ស្ត្រី​ជនជាតិ​អូស្ត្រាលី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​កា​សា​អង្គរ

ស្ត្រី​ជនជាតិ​អូស្ត្រាលី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​កា​សា​អង្គរ



សៀមរាប ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជនជាតិ​អូស្ត្រាលី​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​នៅ​បន្ទប់​ទឹក​នៃ​សណ្ឋាគារ​កា​សា​អង្គ​រ ហើយ​ករណី​នេះ​សមត្ថកិច្ច​ចម្រុះ​បាន​អះអាង​ថា ​ស្លាប់​ដោយសារ​ការប្រើប្រាស់​ថ្នាំពេទ្យ​ខុស​បច្ចេកទេស​ទើប​បណ្តាល​ឲ្យ​ធ្លាយ​ក្រពះ​ស្លាប់​តែម្តង។

ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០៤​ទៀបភ្លឺ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​កា​សា​អង្គរ​ជាន់​ទី​៣​បន្ទប់​លេខ​៣២៨ ស្ថិតនៅ​ភូមិ​មណ្ឌល​មួយ សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្ត​សៀមរាប។

លោក​វរសេនីយ៍ឯក ទិ​ត្យ ណា​រ៉ុង អធិការ​នគរបាល​ក្រុង​សៀមរាប​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជនជាតិ​អូស្ត្រាលី​ ដែល​បាន​ដេក​ស្លាប់​នៅ​សណ្ឋាគារ​កា​សា​អង្គរ​ជាន់​ទី​៣​បន្ទប់​លេខ​៣២៨​ក្នុង​ក្រុង​សៀមរាប​ស្ថិតនៅ​ភូមិ​មណ្ឌល​មួយ​ សង្កាត់​ស្វាយដង្គំ ​ក្រុង​សៀមរាប​នោះ ​មានឈ្មោះ SPRY SUSAN CLARA​អាយុ​៦៤​ឆ្នាំ​ ជនជាតិ​អូស្ត្រាលី​ ជា​ភ្ញៀវ​ទេសចរណ៍​ដែល​ចូល​មក​ស្នាក់នៅ​ក្នុង​ក្រុង​សៀមរាប​តាម​ច្រកទ្វារ​អន្តរជាតិ​បាវិត​ពី​ប្រទេស​វៀតណាម​មក​ប្រទេស​កម្ពុជា​។

លោក​បន្ថែម​ថា ​សព​ស្ត្រី​រងគ្រោះ​ខាងលើ​ធ្លាប់​មាន​ប្រវត្តិ​ជំងឺ​ប្រចាំ​កាយ​ដូចជា​ទឹកនោមផ្អែម​លើសឈាម។ បើ​តាម​ការ​សន្និដ្ឋាន​របស់​ក្រុម​គ្រូពេទ្យ​បាន​បង្ហាញ​សព​ជនរងគ្រោះ​ស្លាប់​ដោយសារ​ដាច់​សរសៃ​ឈាម​ក្នុង​ក្រពះ​ ពីព្រោះ​នៅ​លើ​រូបរាងកាយ​មាន​ស្នាម​ជាំ​ ហើយ​មាន​ឈាម​ចេញ​តាម​ច្រមុះ និង​តាម​មាត់​ទៀត​ផង​។ សព​ត្រូវ​បាន​ក្រុមហ៊ុន​ធ្យូរ​និង​ស្ថានទូត​ប្រទេស​អូស្ត្រាលី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បានសម្រេច​រក្សាទុក​​នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួល៕