ទិកនិក​ល្អៗ​ដើម្បី​ថែ​សំឡេង​ឲ្យ​ច្រៀង​ ពីរោះ​សម្រាប់​អ្នក​ស្រឡាញ់​អាជីព​ជា​អ្នកចម្រៀង​

ទិកនិក​ល្អៗ​ដើម្បី​ថែ​សំឡេង​ឲ្យ​ច្រៀង​ ពីរោះ​សម្រាប់​អ្នក​ស្រឡាញ់​អាជីព​ជា​អ្នកចម្រៀង​



តារាចម្រៀង​អាជីព​ភាគច្រើន​ទម្រាំ​តែ​ក្លាយ​ខ្លួនជា​អ្នក​អាជីព ពួកគាត់​ត្រូវ​ហាត់​ច្រៀង​មិនតិច​នោះទេ ជាមួយនឹង​គ្រូ​ជំនាញ​ច្រៀង ប៉ុន្ដែ​ប្រសិនបើ​អ្នក​មិនអាច​មានលទ្ធភាព​ចំណាយ ឬ​មិនអាច​បាន​ច្រៀង​នៅ​ចំពោះមុខ​គ្រូបង្វឹក​ច្រៀង​អាជីព​ទេ អត្ថបទ​ខាងក្រោម​នឹង​ជួយ​អ្នក​ឲ្យ​វិវឌ្ឍ​នូវ​សំឡេង​ច្រៀង​ឲ្យ​បាន​ពីរោះ។

១. សម្រាក​ប្រអប់​សម្ល​ង​របស់​អ្នក មុនពេល​អ្នក​ចាប់ផ្ដើម​ច្រៀង​៖ ប្រអប់​សំឡេង​ចុះខ្សោយ គឺ​មានន័យថា អ្នក​មិនអាច​ស្រែក​សំឡេង​ខ្ពស់​បានល្អ​នោះទេ​។ សូម​ព្យាយាម​ស្រែក​បន្លឺ​ពាក្យ​ថា “Mum…Mum…Mum ទៅតាម​តុង​សំឡេង​ផ្សេងៗ​គ្នា ជំនួស​ឲ្យ​ការស្រែក​បន្លឺសំឡេង “do re mi”​។ សម​សំឡេង​របស់​អ្នក​មុន​ពេល​ច្រៀង យ៉ាងតិច​ឲ្យ​បាន ពីរ ឬ​បី​នាទី​។​

២. សូមកុំ​ស្រែកច្រៀង​ទៅ​តុង​សំឡេង​ខ្ពស់​ដោយ​បង្ខំ​៖ នៅពេល​អ្នក​ត្រូវ​ស្រែកច្រៀង​ត្រង់ចំណុច ឡឺ​ហ្វ្រាំង​(​តុង​សំឡេង​ខ្ពស់​) សូម​កុំ​ព្យាយាម​ត្បៀត​សំឡេង​ខ្លាំងពេក​។ សូម​សម្រាក​ឲ្យបាន​ស្រួល ហើយ​អនុញ្ញាតឲ្យ​សំឡេង​របស់​អ្នក​បញ្ចេញ​មក​បាន​រលូន ប៉ុន្ដែ​ក៏ត្រូវ​គ្រប់គ្រង​សំឡេង​នៅពេល​ស្រែក​ឲ្យបាន​ល្អ​ដែរ​។ ប្រសិនបើ​អ្នក​ខំ​ស្រែក​សំឡេង​ខ្ពស់​ទាំង​បង្ខំ សំឡេង ដែល​ចេញមក​នឹង​មិនបាន​ពីរោះ​ដូច​ចិ​ត្ដ​ចង់បាន​នោះទេ​។​

៣. ពិសា​ទឹក​ត្រជាក់​(​មិនមែន​ទឹកកក​ទេ​) ឬ​ទឹកតែ​ក្ដៅ​ឧណ្ហៗ​៖ ការ​ពិសា​ទឹកបាន​គ្រប់គ្រាន់​ពិតជា​ល្អប្រសើរ​សម្រាប់​ខ្សែសំឡេង​របស់​អ្នក ពីព្រោះ​វា​ផ្ដល់​សំណើម​ដល់​ខ្សែសំឡេង និង​ជួយ​ជម្រះ​ស្លេស ដែល​ច្រើន​ហួស​ពី​បំពង់ក​។ ទឹក​ត្រជាក់​នឹង​ធ្វើឲ្យ​ប្រអប់​សំឡេង​របស់​អ្នក​ស្ងួត និង​ត្បៀត​។ សូម​ចៀសវាង​ការ​ពិសា​ទឹកដោះគោ ភេសជ្ជៈ​ត្រជាក់ និង​ភេសជ្ជៈ​ស្រដៀង​គ្នា​ដទៃទៀត ពីព្រោះ​ជាតិ​ឡាក់​តូ​ស​នៅក្នុង​ទឹកដោះគោ និង​ជាតិ​ស្ករ​នៅក្នុង​ភេសជ្ជៈ​ត្រជាក់​ដទៃទៀត អាច​បណ្ដាលឲ្យ​បំពង់ក​របស់​អ្នក​ស្ពឹក និង​បណ្ដាលឲ្យ​ស្លេស​កពូន នៅក្នុង​បំពង​ក​របស់​អ្នក​។​

