លី ម៉ារី​ណា លេចមុខ​ពី​អាថ៌​កំបាំង តើ​នាង​រស់នៅ​ក្នុង​ស្ថានភាព​បែប​ណា ?

រាជធានី​ភ្នំពេញ ៖ កប់​បាត់​ទៅ​ក្នុង​អាថ៌​កំបាំង អ្នក​នាង​លី ម៉ា​រី​ណា ស្រាប់តែ​លេចឡើង​ដូច​ជា​អំពិលអំពែក​តូច​មួយ​នៅ​ក្នុង​ពិធី​ខួបកំណើត​របស់​តារាចម្រៀង​បញ្ញា សិទ្ធិ ។ តើ​រយៈពេល​ជា​យូរ​កន្លង​មកនេះ អតីត​តារា​សម្តែង​លី ម៉ា​រី​ណា រស់នៅ​ក្នុង​ស្ថានភាព​បែប​ណា ?

ក្នុង​ពិធី​ខួបកំណើត​តារាចម្រៀង​បញ្ញា សិទ្ធិ កាលពី​រាត្រី​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៦ ក្នុង​ចំណោម​ភ្ញៀវ​កិត្តិយស​ជា​ច្រើន អ្នក​នាង​លី ម៉ា​រី​ណា ដែល​គេ​ខកខាន​បានឃើញ​ជា​យូរ​មក​ហើយ​នោះ បាន​បង្ហាញខ្លួន ។ បណ្តា​អ្នក​សារព័ត៌មាន​ជា​ច្រើន​បែរ​កាណុង​ម៉ា​ស៊ី​ន​ថត​តម្រង់​ទៅ​រក​អតីត​តារា​សម្តែង​ស្រស់​ស្អាត​ម្នាក់​នេះ ។ ក្នុង​ឈុត​រ៉ូ​ប​ត្រឹម​ក្បាលជង្គង់ បញ្ចេញ​សាច់​ស្មាស​រលោង លី ម៉ា​រី​ណា នៅ​តែ​ស្រស់​ស្អាត​ដដែល ។ សម្រស់​នេះ​ធ្វើ​ឱ្យ​គេ​នឹក​ដល់​គ្រា​នាង​នៅ​ជា​តារា​សម្តែង និង​ជា​ពិធី​ការិនី​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ។

តប​តាម​ការ​ចង់​ដឹង អ្នក​នាង​លី ម៉ា​រី​ណា ប្រាប់​អ្នក​សារព័ត៌មាន​ថា នាង​សម្ងំ​នៅ​ស្រុក​ខ្មែរ​យូរ​ខែ​មក​ហើយ ។ នៅ​ក្រៅ​ពិភព​សិល្បៈ​ដែល​ធ្លាប់​បណ្តែត​ជីវិត​នាង​ជាតា​រា​ចែងចាំង​មួយ​ដួង ម៉ារី​ណា ជាប់​មមាញឹក​នឹង​ជំនួញ​លក់​ម៉ូតូ​-​រថយន្ត ដែល​នាំ​ចូល​ពី​អា​មេ​រិ​ក ។ ស្វាមី​របស់​ម៉ា​រី​ណា រកស៊ី​ផ្នែក​នេះ​ដោយ​នាំ​ទំនិញ​ពី​អា​មេ​រិ​ក ឯ​នាង​ជា​អ្នក​ចាត់ចែង​លក់​នៅ​កម្ពុជា ។ អាជីវកម្ម​ដែល​ដំណើរការ​បាន​ប្រមាណ​ជាង​កន្លះ​ឆ្នាំ​មកនេះ មិនល្អ​ពេក ឬ​អន់​ពេក​ទេ អាច​ដំណើរការ​បាន ។

ប្រសិនបើ​ជំនួញ​ជោគជ័យ​ស្ទើរតែ​ពេញ​១០០%​នោះ អ្នក​នាង​លី ម៉ា​រី​ណា នឹង​មក​រស់នៅ​ស្រុក​ខ្មែរ​ជាប់លាប់​វិញ ព្រោះ​ទឹកចិត្ត​នៅ​តែ​ដក់​ជាប់​ស្រុក​កំណើត​មិន​អាច​ចោល​បាន។

