ពលរដ្ឋ​រិះគន់​ដល់​ក្រុមហ៊ុន​ស៊ិន​ទ្រី ដែល​បង្ហូរទឹក​សំអុយ​តាម​ផ្លូវ​សាធារណៈ​

ពលរដ្ឋ​រិះគន់​ដល់​ក្រុមហ៊ុន​ស៊ិន​ទ្រី ដែល​បង្ហូរទឹក​សំអុយ​តាម​ផ្លូវ​សាធារណៈ​



បាត់ដំបង ៖ ជា​ញឹកញាប់​គេ​តែងតែ​ឮ​ពាក្យ​រិះគន់​យ៉ាង​ចាស់ដៃ ពី​សំណាក់​ប្រជាពលរដ្ឋ​ និង​មន្ត្រី​រាជការ​ក្នុង​ក្រុង​បាត់ដំបង ទៅលើ​ក្រុមហ៊ុន​ស៊ិន​ទ្រី ដែល​មិន​មាន​វិធានការ​ទប់ស្កាត់ និង​កែច្នៃ​ចំពោះ​រថយន្ត​របស់​ខ្លួន​ ដែល​តែងតែ​បង្ហូរទឹក​ដ៏​ស្អុយគគ្រុក​នៅ​តាម​ផ្លូវ​សាធារណៈ ក្នុង​ក្រុង​បាត់ដំបង ពិសេស​គឺ​ត្រង់​ចំណុច​ផ្លូវ​កោង ផ្លូវ​ឡើង​ចំណោទ ​ផ្លូវ​ចុះ​ស្ពាន​ជាដើម​។​ល​។ ដែល​ធ្វើ​ឲ្យ​ពួកគាត់​រាល់គ្នា​ស្ទើរតែ​ទ្រាំ​នឹង​ក្លិន​ដ៏​សំអុយ​នេះ​មិនបាន។

បច្ចុប្បន្ន​នៅក្នុង​ក្រុង​បាត់ដំបង គឺ​ការ​ដេញថ្លៃ​លើ​ការ​ប្រមូល​សំរាម​ត្រូវ​បាន​ទៅលើ​ក្រុមហ៊ុន​ស៊ិន​ទ្រី ដែល​ក្រុមហ៊ុន​នេះ​គេ​តែងតែ​ធ្វើការ​ដេញថ្លៃ​យក​ស្ទើរតែ​គ្រប់​តាម​បណ្ដា​ខេត្ត​ក្រុង​ដើម្បី​ទទួលខុសត្រូវ​លើ​ការ​ប្រមូល​សំរាម​គ្រប់​ទីកន្លែង​ក្នុង​ក្រុង​បាត់ដំបង​ទាំងមូល។

ប៉ុន្តែ​អ្វី​ដែល​ជា​រឿងអាស្រូវ​របស់​ក្រុមហ៊ុន​នោះ​ នៅ​តាម​ភូមិឋាន​មួយ​ចំនួន​គឺ​រយៈពេល​មួយ​សប្តាហ៍​ទើប​គេ​ឃើញ​រថយន្ត​របស់​ក្រុមហ៊ុន​ទៅ​ប្រមូលយក​សំរាម​ម្តង ដែល​បញ្ហា​នេះ​បានធ្វើ​ឲ្យ​ជះឥទ្ធិពល​អាក្រក់​យ៉ាង​ខ្លាំង​ទៅលើ​ក្រុមហ៊ុន ​ដោយ​សារ​តែ​សំរាម​បាន​ជះ​ក្លិន​មិនល្អ​នៅ​តាម​ទីសាធារណៈ ទម្រាំ​តែ​ក្រុមហ៊ុន​បាន​ចុះទៅ​ប្រមូល។

ម្យ៉ាងវិញទៀត ជា​ញឹកញាប់​គេ​តែង​សង្កេត​ឃើញ​ថា ក្រុមហ៊ុន​ហាក់​មិនបាន​យកចិត្តទុកដាក់​ទៅលើ​រថយន្ត​របស់​ខ្លួន​ទាល់តែសោះ អំពី​បញ្ហា​ទឹក​សំរាម​ ដែល​ដក់​នៅ​ក្នុង​រថយន្ត​ ហើយ​តែងតែ​ហូរ​ចេញពី​រថយន្ត​ធ្លាក់​ទៅលើ​ផ្លូវ​សាធារណៈ ដែល​បង្ក​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាង​ខ្លាំង ដោយ​សារ​តែ​ក្លិន​ដ៏​អសោច​នេះ ​វា​បាន​ជះ​សាយភាយ​ពេញទី​សាធារណៈ​ស្ទើរតែ​ទ្រាំ​មិនបាន។ ដូច្នេះ​គួរតែ​ក្រុមហ៊ុន​គិតគូរ​ឲ្យ​បាន​ច្បាស់លាស់​អំពី​បញ្ហា​នេះ បើ​មិន​ដូច្នេះ​ទេ​បរិយាកាស​ក្នុង​ក្រុង​បាត់ដំបង​ប្រាកដជា​មានការ​អាប់អួ​​មែនទែន ដោយសារតែ​ក្លិន​ដ៏​ស្អុយ​អា​សោច​នេះ។

ទោះបីជា​ការ​បង្ហូរ​ទឹក​ដ៏​ស្អុយ​ចេញពី​រថយន្ត​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី ស្ទើរតែ​រាល់ថ្ងៃ នៅ​តាម​ផ្លូវ​សាធារណៈ​យ៉ាងណាក៏ដោយ ក៏​គេ​មិនដែល​ឃើញ​អង្គភាព​ជំនាញ​ណាមួយ​ចុះ​ធ្វើការ​ណែនាំ​ដល់​ក្រុមហ៊ុន​នេះ​ឡើយ ធ្វើឲ្យ​មជ្ឈដ្ឋាន​ជាច្រើន​នៅតែ​បន្ត​ការរិះគន់​ដដែល៕