ម៉ូតូ​ពីរ​គ្រឿង​បើក​លឿន​ដូចគ្នា ព្រលះ​គ្នា​ពេញទំហឹង ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

ម៉ូតូ​ពីរ​គ្រឿង​បើក​លឿន​ដូចគ្នា ព្រលះ​គ្នា​ពេញទំហឹង ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​



បាត់ដំបង ​៖​ យ៉ាង​ហោច​ណាស់​ក៏​​មាន​ភាគី​ម្ខាង​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​ភាគី​របស់​ម៉ូតូ​ម្ខាង​ទៀត​បាន​រងរបួស​ដោយ​បាក់ជើង​ម្ខាង បន្ទាប់ពី​ម៉ូតូ​ទាំងពីរ​គ្រឿង​នេះ​ បាន​បើកបរ​ក្នុង​ទិសដៅ​ច្រាស់​គ្នា ហើយ​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​ទាំង​កណ្តាល​យប់​ងងឹត។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​បាន​កើតឡើង​កាល​ពៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ត្រង់​ចំណុច​ភូមិ​រហាល​សួង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង រវាង​ម៉ូតូ និង​ម៉ូតូ ដែល​បើកបរ​ច្រាសទិស​គ្នា។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ​ គឺ​មាន​ម៉ូតូ​មួយ​គ្រឿង​ធុន C ១២៥ ពណ៌​ខ្មៅ ស៊េរី ២០១០ ពាក់​ស្លាក​លេខ ប៉ៃលិន 1A៤៤៧៧ បើកបរ​ដោយ​ឈ្មោះ អ៊ី វីរៈ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​មុខរបរ សិស្ស​រស់នៅ​ក្រុម​ទី​៩ ភូមិ​ដូន​អ៊ិន ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ដោយ​បាន​បើកបរ​យ៉ាង​លឿន​ក្នុង​ទិស​ដី​ពី​កើត​ទៅ​លិច។

របាយការណ៍​បាន​បន្ត​ថា ដោយសារតែ​យប់​ងងឹត លុះ​មកដល់​ត្រង់​ចំណុច​កើតហេតុ​ ក៏​ស្រាប់តែ​បាន​​​បុក​ជា​មួយ​នឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត ​ដែល​កំពុង​បើកបរ​យ៉ាង​លឿន​មកពី​មុខ ដែល​ជា​ម៉ូតូ​C១២៥​ពណ៌​ខ្មៅ សេរី​២០១៦ គ្មាន​ស្លាក​លេខ និង​បើកបរ​ដោយ​ឈ្មោះ ហូ សុភ័ក្ត្រ ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ក្រុមទី​១២ ភូមិ​បាក់​អំ​រែក ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង។

ក្រោយពេល​សមត្ថកិច្ច​ចុះទៅ​ដល់​គេ​សង្កេត​ឃើញ​ថា ភាគី​ម៉ូតូ​ដែល​បើកបរ​ដោយ​ក្មេង​ប្រុស​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ដែល​ទំនងជា​បាក់​ក រីឯ​ភាគី​ស្ត្រី​បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​បាក់​ជើង​ឆ្វេង​ម្ខាង ដែល​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ផងដែរ។

បច្ចុប្បន្ន​ម៉ូតូ​ទាំងពីរ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ជា​បណ្ដោះអាសន្ន​សិន​ដើម្បី​រង់ចាំ​ដោះស្រាយ ដោយឡែក​សព ក៏​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​នាំ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ហើយ​ដែរ៕