ជម្ងឺរបេង​ក្រពះ​ពោះវៀន

ជម្ងឺរបេងគឺជាជម្ងឺមួយដែលកើតទៅលើប្រទេសកំពុងអភិវឌ្ឍន៍ ឬប្រជាជនដែលមានជីវភាពខ្សត់ខ្សោយ។ ជម្ងឺរបេងកើតទៅលើសួត និងក្រៅសួត (ភាគច្រើនជាជម្ងឺរបេងសួត រីឯរបេងក្រៅសួតពុំសូវមានទេ)។ ជម្ងឺរបេងក្រៅសួតមានដូចជា របេងបំពង់ក របេងនៅស្រោមខួរ របេងនៅប្រដាប់បន្ដពូជ របេងថ្លើម អណ្ដើក របេងឆ្អឹង របេងពោះវៀន(ផ្លូវរំលាយអាហារ) របេងស្បែក និងរបេងកូនកណ្ដុរជាដើម។ ជម្ងឺរបេងនីមួយៗសុទ្ធតែបង្កឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរចំពោះអាយុជីវិតរបស់អ្នកជម្ងឺ។

ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោកវេជ្ជបណ្ឌិត លាង ហ៊ត់ ឯកទេសផ្នែកវះកាត់ទ្រូងពោះ នៃមន្ទីរពេទ្យព្រះកេតុ មាលា លើកយកប្រធានបទដែលនិយាយអំពីជម្ងឺរបេងក្រពះពោះវៀន។

ជម្ងឺរបេងក្រពះពោះវៀន

ជម្ងឺរបេងក្រពះពោះវៀនគឺជាជម្ងឺមួយដែលធ្វើឱ្យរលាកក្រពះពោះវៀនបង្កឡើងពីបាក់ស៊ីដឺកុក(BK)។

មូលហេតុដែលបណ្ដាលឱ្យកើតមានជម្ងឺរបេងក្រពះពោះវៀន

ជម្ងឺរបេងក្នុងក្រពះពោះវៀនគឺជាជម្ងឺដែលកម្រមានណាស់ ភាគច្រើននៅពោះវៀនតូច(ពោះវៀនតូចជាប់ពោះវៀនធំ)។ របេងជាជម្ងឺឆ្លងហើយឆ្លងតាមរយៈ

  • ចំណីអាហារ
  • តាមការលេបកំហាកខ្លួនឯងដោយអចេតនា កាលណាកំហាកចូលទៅដល់ក្រពះទៅប៉ះក្រពះដែលមានដំបៅ(ប៉ុន្ដែកម្រ មានណាស់) អាចឆ្លងតាមរយៈឈាមឬផ្លូវទឹករងៃ ហើយក៏អាចឆ្លងតាមខ្យល់ដែរ
  • ជម្ងឺរបេងនេះមិនមែនជាជម្ងឺតពូជទេ។

រោគសញ្ញាជម្ងឺរបេងក្រពះពោះវៀន

  • ចំពោះជម្ងឺរបេងក្រពះពោះវៀនមានរោគសញ្ញាដែលគួរឱ្យកត់សម្គាល់ដូចជា ៖
  •  ឈឺពោះ អាចឈឺមួយកន្លែងឬពេញពោះ ពិសេសឈឺនៅកណ្ដៀតក្អម និងចុងដង្ហើម។
  •  ហើមពោះ ទល់ខ្យល់ ទល់លាមក និងក្អួត។ ទាំងនេះស្ដែងចេញឱ្យឃើញថា អ្នកជម្ងឺអាចស្ទះ ឬត្បៀតពោះវៀន។
  •  អ្នកជម្ងឺចុះស្គម ទទួលទានបាយមិនបាន ទទួលទានដំណេកមិនលក់ អស់កម្លាំង មានពេលខ្លះចេញកូនកណ្ដុរនៅក្រោម ថ្គាម ឬគល់ត្រចៀក។

ការធ្វើរោគវិនិច្ឆ័យជម្ងឺរបេងក្រពះពោះវៀន

ដើម្បីបញ្ជាក់បន្ថែមទៅលើរោគសញ្ញានៃជម្ងឺរបេងក្រពះពោះវៀន គេអាចយកអ្នកជម្ងឺទៅថតកាំរស្មីអ៊ិចឬមួយធ្វើការថត ឆ្លុះស្កែនន័រ ឬអាចវះយកកូនកណ្ដុរ ដើម្បីទៅវិភាគរកជម្ងឺរបេង។ ដើម្បីវិនិច្ឆ័យថាអ្នកជម្ងឺកើតមានរបេងឬអត់ លុះត្រាតែ ៖

