រថយន្ត​មួយ​បាំង​កន្លះ​បែក​កង​ក្រឡាប់​ផ្ងារជើង​ល​លើ​ផ្លូវជាតិ​៥៩

រថយន្ត​មួយ​បាំង​កន្លះ​បែក​កង​ក្រឡាប់​ផ្ងារជើង​ល​លើ​ផ្លូវជាតិ​៥៩



បន្ទាយ​មាន​ជ័​យ ៖ រថយន្ត​មួយ​បាំង​កន្លះ​មួយ​គ្រឿង​កាលពី​វេលា​ម៉ោង​៩និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី១១ ខែមិថុនា ត្រង់​ចំណុច​ភូមិ​អូ​អំបិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​បាន ក្រឡាប់​ផ្ងារជើង​ឡើងលើ នៅ​កំណាត់​លើ​ផ្លូវ​ជាតិ ៥៩ តែ​សំណាងល្អ​មិន​បណ្តាល​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នកណាម្នាក់​ឡើយ។

បើ​តាម​អ្នក​ឃើញ​ហេតុ​ការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​ខាងលើ​បាន​បើកបរ​ក្នុង​ទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន និង​មាន​ផ្ទុកទំនិញ​ជាច្រើន ​លុះ​មកដល់​ចំណុចកើតហេតុ​ក៏​បែក​កង់​ផ្នែក​ខាងក្រោយ រួចក៏​ក្រឡាប់​ផ្ងារជើង​ឡើងលើ​អូស​ប្រហែល​ជាង​៣០ម៉ែត្រ​។

តាម​ការ​ឲ្យ​ដឹង​ពី​អ្នកបើកបរ​មិន​រងរបួស​ធ្ងន់​មានឈ្មោះ រឿង រ៉​ន ភេទ​ប្រុស រស់នៅ​ភូមិ​អូរ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា គាត់​បានធ្វើ​ដំណើរ​ពី​ស្រុក​សំពៅ​លូន ឆ្ពោះទៅ​ខេត្តសៀមរាប​ដើម្បី​យក​ឥវ៉ាន់​ទៅ​ឲ្យ​ម៉ូយ ដោយមាន​ដំណើរ​ពីរ​នាក់ ស្រាប់តែ​បែក​កង់​បណ្តាល​ឲ្យ​ក្រឡាប់​តែម្តង។

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ​ករណី​នេះ​ដោយសារ​ដឹក​ធ្ងន់​ និង ​បណ្តាល​មក​ពី​បែក​កង់​ក្រោយ​ទើប​ក្រឡាប់​អូស​ប្រមាណ​៣០ម៉ែត្រ តែ​សំណាងល្អ​មិន​មាន​អ្នករបួស​៕