បារាំង ៖ ប្រពន្ធ​វ័យ ២៨ ឆ្នាំ​ត្រូវ​កាត់ទោស​ពីបទ​រំលោភ​លើ​ភាពទន់ខ្សោយ​របស់​ស្វាមី​វ័យ ៨២ ឆ្នាំ​ និពន្ធដោយ : ធីតា       June-11-2016, 6:59 pm         354

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បារាំង ៖ ប្រពន្ធ​វ័យ ២៨ ឆ្នាំ​ត្រូវ​កាត់ទោស​ពីបទ​រំលោភ​លើ​ភាពទន់ខ្សោយ​របស់​ស្វាមី​វ័យ ៨២ ឆ្នាំ​​ស្ត្រី​វ័យក្មេង​អាយុ ២៨ ឆ្នាំ​ម្នា​ក់បាន​ចូលខ្លួន​ទៅ​បំភ្លឺ​តុលាការ​នៃ​តំបន់​ប្រឺ​តា​ញ ប្រទេស​បារាំង កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ លើ​សំណុំរឿង​រំលោភ​លើ​ភាពទន់ខ្សោយ​របស់​ស្វាមី​អាយុ ៨២ ឆ្នាំ ដែល​នាង​បាន​រៀបការ​ជាមួយ​កាលពី​ខែមេសា ឆ្នាំ ២០១៥ នេះ​បើតាម​បណ្តាញ​ព័ត៌មាន Ouest-France ។​

​រឿងហេតុ​បានកើត​ឡើង​នៅ​ថ្ងៃ​មង្គលការ នៅពេលដែល​កូន​ក​ម្លោះ​កូនក្រមុំ​ចូលទៅ​កាន់​ភោជនីយដ្ឋាន​មួយ​ជាមួយ​មនុស្ស ៩ នាក់​ផ្សេងទៀត ក្រោយ​ចប់​កម្មវិធី​នៅ​សាលាក្រុង​។ ពេលនោះ ម្ចាស់​ហាង​បាន​សង្កេតឃើញថា កូន​ក​ម្លោះ​ត្រូវ​ទុកចោល​ឲ្យ​អង្គុយ​នៅតែ​ម្នាក់ឯង ហើយ​គាត់​មិន​ព្រម​ទទួលទាន​អ្វី​សោះ​។ ម្ចាស់​ហាង​ឃើញ​ដូច្នោះ​ក៏​រាយការណ៍​ទៅ​ព្រះរាជអាជ្ញា​នៃ​តំបន់​។​

​បើទោះបីជា​មានការ​អនុញ្ញាត​ឲ្យ​រៀបការ​ពី​សំណាក់​អាជ្ញាធរ​ក៏ដោយ ក៏​ព្រះរាជអាជ្ញា​រូបនេះ​បាន​បើក​ការស៊ើបអង្កេត ដោយបាន​យក​លោកតា​ទៅ​ឲ្យ​គ្រូពេទ្យ​ម្នាក់​ត្រួតពិនិត្យ​។ គ្រូពេទ្យ​បាន​សន្និដ្ឋានថា លោកតា​បាត់បង់​សមត្ថភាព​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​។​

​នៅ​ចំពោះមុខ​តុលាការ ប្រពន្ធ​វ័យក្មេង​បដិសេធថា ខ្លួន​មិន​ធ្លាប់​ធ្វើជា​អ្នក​ថែទាំ​ជំងឺ​ទេ​។ នាង​អះអាងថា នាង​រៀបការ​ដោយសារ​ក្តី​ស្រឡាញ់ បើទោះបីជា​នាង និង​ស្វាមី​មាន​អាយុ​ខុសគ្នា ៥៤ ឆ្នាំ​ក៏ដោយ​។ នាង​គ្មាន​បំណង​អ្វី​ក្រៅពី​ចង់​នៅក្បែរ​ស្វាមី ដោយសារតែ​សេចក្តីស្នេហា​នោះទេ​។ នាង​បាន​និយាយថា​៖ « គាត់​បាន​សុំ​ឲ្យ​ខ្ញុំ​ឈប់​ធ្វើការ ហើយ​ខ្ញុំ​ក៏​រស់នៅ​ជាមួយ​គាត់ » ។ ទោះជា​យ៉ាងណាក៏ដោយ សម្រាប់​មេធាវី​នៃ​ដើម​បណ្តឹងរដ្ឋប្បវេណី ប្រពន្ធ​របស់​លោកតា​មិនអាច​មិនដឹង​ពីស​ភាពទន់ខ្សោយ​របស់​ស្វាមី​ខ្លួន​នោះទេ​។ ចំណងអាពាហ៍ពិពាហ៍​នេះ​មិនគួរ​បានទទួល​ការអនុញ្ញាត​ឡើយ​។ ព្រះរាជអាជ្ញា​ស្នើសុំ​ឲ្យ​កាត់ទោស​ស្ត្រី​ជា​ប្រពន្ធ​ដោយ​ព្យួរទោស​ចំនួន ១០ ខែ​។ តុលាការ​នឹង​ចេញ​សាលក្រម​នៅ​ថ្ងៃទី ២៨ ខាងមុខនេះ​៕

​ប្រភព​៖ BFMTV