  •  អ្នកជម្ងឺមានរោគសញ្ញាច្បាស់លាស់
  •  អ្នកជម្ងឺមានទំនាក់ទំនងជាមួយអ្នកជម្ងឺរបេងផ្សេងទៀត(រស់នៅជាមួយផ្ទាល់)
  •  មិនបានចាក់វ៉ាក់សាំងការពារជម្ងឺរបេង
  •  ធ្លាប់ព្យាបាលម្ដងហើយ ប៉ុន្ដែមិនបានជាសះស្បើយឬមិនគ្រប់ខែ
  •  គេអាចយកសាច់ទៅវិភាគ
  •  យកទឹកក្រពះទៅវិភាគក៏អាចដឹងបានដែរ។

វិធីព្យាបាលជម្ងឺរបេងក្រពះពោះវៀន

បើសិនជាយើងសង្កេតឃើញអ្នកជម្ងឺស្ទះផ្លូវពោះវៀន ឬរលាកស្រោមពោះនោះ គ្រូពេទ្យនឹងព្យាបាលដោយវិធីវះកាត់។ នៅពេលវះកាត់អ្នកជម្ងឺរបេងក្រពះពោះវៀនសង្កេតឃើញក្នុងពោះមានកន្ទួលៗ ដូចជាគ្រាប់អង្ករជាច្រើនតោងជាប់នឹងពោះវៀន និង ស្រោមពោះ ហើយមានសភាពរឹង។ នោះការព្យាបាលគឺគ្រាន់តែពន្លាពោះវៀន ហើយសម្អាតក្រោយការវះកាត់ ដោយបន្ដឱ្យថ្នាំ ជម្ងឺរបេងក្នុងរយៈពេល៦ខែ។

ផលវិបាកនៃជម្ងឺរបេងក្រពះពោះវៀន

ជម្ងឺរបេងបានបង្កឱ្យមានផលប៉ះពាល់ដល់អ្នកជម្ងឺជាច្រើនដូចជា ៖

  •  អាចធ្វើឱ្យធ្លាយពោះវៀន
  •  បង្កឱ្យមានរលាកស្រោមពោះ ធ្វើឱ្យពោះរឹង
  •  អាចធ្វើឱ្យធ្លាក់ឈាមតាមបាត
  •  អាចមានក្អួតឈាម
  •  អាចធ្វើឱ្យអ្នកជម្ងឺស្លាប់បាន។

វិធីការពារដើម្បីកុំឱ្យកើតមានជម្ងឺរបេងក្រពះពោះវៀន

ដើម្បីការពារកុំឱ្យកើតមានជម្ងឺរបេងក្រពះពោះវៀន លោកអ្នកនាងកញ្ញាត្រូវតែមានអនាម័យឱ្យបានស្អាតចំពោះចំណី អាហារ ជាពិសេសត្រូវនៅឱ្យឆ្ងាយពីអ្នកជម្ងឺរបេង ហើយបើមិនអាចចៀសផុតគឺត្រូវពាក់ម៉ាសការពារ។ នៅពេលដែលធ្វើការប៉ះពាល់ ជាមួយអ្នកជម្ងឺរបេងត្រូវតែសម្អាតដៃឱ្យបានស្អាតជានិច្ច។

ដំបូន្មានអ្នកជំនាញ

បើសិនជាលោកអ្នកនាងកញ្ញាមានអាការៈដូចដែលបានរៀបរាប់ខាងលើ លោកអ្នកនាងកញ្ញាគួរតែមកពិភាក្សាជាមួយ គ្រូពេទ្យឯកទេស មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក។ ហើយបើលោកអ្នកសង្ស័យថាមានបុគ្គលណាម្នាក់កើតមានជម្ងឺរបេង ត្រូវតែដាក់បុគ្គលម្នាក់នោះនៅឱ្យឆ្ងាយពីគេឯង ដើម្បីការពារកុំឱ្យជម្ងឺនេះឆ្លង។ លោកអ្នកត្រូវចងចាំថាជម្ងឺរបេងមិនមែនជាជម្ងឺតពូជ ទេ តែវាជាជម្ងឺឆ្លង៕

ប្រភព៖ iknow

  • ជម្ងឺរបេង​ក្រពះ​ពោះវៀន已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/11  Category:សុខភាព
Tags: