អាវុធហត្ថ​រាជធានី​ បញ្ជូន​មេ​កន្ទុយលេខ​ និង​ម្ចាស់ផ្ទះ​ ទៅ​តុលាការ​

អាវុធហត្ថ​រាជធានី​ បញ្ជូន​មេ​កន្ទុយលេខ​ និង​ម្ចាស់ផ្ទះ​ ទៅ​តុលាការ​



ភ្នំពេញ ៖ មេ​កន្ទុយលេខ​ និង​ម្ចាស់ផ្ទះ​ចំនួន​៣​នាក់​ ក្នុងចំណោម​៨​នាក់ ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​១២​ ខែ​មិថុនា​ ឆ្នាំ​២០១៦ ​ដើម្បី​សាកសួរ​បន្ត​ ក្រោយពី​បង្ក្រាប​នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​លេខ​៤៨B ផ្លូវ​បេតុង ភូមិ​ត្នោតជ្រុំ​៤ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​រួចមក​។

ដោយឡែក​មនុស្ស​ចំនួន​៥​នាក់​ទៀត​ ដែល​មក​ចាក់​កន្ទុយលេខ ​ត្រូវ​បាន​អប់រំ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។​ការ​បង្ក្រាប​ទីតាំង​បើក​កន្ទុយលេខ​នោះ​ធ្វើឡើង ដោយ​កម្លាំង​អាវុធហត្ថ ខណ្ឌមានជ័យ សហការ​ជា​មួយ​កម្លាំង​ការិយាល័យ​បទល្មើស ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ ចុះ​បង្ក្រាប​ទីតាំង​កត់​កន្ទុយ​លេខ​មួយ​កន្លែង ក្រោយ​មានការ​អនុញ្ញាត​ពី ​លោក ​សៀង សុខ ព្រះ​រាជអាជ្ញា​រង​ អម​សាលាដំបូង​រាជធានី ភ្នំ​ពេញ​។​

មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែ​​មិថុនា​ថា​ ទីតាំង​បើក​កត់​កន្ទុយលេខ​ខាងលើ​ត្រូវ​បាន​គេ​ដឹង​ថា​ ជា​កន្លែង​ដុះ​ស្លែ​យូរ​មក​ហើយ​ ពុំ​មាន​ការ​បង្ក្រាប​ទេ ​ទើបតែ​ពេលនេះ​កម្លាំង​អាវុធហត្ថ​ចុះ​បង្ក្រាប​តែម្ដង ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ​ ម៉ាំង សុខ​លុច នាយការិយាល័យ​ជំនាញ ​ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៨​នាក់​រួមមាន​ ​ទី​១​ ផាន សារី ភេទ​ស្រី អាយុ​៣០​ឆ្នាំ​(​អ្នក​កត់​)​ ទី​២ ​ហ៊ី សុ​ខេង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ ទី​៣​ ហ៊ី សុខុន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ​ទី​៤​ ហ៊ី សុ​ខុម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​បួន​នាក់​ខាងលើ​ជា​ម្ចាស់ផ្ទះ)។ ដោយឡែក ​អ្នក​ចាក់​កន្ទុយលេខ​មាន​ទី​៥​ សយ ភ​ត្រា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​ ទី​៦ ​​ប៉ុន សុផាត ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ​ទី​៧​ សុខ ស្រី​កា ភេទ​ស្រី អាយុ​២១​ឆ្នាំ ​ទី​៨​ ដួង ទ្រី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​។​

មន្ត្រី​អាវុធហត្ថ​រាជធានី​បន្ត​ថា ក្នុង​ការ​ឃាត់​ខ្លួន​នោះ អាវុធហត្ថ​ដក​ហូត​វត្ថុ​តាង​បាន​ដូចជា ៖ ​
១.​លុយ​ដុល្លារ​ចំនួន​២១១$ លុយ​ខ្មែរ​ចំនួន​៣០,០០០០ រៀល​
២.​ម៉ាស៊ីន​ហ្វាក់​លេខ​ឆ្នោត​ចំនួន​០១
៣.​ក្រដាស​រាម​មួយ​ដុំ​កន្លះ និង​ក្រដាស​ចេញ​លទ្ធផល​មួយចំនួន​
៤.​ម៉ាស៊ីន​គិត​លេខ​ចំនួន​៥
៥.​ម៉ូតូ​ចំនួន​០៣​គ្រឿង​

បច្ចុប្បន្ន ជនសង្ស័យ​៣​នាក់​ជា​មេ​កន្ទុយលេខ ​និង​ម្ចាស់ផ្ទះ ​រួម​នឹង​វត្ថុ​តាង ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​រាជធានី​កសាង​សំណុំរឿង ​ដើម្បី​សួរនាំ​នៅ​តុលាការ​បន្ត​នៅ​ព្រឹក​ថ្ងៃទី​១២ ​ខែ​មិថុនា​។ ​​ដោយឡែក​មនុស្ស​ចំនួន​៥​នាក់​ ដែល​មក​ចាក់​ឆ្នោត​អនុញ្ញាត​ឲ្យ​​ត្រឡប់​ទៅ​ផ្ទះ​វិញ ​គ្រាន់តែ​ធ្វើ​កិច្ចសន្យា​អប់រំ​ប៉ុណ្ណោះ៕

អាវុធហត្ថ​រាជធានី​ បញ្ជូន​មេ​កន្ទុយលេខ​ និង​ម្ចាស់ផ្ទះ​ ទៅ​តុលាការ​