អតីត​សង្សារ​វ៉ា​ន់ នី​ឡា បដិសេធ​មិន​ពាក់ព័ន្ធ​រូបអាក្រាត​របស់​នាង​ដែល​បែកធ្លាយ​ពេញ​ហ្វេ​ស​ប៊ុ​ក

រាជធានី​ភ្នំពេញ ៖ រូបភាព​អាក្រាត​កាយ​របស់​តារាចម្រៀង​កញ្ញា​វ៉ា​ន់ នី​ឡា ត្រូវ​គេ​បង្ហោះ​ព្រោងព្រាត​តាម​ហ្វេ​ស​ប៊ុ​ក ហើយ​ស្រប​ពេល​នេះ​អតីត​សង្សារ​របស់​នាង​ជា​កូន​មន្ត្រី ថ្នាក់ខ្ពស់​មួយ​រូប​បាន​បដិសេធ​មិន​ពាក់ព័ន្ធ​នឹង​រឿង​នោះ​ទេ ។

រូបភាព​អាក្រាត​កាយ​ដែល​នាង​វ៉ា​ន់ នី​ឡា ព្រួយបារម្ភ ហើយ​ដាក់​ពាក្យ​ប្តឹង​ទៅ​ប៉ូលិស​ក្រសួងមហាផ្ទៃ​នោះ ត្រូវ​អ្នកលេង​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​ចែកចាយ​ពី​មួយ​ទៅ​មួយ បើ​ទោះបីជា​នាង​បាន​ព្រមាន​ចាត់ការ​តាម​ផ្លូវច្បាប់​ចំពោះ​អ្នក​ចែកចាយ​រូបភាព​របស់​នាង​ក្តី ។

រូបភាព​ដែល​នាង​វ៉ា​ន់ នី​ឡា ទំនងជា​ថត​កម្សាន្ត​នៅ​ក្នុង​បន្ទប់​ដោយ​មិន​មាន​សម្លៀក​បំពាក់ ត្រូវ​នាង​សន្និដ្ឋាន​ថា អាច​នឹង​មាននៅ​ក្នុង​ដៃ​របស់​អតីត​គូស្នេហ៍​របស់​នាង ហើយ​រូបភាព​ទាំងនោះ​អាច​នឹង​ត្រូវ​បញ្ចេញ​ជា​សាធារណៈ​នៅ​ពេល​ដែល​ចំណង​ស្នេហ៍​របស់​នាង​បែកបាក់ ។

អតីត​គូស្នេហ៍​ឈ្មោះ​សិទ្ធិ សក្តិ បាន​បដិសេធ និង​អះអាង​ថា មិន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​រឿង​បែកធ្លាយ​រូប​អាក្រាត​កាយ​របស់ វ៉ា​ន់ នី​ឡា ទេ ។

នៅ​លើ​ហ្វេ​ស​ប៊ុ​ក​លោក​សិទ្ធិ សក្តិ សរសេរ​ថា «​ព្រោះតែ​ប្រជាប្រិយភាព​អាច​ធ្វើ​ឱ្យ​មនុស្ស​ប្រើ​គ្រប់​កលល្បិច​និពន្ធ ប្រឌិត​រឿង​ដែល​មិន​ពិត​វាយប្រហារ បរិហារកេរ្តិ៍ ។ មិន​មាត់​មិនមែន​ខ្ញុំ​ខុស​នោះ​ទេ ក៏​ព្រោះ​វា​ហួសចិត្ត​មិន​ចង់​មានរឿង​។ រឿង​មាន​ហេតុ បំណុល​មាន​ម្ចាស់ ទះដៃ​ម្ខាង​ម្តេច​នឹង​ឮ ? ហើយ​កុំ​ឆ្លៀតឱកាស​យក​រឿង​ផ្សេង​ដែល​មិនល្អ​មក​ឱ្យ​ពាក់ព័ន្ធ​នឹង​គេ​ដែល​មិនដឹង​ឱ្យ​សោះ ល្មម​ឈប់​ទៅ ! ស្នាដៃ​និពន្ធ និង​គំនិត​ច្នៃប្រឌិត​ដ៏​ល្អ​របស់​អ្នក គួរ​ទុក​ប្រើ​ក្នុង​ផ្លូវ​ប្រសើរ​ត្រឹមត្រូវ​វិញ​ទៅ ការ​អត់ធ្មត់​មាន​កំណត់​!​គំនំគំកួន​បំផ្លាញ​អ្នក​ដទៃ​អាក្រក់​ខ្លាំ​ណាស់ ! សូម​ពិចារណា ។

