរ​បើ​ ទោះ​ជា​ពិធី​ខ្លះ​បាន​វិវត្ត​តិចតួច​ទៅតាម​កាលសម័យ​ក្តី​ តែ​ក៏​នៅតែ​រក្សា​បាន​នូវ​ទ្រង់ទ្រាយ​ដើម​នៃ​វប្បធម៌​របស់​ដូនតា​ខ្មែរ​ ដែល​ជា​អត្តសញ្ញាណ​របស់​ជាតិ​យើង​។ អាជ្ញាធរ​ជាតិ​អប្សរា​ ដែល​មាន​តួនាទី​ក្នុង​ការងារ​អភិរក្ស​ថែរក្សា​បេតិកភណ្ឌ​ក្នុង​រមណីយដ្ឋាន​អង្គរ​សូម​គោរព​កោតសរសើរ​នូវ​ស្មារតី​ស្រឡាញ់​ថែរក្សា​បេតិកភណ្ឌ​អរូបី​របស់​ប្រជាពលរដ្ឋ​ ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​អង្គរ​ និង​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​សូម​ចូលរួម​ថែរក្សា​នូវ​កេរមរតក​ដូនតា​យើង​ឲ្យ​មានជីវិត​ជា​អមត​ត​រៀង​ទៅ៕
បុណ្យ​ទេសន៍​ផ្ដាច់​កម្មពៀរ​ ត្រូវ​បាន​អ្នកស្រុក​អង្គរ​គាស់​រំលើង​ឡើង​

បុណ្យ​ទេសន៍​ផ្ដាច់​កម្មពៀរ​ ត្រូវ​បាន​អ្នកស្រុក​អង្គរ​គាស់​រំលើង​ឡើង​

បុណ្យ​ទេសន៍​ផ្ដាច់​កម្មពៀរ​ ត្រូវ​បាន​អ្នកស្រុក​អង្គរ​គាស់​រំលើង​ឡើង​

បុណ្យ​ទេសន៍​ផ្ដាច់​កម្មពៀរ​ ត្រូវ​បាន​អ្នកស្រុក​អង្គរ​គាស់​រំលើង​ឡើង​

បុណ្យ​ទេសន៍​ផ្ដាច់​កម្មពៀរ​ ត្រូវ​បាន​អ្នកស្រុក​អង្គរ​គាស់​រំលើង​ឡើង​