សមាគម​ស្វាយកែវ​រមៀត​គ្រោង​នាំ​ចេញ​​​ស្វាយ​ជាង​៥០​ម៉ឺន​តោន​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ

សមាគម​ស្វាយ​កែវរមៀត នៅ​ខេត្ត​កំពង់ស្ពឺ ឱ្យ​ដឹង​ថា សមាគម​នេះ​គ្រោង​បង្កើន​បរិមាណ​ផ្លែ​ស្វាយ​កែវរមៀត ប្រមាណ​ជាង ៥០​ម៉ឺន​តោន​បន្ថែម សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នៅ​ដើម​ឆ្នាំ​២០១៧ ខាង​មុខ​នេះ។

​ប្រធាន​សមាគម​ស្វាយ​កែវរមៀត នៅ​ខេត្ត​កំពង់ស្ពឺ លោក អ៊ីន ឆៃវ៉ាន់ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ថា ស្វាយ​កែវរមៀត ក្នុង​ឆ្នាំ​២០១៦ នេះ មាន​តម្លៃ​ខ្ពស់ គឺ​មួយ​គីឡូក្រាម​មាន​តម្លៃ​ចាប់​ពី​ជាង ១.០០០​រៀល ទៅ ៤.០០០​រៀល ចំពោះ​ស្វាយ​ដែល​បាន​នាំ​ចេញ​ទៅ​ទីផ្សារ​ក្រៅ​ប្រទេស ដូចជា​ប្រទេស​ថៃ វៀតណាម និង​ប្រទេស​ចិន។

ដោយ​មើល​ឃើញ​ពី​សន្ទុះ​តម្លៃ​ខ្ពស់ ខណៈ​ទីតាំង​ភូមិសាស្ត្រ​មាន​សក្ដានុពល និង​ចង់​ពង្រីក​ទីផ្សារ​បន្ថែម​ទៅ​កាន់​សហភាព​អឺរ៉ុប​នោះ ហេតុ​នេះ​ទើប​សមាគម​បង្កើន​បរិមាណ​ផ្លែ​ស្វាយ​កែវ​រមៀត​ប្រមាណ​ជាង ៥០​ម៉ឺន​តោន​បន្ថែម​ទៀត៖ «»។

ប្រធាន​សមាគម​ស្វាយ​កែវរមៀត រូប​នេះ បញ្ជាក់​ថា កាល​ពី​ដើម​ឆ្នាំ​២០១៦ កន្លង​ទៅ សមាគម​ស្វាយ​កែវរមៀត នៅ​ខេត្ត​កំពង់ស្ពឺ បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ប្រមាណ​ជាង ១.០០០​តោន និង​ទីផ្សារ​ប្រទេស​វៀតណាម និង​ថៃ បាន​ជាង ១​ម៉ឺន​តោន។

សមាគម​ស្វាយ​កែវរមៀត នៅ​ខេត្ត​កំពង់ស្ពឺ មាន​សមាជិក ១៣៥​គ្រួសារ មាន​ផ្ទៃដី​ជិត ១​ម៉ឺន​ហិកតារ។ សមាគម​នេះ ក្រៅ​ពី​បង្កើន​បរិមាណ​ផ្លែ​ស្វាយ​នាំ​ចេញ​ឲ្យ​បាន​ជាង ៥០​ម៉ឺន​តោន សមាគម​នេះ​​ក៏​បាន​ប្ដេជ្ញា​ពង្រីក​ផ្ទៃដី​ដាំ​ដុះ និង​ពង្រីក​ទីផ្សារ​បន្ថែម​ទៀត​ទៅ​កាន់​សហរដ្ឋអាមេរិក ដើម្បី​ជួយ​លើក​ស្ទួយ​ជីវភាព​កសិករ ក៏​ដូចជា​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។