លួច​ម៉ូតូ​គេ​យក​ទៅ​លក់​បាន​ជាង​មួយ​ខែ ឈាម​ស្រែក​ស្បែក​ហៅ​សមត្ថកិច្ច​ក្រុង​សំរោង ចាប់​ជាប់

លួច​ម៉ូតូ​គេ​យក​ទៅ​លក់​បាន​ជាង​មួយ​ខែ ឈាម​ស្រែក​ស្បែក​ហៅ​សមត្ថកិច្ច​ក្រុង​សំរោង ចាប់​ជាប់



ឧ​ត្ត​រ​មានជ័យ ៖ វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​បេនឡាន​ក្បែរ​រង្វង់​មូល​ដៃ​៨ ភូមិ​ដួន​កែន សង្កាត់​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ កម្លាំង​នគរបាល​យុត្តិធម៌​សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​សំរោង នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សួង ខណ្ឌ​សេរី​រ័ត្ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ផ្តាច់​ព្រាត់ ឃុំ​-​ស្រុក​ប​វេ​ល ខេត្ត​បាត់ដំបង បច្ចុប្បន្ន​គ្មាន​ទីលំនៅ ពិតប្រាកដ ពាក់ព័ន្ធ​ក្នុង​ករណី លួច​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដាឌ្រីម​C១២៥ ស៊េរី​ឆ្នាំ​២០១០ ដែល​ជា​កម្ម​សិទ្ធ​ិរបស់​ឈ្មោះ យុ​ត យ៉េត ភេទ​ប្រុស អាយុ​២១​ឆ្នាំ​រស់នៅ​ភូមិ​ភ្នៀ​ត សង្កាត់​-​ក្រុង​សំរោង​។ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូនៅផ្ទះ​ជនរងគ្រោះ​តាំងពី​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៦​មក​ម្ល៉េះ។

ក្រោយពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា ម៉ូតូ​ដែល​បាន​លួច ខ្លួន​បាន​យក​ទៅ​បញ្ចាំ​នៅ​ភ្នំពេញ​អស់ហើយ​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​កាត់ទោស​ទៅតាម​ផ្លូវច្បាប់៕