នៅ​ក្នុង​រាជធានី​ភ្នំពេញ ​មាន​កន្លែង​កកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ​ ចំនួន​ជាង​១៨០​កន្លែង

នៅ​ក្នុង​រាជធានី​ភ្នំពេញ ​មាន​កន្លែង​កកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ​ ចំនួន​ជាង​១៨០​កន្លែង

ភ្នំពេញ ​៖​ អភិបាល​រាជធានី​ភ្នំពេញ​ លោក​ប៉ា សុជាតិ​វង្ស​ បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​កន្លែង​កកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ​ចំនួន​ជាង​១៨០​កន្លែង ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ បាន​និង​កំពុង​ធ្វើ​ការ​ដោះស្រាយ​ឲ្យ​បាន​ប្រសើរ​ឡើង។ គ្រប់កន្លែង​កកស្ទះ​ចរាចរណ៍​ទាំងនោះ​ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ឈរជើង​ ដើម្បី​សម្រួល​ចរាចរណ៍​ផង​ដែរ។

លោក​បន្ត​ថា នៅ​រាជធានី​ភ្នំពេញ​មិនមែន​ត្រឹមតែ​កកស្ទះ​ចរាចរណ៍​ប៉ុណ្ណោះ​ទេ គឺ​វា​នៅ​មាន​ស្ទះ​២​ទៀត​នោះ​គឺ​ការ​កកស្ទះ​លូ ​និង​ការ​កកស្ទះ​សំរាម។ ជុំវិញ​បញ្ហា​ប្រឈម​ទាំង​៣​នេះ ​សាលា​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ធ្វើការ​ដោះស្រាយ​ផង​ដែរ ដោយ​បាន​កសាង​ផ្លូវ ការពង្រីក​ផ្លូវ​ ធ្វើ​បណ្ដាញ​លូ​ថ្មី​ ដែល​មាន​ទំហំ​ធំ​ជាង​មុន​ជា​ច្រើនដង និង​ការគ្រប់គ្រង​ទុកដាក់​សំរាម ដោយ​បាន​ចុះ​MOU​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ផង​ដែរ។

ពាក់ព័ន្ធ​នឹង​បញ្ហា​សំរាម​នេះ​ដែរ ​សាលា​រាជធានី​ភ្នំពេញ​បាន​ចុះ​MOU​ជាមួយ​ខណ្ឌ​ចំនួន​៤​រួច​ហើយ ហើយ​នៅ​ចុងខែ​មិថុនា​នេះ​ យើង​នឹង​បន្ត​ចុះ​MOU​ជាមួយ​ខណ្ឌ​ចំនួន​៤​បន្ត​ទៀត ហើយ​នៅ​ខែ​កញ្ញា​ ឆ្នាំ​២០១៦​ខាងមុខនេះ ​សាលា​រាជធានី​ភ្នំពេញ​នឹង​បន្ត​ចុះ​MOU​ជាមួយ​ខណ្ឌ​ចំនួន​៤​ផ្សេងទៀត ដើម្បី​បញ្ចប់​ទាំង​១២​ខណ្ឌ​តែ​ម្ដង។

លោក​ប៉ា សុជាតិ​វង្ស​ បាន​មានប្រសាសន៍​បែបនេះ​កាលពី​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​មិថុនា ឆ្នាំ​២០១៦ ក្នុង​ឱកាស​លោក​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​ចូល​សាលា​កសិកម្ម​ចំការ​ដូង ដោយមាន​ការចូលរួម​ពី​និស្សិត ប្រជាពលរដ្ឋ​ និង​មន្ត្រីរាជការ​ជាច្រើន​រយ​នាក់​ផង​ដែរ។

លោក​ប៉ា សុជាតិ​វង្ស​ ក៏បាន​លើកឡើង​ផង​ដែរ ប្រទេសជាតិ​យើង​មាន​ការ​អភិវឌ្ឍ​​រីកចម្រើន​ខ្លាំង​ណាស់ ទន្ទឹម​នឹង​ការ​រីកចម្រើន​នេះ រាជរដ្ឋាភិបាល​ក៏បាន​ជំរុញ ឲ្យ​មាន​ការ​អភិវឌ្ឍ​​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​សមស្រប​ទៅ​តាម​ការ​រីកចម្រើន​នេះ​ដែរ ក្នុង​នោះ​មាន​រួម​ទាំង​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​លឿន​ទាន់​ពេល​វេលា​ផង​ដែរ។

ពាក់ព័ន្ធ​ទៅ​នឹង​ការដ្ឋាន​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​ចូល​សាលា​កសិកម្ម​ចំការ​ដូង​ខាង​លើ​នេះ​ លោក ​សាំ ពិសិ​ដ្ឋ នាយក​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា កំណាត់​ ផ្លូវ​មួយ​ខ្សែ​ចូល​សាលា​កសិកម្ម​ចំការ​ដូង​នេះ​ ត្រូវ​ស្ថាបនា​ជា​ផ្លូវ​បេតុង​ឆ្អឹង​ដែក​មាន​ទទឹង​៧​ម៉ែត្រ​ និង​បណ្ដោយ​ប្រវែង​៦៥៣​ម៉ែត្រ មាន​កម្រាស់​១​តឹក​កន្លះ ដោយ​ប្រើប្រាស់​រយៈពេល​នៃ​ការស្ថាបនា​ចំនួន​៣​ខែ ​ស្រប​ពេល​ដែល​ផ្លូវ​ចាស់​មាន​ទទឹង​ត្រឹមតែ​៥​ម៉ែត្រ​កន្លះ​ប៉ុណ្ណោះ៕