លោក យឹម សុវណ្ណ៖ លោក ប៉ុល ហំម នឹងទាក់ទងគណបក្សប្រជាជន ណាត់ជួបពិភាក្សាដោះស្រាយបញ្ហានយោបាយ

(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ បានថ្លែងថា លោក  ប៉ុល ហំម ប្រធានក្រុមការងារពង្រឹងវប្បធម៌សន្ទនា នឹងទាក់ទងទៅគណបក្សប្រជាជនកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីណាត់ជួបពិភាក្សាដោះស្រាយបញ្ហានយោបាយ។

លោក យឹម សុវណ្ណ៖ លោក ប៉ុល ហំម នឹងទាក់ទងគណបក្សប្រជាជន ណាត់ជួបពិភាក្សាដោះស្រាយបញ្ហានយោបាយ

លោក យឹម សុវណ្ណ បានថ្លែងផងដែរថា គណបក្សសង្រ្គោះជាតិ ចង់ដោះស្រាយបញ្ហា និងចង់បានស្ថានការណ៍នយោបាយវិលមករក ភាពប្រក្រតីវិញ ដើម្បីធានាបរិយាកាសបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ការថ្លែងរបស់លោក យឹម សុវណ្ណ បែបនេះ  បានធ្វើឡើងនៅមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦នេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែមិថុនា កន្លងទៅថ្មីៗ លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ក៏បានស្នើសុំផ្ទាល់មាត់ទៅកាន់លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា សុំជួបចរចាជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងបំណងដោះស្រាយស្ថានការណ៍នយោបាយនៅកម្ពុជា និងពង្រឹងវប្បធម៌សន្ទនាឡើងវិញ។ តែរហូតមកដល់ពេលនេះ មិនទាន់មានការបើកភ្លើងខៀវណាមួយ ពីខាងគណបក្សប្រជាជនកម្ពុជានៅឡើយទេ។

លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាសម្រាប់ក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ធ្វើបានបង្ហើបតម្រុយឲ្យគណបក្សសង្រ្គោះជាតិរៀបចំ រចនាសម្ព័ន្ធផ្លូវការមួយ ដើម្បីធ្វើជាក្បាលម៉ាស៊ីនសម្រាប់ដឹកនាំក្រុមតំណាងរាស្រ្តមតិភាគតិចនៅក្នុងរដ្ឋសភា មុននឹងធ្វើការចរចាជាមួយនឹង ក្រុមការងារគណបក្សប្រជាំជនកម្ពុជា។

ពាក់ព័ន្ធនឹងការពង្រឹងវប្បធម៌សន្ទនានេះ មិនត្រឹមតែគណបក្សប្រឆាំងនោះទេ ដែលចង់បាន អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន ក៏ចង់ឃើញវប្បធម៌សន្ទនា ត្រូវបានពង្រឹងឡើងវិញផងដែរ។ ការចង់បាននេះគឺបានស្តែងឡើងក្នុងជំនួបតាមទូរស័ព្ទជាមួយលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី០៨ ខែមិថុនា កន្លងទៅ។

លោក ប្រាក់ សុខុន ក៏បានប្រាប់ទៅលោក បាន គីមូន ថា គណបក្សប្រជាជន ក៏ពិតជាចង់បានវប្បធម៌សន្ទនា ដែលផ្តួចផ្តើមបង្កើតឡើង ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីធានាដល់ការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវ តែជារឿយៗប្រធាន និងអនុប្រធានគណបក្សសង្រ្គោះជាតិ គឺលោក សម រង្ស៊ី និង លោក កឹម សុខា តែបង្ករឿងធ្វើឲ្យវប្បធម៌សន្ទនានេះ ត្រូវប្រេះស្រាំ។

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះ «ចំពោះវប្បធម៌សន្ទនា គឺយើងចង់បានណាស់។ សូមរំលឹកជូនលោកអគ្គលេខាធិការដែរថា វប្បធម៌សន្ទនានេះ គឺផ្តួចផ្តើមឡើងដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ប៉ុន្តែជាច្រើនលើកច្រើនសារ មេដឹកនាំទាំងពីររូប នៃគណបក្សប្រឆាំង គឺលោក សម រង្ស៊ី និង លោក កឹម សុខា បានធ្វើនូវអំពើ ដែលបង្កើតឲ្យមានការមិនទុកចិត្តគ្នា ការខឹងសម្បារ ការបែកបាក់ ហើយធ្វើឲ្យវប្បធម៌សន្ទនា លែងដំណើរការទៅវិញ។ យើងចង់បានវប្បធម៌សន្ទនានេះ ដើម្បីមានបរិយាកាសសន្តិភាព ក្នុងសង្គម ដែលនឹងនាំទៅដល់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នាពេលខាងមុខ»៕

ប្រភពៈ freshnewsasia