តំណាង​ធនាគារពិភពលោក​សន្យា​ថា​ នឹង​ជួយ​គាំទ្រ​ លើ​វិស័យ​សុខាភិបាល​បន្ត​ទៀត​

តំណាង​ធនាគារពិភពលោក​សន្យា​ថា​ នឹង​ជួយ​គាំទ្រ​ លើ​វិស័យ​សុខាភិបាល​បន្ត​ទៀត​



ភ្នំពេញ ​៖ ​តំណាង​ធនាគារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​បាន​សន្យា​ថា ​ធនាគារ​ពិភពលោក​នៅតែ​ជួយ​គាំទ្រ​បន្ត​ទៀត​លើ​វិស័យ​សុខាភិបាល ​ដែល​ផ្អែក​លើ​សហប្រតិបត្តិការ​ដ៏​រឹងមាំ​ ជាមួយ​នឹង​ក្ដី​សង្ឃឹមថា​កម្ពុជា​នឹង​មាន​អនាគត​ល្អ​ប្រសើរ​ឡើង​ៗ។

លោក អា​ឡា​សាន ស៊​វ (Allassane Sow) តំណាង​ធនាគារ​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា​ ដែល​ត្រូវ​បញ្ចប់​បេសកកម្ម​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៦​ បាន​លើក​ឡើង​បែបនេះ​កាល​ពី​ពេល​ថ្មីៗ​នេះ​ នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ ​លោក​វេជ្ជបណ្ឌិត​ ម៉ម​ ប៊ុនហេង ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ឱកាស​នៅ​ទីស្ដីការក្រសួង។

នៅក្នុង​ជំនួប​នោះ​ លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​សម្ដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ធនាគារ​ពិភពលោក ដែល​បាន​ជួយ​ដល់​វិស័យ​សុខាភិបាល​កន្លងមក​ និង​នា​ពេល​ខាងមុខនេះ ដែល​បាន​រួម​សហការ​ធ្វើ​កិច្ចការ​ដ៏​ច្រើន​ជាមួយ​ក្រសួង ចូល​រួម​ចំណែក​សម្រេច​បាន​ទិសដៅ​សហស្សវត្ស។

លោក​រដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​តំណាង​ធនាគារ​ពិភពលោក​ថា ​« តែ​អ្វី​ដែល​ក្រសួង​កំពុងតែ​ខិតខំ​ពង្រឹង​បន្ថែម​ទៀត​នោះ គឺ​ការគ្រប់គ្រង​វិស័យ​ឯកជន និង​ការ​ពង្រឹង​គុណភាព​សេវា ដោយ​អភិវឌ្ឍន៍​បន្ថែម​ទៀត​នូវ​ការសាងសង់​មន្ទីរពេទ្យ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ខេត្ត​ប៉ៃលិន និង​ជា​ជម្រើស​មួយទៀត​អគារ​កុមារ​ក្នុង​បរិវេណ​នៃ​មន្ទីរពេទ្យ​ខេត្តសៀមរាប ព្រមទាំង​ជំរុញ​ការ​យកចិត្តទុកដា៊ើនហ្បុំក​​ក់​របស់​មន្ត្រី​សុខាភិបាល​ទាំងអស់​ឲ្យ​ធ្វើការ​បាន​ត្រឹមត្រូវ​តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ​ពេទ្យ​»​។​

ជា​ការ​ឆ្លើយ​តប​ លោក អា​ឡា​សាន ស៊​វ បាន​សម្ដែង​​នូវ​អំណរគុណ ​ដល់​ការ​យក​ចិត្ត​ទុក​ដាក់​របស់​លោក​រដ្ឋមន្ត្រី​​ ដែល​លោក​ជានិច្ចកាល​រីករាយ​ណាស់​បាន​ធ្វើ​កិច្ចការ​ជាមួយ​ក្រសួង ​ជាពិសេ​ស​ជាមួយ​លោក​រដ្ឋមន្ត្រី​ផ្ទាល់​តែម្តង​ ដែល​តែងតែមាន​សិល្បៈ​ក្នុង​ការដឹកនាំ ​និង​ផ្តល់​នូវ​ភាព​ញញឹម​ជានិច្ច​ក្នុង​ការងារ​។ លោក​សង្ឃឹមថា ​« កម្ពុជា​នឹង​មាន​អនាគត​ល្អ​ឡើងៗ ហើយ​សន្យា​ថា​ ធនាគារ​ពិ​ភ​ព​លោក​នៅតែ​ជួយ​គាំទ្រ​បន្ត​ទៀត​លើ​វិស័យ​សុខាភិបាល ដែល​ផ្អែកលើ​សហប្រតិបត្តិការ​ដ៏​រឹងមាំ​»។

នៅក្នុង​ឱកាស​នោះ​ដែរ​ លោក​ក៏បាន​បង្ហាញ​ជូន​ក្រសួងសុខាភិបាល​នូវ​អ្នក ​ដែល​ត្រូវ​ជំនួស​រូបលោក​ពេល​បញ្ចប់​បេសកកម្ម​នា​ពាក់​កណ្ដាល​ខែកក្កដា​ខាងមុខនេះ គឺ​ លោកស្រី អ៊ី​ន​ហ្គូ​ណា ដូ​ប្រា​យ៉ា (Inguna Dobraja)៕

តំណាង​ធនាគារពិភពលោក​សន្យា​ថា​ នឹង​ជួយ​គាំទ្រ​ លើ​វិស័យ​សុខាភិបាល​បន្ត​ទៀត​