៤. អនុវត្ដ​ការដកដង្ហើម​ឲ្យបាន​វែងៗ​៖ សូម​បង្កើត​ទម្លាប់​ដកដង្ហើម​ពី​សន្ទះ​ទ្រូង ដោយ​អនុវត្ដ​វា​ឲ្យបាន​ជាប់​រហូត​រយៈពេល​ពីរ ឬ​បី​សប្ដាហ៍ ជំនួស​ឲ្យ​ការ​ដង្ហក់​ត្រដរខ្យល់​។ ប្រសិនបើ​អ្នក​ដកដង្ហើម​បាន​សមស្រប ពោះ​របស់​អ្នកនឹង​រីក​ធំ មិនមែន​ប្រអប់​ឆ្អឹងជំនី​របស់​អ្នក​នោះទេ​។​

៥. អនុវត្ដ​ការ​ច្រៀង​ដកឃ្លា​៖ ពេលវេលា​ដ៏​សមស្រប​ដើម្បី​ដកដង្ហើម​ពេល​កំពុង​ច្រៀង គឺ​នៅត្រង់​ចន្លោះ​នៃ​ការដក​ឃ្លា​(​ក្រុម​ពាក្យ​ច្រៀង​រួមគ្នា​)​។ នៅក្នុង​ការសរសេរ​និពន្ធ​ជា​ភាសាបរទេស​ធម្មតា បណ្ដា​ឃ្លា​ទាំងឡាយ​ត្រូវបាន​កាត់ផ្ដាច់​ដោយ​កណ្ដក់​សញ្ញា ឬ​វណ្ណ​យុ​ត្ដិ​ដទៃទៀត ប៉ុន្ដែ​វណ្ណ​យុ​ត្ដិ​អាច​ត្រូវបាន​លុបចោល នៅពេល​សរសេរ​នៅក្នុង​ទំនុកច្រៀង​។ សូម​ធ្វើ​ការវិភាគ​ទៅលើ​ទំនុកច្រៀង មុនពេល​អ្នក​ចាប់ផ្ដើម​ច្រៀង​។ សូម​រិះរក ចំណុច​ឈប់ និង​សម្រាក​ដកដង្ហើម​ឲ្យ​ត្រូវ​ចំណុច​។ នៅពេល​កំពុង​ច្រៀង សូម​ដកដង្ហើម​ត្រង់​កន្លែង​សម្រាក​នោះ​។ អ្នក​ចាំបាច់​ត្រូវ​អនុវត្ដ​ការដក​ឃ្លា ឬ​ការដកដង្ហើម ដើម្បីឲ្យ​អ្នក​អាច​ច្រៀង​ដោយ​មិន​ចុះខ្សោយ​សំឡេង ដង្ហក់ ឬ​ច្រៀង​ដាច់​សំឡេង​។​

៦. ថត​សំឡេង​របស់​អ្នក​៖ សូម​ធ្វើ​ការថត​សំឡេង​របស់​អ្នក ខណៈពេល​អ្នក​ច្រៀង ដើម្បី​ពិនិត្យថា តើ​សំឡេង​របស់​អ្នក​ស្ដាប់ទៅ​ពីរោះ ឬក៏​មិន​ពីរោះ​។ សូម​ស្ដាប់​សំឡេង​របស់​អ្នក​ដោយ​បើក​ចិ​ត្ដ​ឲ្យ​ទូលាយ ហើយ​កុំ​ព្យាយាម​លើក​ទឹក​ចិ​ត្ដ​ខ្លួនឯង​ថា សំឡេង​ខ្លួនឯង​ពីរោះ​ហើយ ក្នុងករណី ដែល​សំឡេង​របស់​អ្នក​មិនទាន់​ពីរោះ​នៅឡើយ​។​

