បុរស​ម្នាក់ ​រកស៊ី​ជួញដូរ​គ្រឿងញៀន ត្រូវ​តុលាការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​

បុរស​ម្នាក់ ​រកស៊ី​ជួញដូរ​គ្រឿងញៀន ត្រូវ​តុលាការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​



កណ្ដាល​ ៖ បុរស​ម្នាក់ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល សម្រេច​ឃុំខ្លួន​ដាក់​ពន្ធ​នា​គារ នៅ​ថ្ងៃទី​១១ ខែមិថុនា ក្រោម​ការចោទប្រកាន់​ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន តាម​មាត្រា​៤០​ច្បាប់​ស្ដីពី​វិសោធនកម្ម​គ្រឿងញៀន។

គួរ​រំលឹក​ថា បុរស​ម្នាក់ ត្រូវ​នគរបាល​ស្រុក​កោះធំ ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​ចាត់ការ​តាមច្បាប់ បន្ទាប់ពី​ឆែកឆេរ​រក​ឃើញ​មាន​ថ្នាំញៀន​ចំនួន​១០​កញ្ចប់ នៅ​ជាប់​នឹង​ខ្លួន​។ ការ​ឃាត់​ខ្លួន​បុរស​រូប​នេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង​១២ននិង១០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ខាងត្បូង​ស្ពាន​ព្រែក​ឈឹ​ន ក្នុងភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​។​

លោក​វរសេនីយ៍ ឈឿន ប៊ុន​ឆន អធិការ​នគរបាល​ស្រុក​កោះធំ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មាន​ឈ្មោះ វី រ៉េត ហៅ​ត្រេ​ត អាយុ​២៧​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​មេស្រុក ឃុំ​ព្រែក​ស្តី ស្រុ​ក​កោះធំ ខេត្តកណ្តាល ត្រូវ​បាន​ឃាត់ខ្លួន​ជាមួយ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ចំនួន​១០​កញ្ចប់​តូច និង​ដកហូត​បាន​ទូរស័ព្ទ​ដៃ​ចុច​ពិល​២​គ្រឿង ព្រមទាំង​កាបូបដៃ​ចំនួន​១​។​

លោក​អធិការ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​កើតហេតុ​ខាងលើ កម្លាំង​សមត្ថកិច្ច​ជំនាញ​នគរបាល​ស្រុ​ក​កោះធំ បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​។ ពេលនោះ កម្លាំង​ជំនាញ​បាន​ទទួល​ព័ត៌មាន​ពី​ម​ហាជន​ល្អ​ថា មាន​ករណី​លួច​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់ នៅ​ចំណុច​ឃាត់ខ្លួន​ខាងលើ បន្ទាប់មក​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​សំពៅ​ពូន ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ជួប​មុខ​ស​ញ្ញា​សង្ស័យ​ ឈ្មោះ វី រ៉េត និង​ធ្វើការ​ឆែកឆេរ​រក​ឃើញ​មាន​វត្ថុ​តាង​ថ្នាំញៀន​១០​កញ្ចប់​តូច​។​

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ថ្នាំញៀន​ខាងលើ គឺ​គេ​បាន​ទិញ​ពី​ឈ្មោះ ងួន នរ​វិសុទ្ធ (​ហៅ ប៉ែត​) ដើម្បី​យក​មក​លក់ និង​ចែកចាយ​ឲ្យ​គេ​បន្ត៕