អ្នកចម្រៀងស្រីស្អាត The Voice America ត្រូវ​បាញ់​សម្លាប់

តារាចម្រៀង The Voice America (ចំណាត់ថ្នាក់លេខ៣) របស់ទូរទស្សន៍ NBC សហរដ្ឋអាមេរិក នាង Christina Grimmie ​បាន​ស្លាប់​ហើយ​នៅ​ថ្ងៃ​​ទី​១១ ​មិថុនា ​២០១៦ នេះ បន្ទាប់​ពីនាង​​ត្រូវ​​ខ្មាន់កាំភ្លើង​បាញ់ ពេលនាងកំពុងចុះហត្ថលេខាឱ្យអ្នកគាំទ្រ​ ហើយ​ក្រោយ​មក នាងត្រូវបញ្ជូន​ទៅ​កាន់មន្ទីរពេទ្យ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ តារា​​រូប​នេះ​​​បាន​ស្លាប់ ព្រោះស្ថានភាពរបួសធ្ងន់ធ្ងរពេក ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់ទូរទស្សន៍ CNN នៅ​ល្ងាច​​ថ្ងៃទី១១ មិថុនា ២០១៦​ ​។

​ក្នុង​ហេតុការណ៍​​លបប្រហារលើតារារូបនេះ គឺបុរស​មិនស្គាល់អត្ត​សញ្ញាណ​​ម្នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី​​ បាន​ដើរ​សំដៅ​ទៅ​រក​នាង Christina Grimmie ​ហើយ​ក៏​បាន​បាញ់​រះ​លើ​រូប​នាង​តែ​ម្តង​។ ក្រោយ​ពី​ការ​បាញ់ប្រហារ​ បុរស​ខ្មាន់កាំភ្លើងនោះ ក៏​ត្រូវ​​បងប្រុស​របស់នាង Christina Grimmie ​ចាប់​​ខ្លួនបាន​ តែត្រូវជននោះ​បាន​សម្រេចចិត្ត​​បាញ់​សម្លាប់​​ខ្លួនឯងដែរ ​។

លោក ហ្វ​ដ ដែល​ស្ថិត​នៅ​ហ្នឹង​កន្លែង​កើតហេតុ​បាន​ផ្តល់​បទ​សម្ភាសន៍​ថា ​បងប្រុស​របស់នាង Christina Grimmie ពិតជា​វីរៈបុរស​មែន ដោយ​លោក​ព្យាយាម​បញ្ឈប់​ជន​បង្កមិន​ឲ្យ​ធ្វើការ​បាញ់​សម្លាប់​មនុស្ស​ផ្សេង​ទៀត​នៅ​ក្នុង​កម្មវិធី​នោះ​​។ គួរ​បញ្ជាក់​ថា ការ​សម្តែង​ខាងលើ​​បាន​ធ្វើ​ឡើងនៅ​ទីក្រុង អូ​ឡាន់​ដូ របស់​រដ្ឋ​ផ្លូ​រី​ដា ភាគ​ខាងត្បូង​សហ​រដ្ឋអាមេរិក​ ។ ពេលនេះ អាជ្ញាធរ​កំពុង​តែ​ស៊ើបអង្កេត​ចំពោះ​ដើម​ហេតុ ដែល​នាំ​ឲ្យ​មានការ​វាយប្រហារ​នោះ ។