សភា​អឺរ៉ុប​មិន​យល់​ពី​រដ្ឋាភិបាល​កម្ពុជា​ រឺ​កម្ពុជា​មិន​យល់​ពី​សភា​អឺរ៉ុប​?

សភាអឺរ៉ុបក៏បានដាក់ចេញនូវគោលដៅច្បាស់លាស់មួយសម្រាប់ ប្រទេសកម្ពុជា ដើម្បីបន្ឋូរស្ថានការណ៍នយោបាយ ដោយអនុម័តញត្តិមានខ្លឹមសារជាច្រើនចំណុចតម្រូវឲ្យរដ្ឋាភិបាលកម្ពុជា អនុវត្តឲ្យបានតាមខ្លឹមសារនេះ។តែលោកផៃ ស៊ីផានមន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យរដ្ឋាភិបាលយល់ឃើញថា ញត្តិនោះ គ្រាន់តែជាការយល់មិនច្បាស់របស់អ្នកតំណាងរាស្ត្រអឺរ៉ុបមួយក្រុមប៉ុណ្ណោះ។

សភា​អឺរ៉ុប​មិន​យល់​ពី​រដ្ឋាភិបាល​កម្ពុជា​ រឺ​កម្ពុជា​មិន​យល់​ពី​សភា​អឺរ៉ុប​?

ដោយយល់ថា ស្ថានការណ៍នយោបាយនៅកម្ពុជា កំពុងប្រឈមនឹងបញ្ហាគួរឲ្យព្រួយបារម្ភ មជ្ឈដ្ឋានអន្តរជាតិ មានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ពិសេសអង្គការសហប្រជាជាតិ បានអំពាវនាវ ដល់រដ្ឋាភិបាលកម្ពុជា បញ្ឈប់ចំពោះការរុកគួនតាមផ្លូវតុលាការ មកលើគណបក្សប្រឆាំងនិងតំណាងអង្គការសង្គមស៊ីវិលហើយស្នើដល់រដ្ឋាភិបាលកម្ពុជាឲ្យបន្តការសន្ទនាដោយសន្តិវិធីនិងស្ថាបនាជាមួយគណបក្សប្រឆាំងឲ្យបានឆាប់តាមដែលអាចធ្វើទៅបានគឺធ្វើយ៉ាងណាឲ្យបានមុនការបោះឆ្នោតដែលនឹងឈានមកដល់នាពេលខាងមុខ។

បន្ថែមពីលើសេចក្តីអំពាវនាវនេះ តាមរយៈឯកឧត្តមសម រង្ស៊ី នៅថ្ងៃទី៩ មិថុនាបានបង្ហាញញត្តិរបស់សភាអឺរ៉ុប ដែលតំណាងឲ្យប្រជាពលរដ្ឋ២៨ ប្រទេសនៅទ្វីបអឺរ៉ុបដោយនៅក្នុងញត្តិ តម្រូវឲ្យរដ្ឋាភិបាលកម្ពុជា អនុវត្តឲ្យបានតាមខ្លឹមសារ៧ ចំណុច៖

១- ទាមទារឲ្យលុបចោលដីកាចាប់ខ្លួន និងការចោទប្រកាន់ទាំងឡាយលើឯកឧត្តមសមរង្ស៊ី ហើយបញ្ឈប់ការធ្វើទុក្ខ បុកម្នេញ តាមផ្លូវតុលាការ មកលើរូបលោក កឹមសុខា និងលោក រ៉ុង ឈុន។

២- ជម្រុញឲ្យរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមសន្ទនាឡើងវិញ ដោយសន្តិវិធីនិងជាវិជ្ជមាន ជាមួយគណបក្សប្រឆាំង។ការសន្ទនាបែបនេះ ជាលក្ខខណ្ឌចាំបាច់ ដើម្បីឲ្យការបោះឆ្នោតខាងមុខមានភាពស្របច្បាប់អាចទទួលយកបាន។

៣- រំលឹករដ្ឋាភិបាលកម្ពុជាឲ្យបំពេញកាតព្វកិច្ចរបស់ខ្លួន ចំពោះគោលការណ៍លទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស។ ការបំពេញកាតព្វកិច្ចបែបនេះជាកត្តាមួយដ៏សំខាន់ក្នុងកិច្ចព្រមព្រៀងសហប្រតិបត្តិការ [ស្តីពីការផ្តល់ជំនួយរវាងសហភាពអឺរ៉ុប និងប្រទេសកម្ពុជា ។

៤-ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់នូវការចាប់ខ្លួនយ៉ាងងងើលចំពោះប្រជាពលរដ្ឋស្លូតត្រង់ហើយទាមទារឲ្យមានការដោះលែងចំពោះអ្នកទោសនយោបាយទាំងអស់ព្រមទាំងទាមទារឲ្យអង្គការសង្គមស៊ីវិល មានសិទ្ធិបន្តការងាររបស់ខ្លួនដោយសេរី។