ហេតុ​អី​ក៏​មក​ត្រូវ​ពាក់ព័ន្ធ​នឹង​ខ្ញុំ គួរ​សហការ​រក​អ្នក​ធ្វើ​រឿង​មិនល្អ​នោះ​ឱ្យ​បាន​ឆាប់ ហេតុ​ដូច​ម្តេច​បានជា​មក​ឆ្លៀតឱកាស​ធ្វើ​ដូច​ជា​ឱ្យ​រឿង​នេះ​ពាក់ព័ន្ធ​នឹង​ខ្ញុំ​ទៅ​វិញ ?​» ។ មុន​នឹង​លេច​ធ្លាយ​រូប​អាក្រាត​កាយ​របស់ វ៉ា​ន់ នី​ឡា តាម​ហ្វេ​ស​ប៊ុ​ក លោក​សុខ ជំនោរ ជា​បងប្រុស​របស់​នាង បាន​នាំ​ប្អូនស្រី​ទៅ​កាន់​ក្រសួងមហាផ្ទៃ​ដើម្បី​សួរនាំ និង​បើក​ការ​ស៊ើបអង្កេត​រឿង​នោះ ។

បន្ទាប់​ពី​មានការ​ស៊ើបសួរ​រួច​មក លោក សុខ ជំនោរ អះអាង​ប្រាប់​សារព័ត៌​មាននៅ​ក្នុងស្រុក​មួយ​ថា «​យើង​កំពុង​ប្រមូល​ទិន្នន័យ​ពី​ហ្វេ​ស​ប៊ុ​ក ហើយ​មាន​ហ្វែ​ន និង​មហាជន ផ្ញើ​ភស្តុ​តាង​ពី​គណនី ឬ page ព័ត៌មាន ដែល​ផុស​រូប​ដើម្បី​រក​ប្រភព ។ យើង​មាន​តម្រុយ និង​ភស្តុ​តាង ល្មម​ចាត់ការ​បាន​ហើយ​» ។

លោក​សុខ ជំនោរ បញ្ជាក់​ថា ក្រុម​គ្រួសារ​របស់​លោក​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​ប៉ូលិស​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ​រួច​ហើយ ដោយ​បច្ចុប្បន្ន​នេះ​ប៉ូលិស​កំពុង​តែ​ស្រាវជ្រាវ ។ «​កាលណា​ខ្ញុំ​និយាយ​អាច​ប៉ះពាល់​ដល់​កិច្ចការ​ស៊ើបអង្កេត អាច​នឹង​មាន​សន្និសីទ​សារព័ត៌មាន តែ​សុំ​ពេល​ទុក​ឱ្យ​ដំណើរការ​មួយអន្លើ​សិន​» ។

បន្ទាប់​ពី​រូបភាព​អាក្រាត​កាយ​របស់​វ៉ា​ន់ នី​ឡា បញ្ចេញ​តាម​ហ្វេ​ស​ប៊ុ​ករួច​មក មាន​ប្រិ​យ​មិត្ត​មួយ​ចំនួន​សម្តែង​ការ​អាណិតអាសូរ​ដល់​តារាចម្រៀង​រូប​នេះ និង​ស្នើ​កុំ​ឲ្យ​មានការ​ចែកចាយ ហើយ​លុប​ចេញ​វិញ ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​នាង​ក្នុង​នាម​ជា​ស្ត្រី​ម្នាក់ ៕