៧. កែប្រែ​ឲ្យ​រីកចម្រើន និង​ដក​ពិសោធន៍​៖ ព្យាយាម​ធ្វើការ​កំណត់​ពេលវេលា និង​ការដក​ឃ្លា​ពេល​ច្រៀង ឲ្យ​ត្រូវ​នឹង​បទ​ច្រៀង​។ សូម​ធ្វើការ​សាកល្បង ប្រើ​សំឡេង​ពី​ដើមទ្រូង ច្រមុះ និង​ប្រើ Style សង្កត់​សំឡេង ដើម្បី​រកឲ្យឃើញ​ថា តើ​តុង​សំឡេង​បែបណា​ត្រូវ​នឹង​អ្នក​។ ហៅ​មិ​ត្ដ​ភក្ដិ​របស់​អ្នក​ឲ្យមក​ស្ដាប់ ដែល​គាត់​អាច​ផ្ដល់​ការរិះគន់​ដើម្បី​ស្ថាបនា​ឲ្យ​ល្អប្រសើរ​។​

៨. អនុវត្ដ​ការ​ច្រៀង នៅ​ចំពោះមុខ​មនុស្សម្នា​៖ ការ​សម្លឹង​មើលមុខ​ទស្សនិកជន​ត្រង់ៗ ខណៈពេល​កំពុង​ច្រៀង​ដំបូង អាចធ្វើឲ្យ​អ្នកមាន​អារម្មណ៍​ភ័យ ប៉ុន្ដែ​នៅពេលដែល​អ្នក​អនុវត្ដ​វា​ជារឿយៗ វា​នឹង​ក្លាយជា​ទម្លាប់​។ ប្រសិនបើ​អ្នក​ច្រៀង​នៅមុខ​ទស្សនិកជន ធ្វើឲ្យ​អ្នកមាន​អារម្មណ៍​ភិតភ័យ ខ្វះ​ទំនុក​ចិ​ត្ដ សូម​សាកល្បង​សម្លឹងមើល​ថ្ងាស ឬ​ស្មា​របស់​ពួកគេ​វិញ​។ សូម​អនុវត្ដ​ការ​ច្រៀង​នៅមុខ​កញ្ចក់ មុនពេល​អ្នក​សម្ដែង​នៅ​ចំពោះមុខ​ទស្សនិកជន​។​

៩. តស៊ូ​អត់ទ្រាំ​៖ ភាព​វៃឆ្លាត​ពិតជា​ជួយ​បាន​ច្រើន នៅក្នុង​អាជីព​ចម្រៀង ប៉ុន្ដែ​ការតស៊ូ​អំណត់​ក៏​ជា​កត្ដា​សំខាន់បំផុត​មួយ​ផងដែរ​។ សូម​ព្យាយាម​អភិវឌ្ឍ​នូវ​បញ្ជី​ចម្រៀង​របស់​អ្នក អភិវឌ្ឍ​ទិ​កនិក​ប្រើ​សំឡេង បង្កើន​កម្លាំង​ក្នុង​ការប្រើ​សំឡេង និង​ការ​បង្ហាញខ្លួន​នៅលើ​ឆាក​តន្ដ្រី​។ សូម​បន្ដ​ហាត់រៀន លក់​ចម្រៀង​របស់​អ្នក​ទៅកាន់​ទស្សនិកជន ដោយ​ប្រើ​កាយវិការ​(​កាយវិការ​បញ្ចូល​មនោ​ស​ញ្ចេ​ត​នាពី​ក្នុង​បេះដូង លើកដៃ​ចង្អុល​ទៅ​ប្រាសាទ ចង្អុល​ទៅ​ឋានសួគ៌ ដើរ​តិចៗ ពោលគឺ​ត្រូវ​សម្ដែង​កាយវិការ​ឲ្យ​ត្រូវ​នឹង​អត្ថន័យ​នៃ​បទ​ចម្រៀង​) ដោយស្មោះ​ត្រង់ អាច​ជាការ​សម្រក់​ទឹកភ្នែក​ទំអូញទំអែ​បង្ហាញ​ពី​ទុក្ខព្រួយ​នៅក្នុង​សំឡេង​ច្រៀង​របស់​អ្នក​ជាដើម​៕

ទិកនិក​ល្អៗ​ដើម្បី​ថែ​សំឡេង​ឲ្យ​ច្រៀង​ ពីរោះ​សម្រាប់​អ្នក​ស្រឡាញ់​អាជីព​ជា​អ្នកចម្រៀង​