ធនាគារ​ពិភពលោក​ផ្ដល់​កម្ចី​គ្មាន​ការ​ប្រាក់​១៣០​លាន​ដុល្លារ​ដល់​កម្ពុជា

ធនាគារពិភពលោក (World Bank) បាន​ផ្តល់​ហិរញ្ញប្បទាន​ដែល​ជា​កម្ចី​គ្មាន​ការ​ប្រាក់​ចំនួន ១៣០​លាន​ដុល្លារ​អាមេរិក ដល់​រដ្ឋាភិបាល​កម្ពុជា សម្រាប់​អភិវឌ្ឍន៍​លើ​គម្រោង​ចំនួន​៤។ ជំនួយ​នេះ​ក្នុង​បំណង​ជួយ​ពង្រឹង​លើ​ការ​ថែទាំ​ផ្លូវ​ថ្នល់ គ្រប់គ្រង​ធនធាន​ជលផល លើក​កម្ពស់​ជីវភាព​រស់​ពឹង​អាស្រ័យ​​លើ​កសិកម្ម​ក្នុង​សហគមន៍​ជនបទ​នៅ​កម្ពុជា។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភពលោក ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ឲ្យ​ដឹង​ទៀត​ថា ទឹកប្រាក់​ចំនួន ១៣០​លាន​ដុល្លារ​នេះ នឹង​ត្រូវ​បែកចែក​លើ​គម្រោង​ចំនួន​៤ ក្នុង​នោះ​មាន ទឹក​ប្រាក់ ៣០​លាន​ដុល្លារ​អនុវត្តន៍​លើ​គម្រោង​សមធម៌​ និង​ការ​លើក​កម្ពស់​គុណភាព​សុខភាព។ គម្រោង​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះ​ទន្លេ​មេគង្គ ក្នុង​ទឹក​ប្រាក់​ចំនួន ១៥​លាន​ដុល្លារ ៦០​លាន​ដុល្លារ​លើ​គម្រោង​គ្រប់​គ្រង​ផ្លូវ​ថ្នល់​ទី​២ ដើម្បី​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​លើ​ផ្លូវ​ជាតិ​ក្នុង​ខេត្ត​កំពត ព្រះសីហនុ ត្បូងឃ្មុំ និង​ក្រចេះ។ ចំណែក​ឯ​គម្រោង​ទី​៤ គឺ​គម្រោងការ​បែងចែក​ដី​សម្រាប់​សង្គម និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច មាន​ទឹក​ប្រាក់​ចំនួន ២៥​លាន​ដុល្លារ នឹង​ផ្ដល់​ជូន​សម្រាប់​សេវា​បណ្ដុះបណ្ដាល​វិស័យ​កសិកម្ម​ដល់​ប្រជាជន​ក្នុង​សហគមន៍​ចំនួន​១៤ នៅ ៥​ខេត្ត ដែល​មាន​ប្រជាជន​ច្រើន​ជាង ៥.០០០​គ្រួសារ។

នាយក​ធនាគារ​ពិភពលោក​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ លោក អ៊ូលរិច ហ្សាចៅ (Ulrich Zachau) រំពឹង​ថា ការ​ផ្ដល់​ហិរញ្ញប្បទាន​សម្រាប់​អភិវឌ្ឍន៍​លើ​គម្រោង​ទាំង​៤​នេះ នឹង​ជួយ​ចូលរួម​ចំណែក​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ក្រីក្រ​ដែល​រស់​ពឹង​ផ្អែក​នឹង​កសិកម្ម និង​នេសាទ​នៅ​កម្ពុជា កាន់​តែ​ប្រសើរ​ឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។