៥- លើកទឹកចិត្តរដ្ឋាភិបាលកម្ពុជា ឲ្យពង្រឹងលទ្ធិប្រជាធិបតេយ្យ ពហុបក្សនិងនីតិរដ្ឋ ព្រមទាំងការគោរព សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានក្នុងនោះមានសិទ្ធិជួបប្រជុំ និងសិទិ្ធសម្តែងមតិ ជាដើម។

៦-អំពាវនាវឲ្យស្ថាប័នសហភាពអឺរ៉ុប និងរដ្ឋអំណាចនៃប្រទេសជាសមាជិកទាំងអស់តាមដានយ៉ាងជាប់លាប់ និងទៀងទាត់ ការរៀបចំការបោះឆ្នោតខាងមុខ នៅប្រទេសកម្ពុជាដើម្បីធានាឲ្យការបោះឆ្នោតនោះ មានលក្ខណៈសេរី និងយុត្តិធម៌ពិតប្រាកដ។

និង៧- តម្រូវឲ្យប្រធានសភាអឺរ៉ុប បញ្ជូនញត្តិនេះ ទៅឲ្យគណៈកម្មាធិការអឺរ៉ុប [គឺស្ថាប័នដើរតួជា រដ្ឋាភិបាល ] ក្រុមប្រឹក្សាអឺរ៉ុប ក្រសួងការបរទេសអឺរ៉ុបរដ្ឋជាសមាជិកសហភាពអឺរ៉ុប ព្រមទាំងរដ្ឋាភិបាល និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃប្រទេសជាសមាជិកអាស៊ាន (ASEAN) ទាំងអស់។

យ៉ាងណាលោកផៃ ស៊ីផានមន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យរដ្ឋាភិបាលយល់ឃើញថា ការដែលសភាអឺរ៉ុបចេញសេចក្តីសម្រេច គឺគ្រាន់តែជាការចាប់អារម្មណ៍របស់អ្នកតំណាងរាស្ត្រអ្នកនយោបាយរបស់អឺរ៉ុបទេក៏ប៉ុន្តែយើងនឹងព្យាយាមពន្យល់ឱ្យគេយល់ពីព្រោះអ្នកទាំងអស់នោះមិនមែនជាអ្នកអាណានិគមត្រួតត្រាកម្ពុជាដែលបញ្ជាឱ្យកម្ពុជាធ្វើអ្វីបានស្រេចតែចិត្តនោះទេ។ យើងយល់ថាពួកគេជាភាគីដៃគូក្នុងការពិភាក្សាប៉ុន្តែលោកផៃ ស៊ីផានក៏ថ្លែងអំណរគុណផងដែរចំពោះការយកចិត្តទុកដាក់របស់សភាអឺរ៉ុបចំពោះកម្ពុជា ។

សភាអឺរ៉ុបក៏បានអំពាវនាវដល់ប្រទេសជាសមាជិករបស់ខ្លួនតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខ សេវាកម្មសកម្មភាពកិច្ចការក្រៅប្រទេសនិងគណៈកម្មការរបស់សហភាពអឺរ៉ុបដាក់ចេញនូវគោលដៅច្បាស់លាស់មួយសម្រាប់ការបោះឆ្នោតក្នុងប្រទេសកម្ពុជា ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះដើម្បីឱ្យស្របតាមច្បាប់អន្តរជាតិស្តីពីសេរីភាពក្នុងការបញ្ចេញមតិ សមាគម និងការជួបជុំហើយយកគោលដៅទាំងនេះប្រាប់ដល់រដ្ឋាភិបាលកម្ពុជាឱ្យបានច្បាស់លាស់។

សូមបញ្ជាក់ថា ប្រទេសកម្ពុជានៅតែពឹងពាក់ជំនួយបរទេសជាច្រើនសម្រាប់ការអភិវឌ្ឍប្រទេសរបស់ខ្លួន ដោយក្នុងនោះជំនួយចំនួន៤១០លានអ៊ឺរ៉ូបានមកពីសហគមន៍អឺរ៉ុបសម្រាប់កម្មវិធីអភិវឌ្ឍន៍នានាពីឆ្នាំ២០១៤ដល់ឆ្នាំ២០២០។

សភាសហគមន៍អឺរ៉ុបបានអំពាវនាវដល់ប្រទេសជាសមាជិករបស់ខ្លួនទាំងអស់ឱ្យកំហិតលើការផ្តល់ជំនួយទាំងនេះ ដោយផ្អែកលើស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា៕

ប្រភពៈ វាយោ