«​មក​ទល់​ពេល​នេះ​បើ​និយាយ​ពី​សិល្បៈ​វិញ​នៅ​តែ​ស្រឡាញ់ ពេញចិត្ត នៅ​តែ​ដក់​ជាប់​ស្នាម​អនុស្សាវរីយ៍​នៅឡើយ ព្រោះ​សិល្បៈ​នាង​ខ្ញុំ​បាន​តស៊ូ​តាំងពី​ដំបូង តាំងពី​ដំណាក់​កាល​មិន​ទាន់​ល្បី​រហូត​ដល់​ល្បី ហើយ​ទៅ​ណា​មក​ណា​គេ​ស្គាល់​សូ​ម្បី​តែ​លាឈប់​ហើយ​នៅ​តែ​មាន​គេ​នឹកនា​ចង់​ហៅ​សម្តែង តែ​មិន​អាច​ឡើយ ។ ស្វាមី​នាង​ខ្ញុំ​បាន​ហាម​ដាច់​ខាត​មិន​ឲ្យ​ចូល​សិល្បៈ​តែ​ម្តង ព្រោះ​គាត់​យល់​ថា បើ​បន្ត​ឲ្យ​នាង​ខ្ញុំ​ចូល​សិល្បៈ​គឺ​ច្បាស់​ជា​មិន​អាច​រួច​ផុត​ពី​ពាក្យ​ចចាមអារ៉ាម​ពី​នេះ​ពី​នោះ​មិន​ចេះ​ចប់ ទោះជា​ប្រឹង​បកស្រាយ​ក៏​នៅ​តែ​មិន​ផុត​ពី​ព័ត៌មាន​ដែល​ជាដើម​ហេតុ​ធ្វើ​ឲ្យ​សង្គម​គ្រួសារ​យើង​មាន​ភាព​ច្របូកច្របល់​ព្រោះតែ​រឿង​ញាំញី​ពាក្យ​លេចឮ​មិន​ស្វាង​បែប​នេះ ។ ជាក់ស្តែង មុន​ៗ​ដូច​ដឹង​ហើយ​មាន​ព័ត៌មាន​ជា​ច្រើន​បាន​វាយលុក​មក​លើ​រូប​នាង​ខ្ញុំ និង​ស្វាមី​ដែល​បង្ក​ឲ្យ​ទៅ​ជា​បញ្ហា ផ្សេង​ៗ ដោយ​ពួក​យើង​បាន​ព្យាយាម​ទប់ចិត្ត​មិន​ត​តប​អ្វី​ឡើយ ដោយ​មិនមែន​ជា​រឿង​ពិត។ ម្ល៉ោះហើយ​ឆ្អែត​ពាក្យ​លេចឮ​ទើប​នាង​ខ្ញុំ​ក៏​ដាច់​ចិត្ត​ថា​មិន​ចូល​សិល្បៈ​ទៀត​ទេ ទោះជា​នៅ​ស្រឡាញ់​ក៏​ដោយ​។ បើ​ប្រឡូក​វិញ​ច្បាស់​ជា​មាន​ពាក្យ​ថា​ឲ្យ​នាង​ខ្ញុំ​បែប​នេះ បែប​នោះ បំប៉ោង​ឡើង​ពេញ​វិស័យ​សារព័ត៌មាន​ទៀត​ហើយ ទើប​គិត​ថា​មិន​ប្រឡូក​តែ​ម្តង​» ។ នេះ​ជាស​ម្តី​ផ្អែមល្ហែម​ក្នុង​អត្ថន័យ​សោះកក្រោះ​របស់​អ្នក​នាង​លី ម៉ា​រី​ណា ។

ព្យាយាម​រកស៊ី​ជាមួយ​ប្តី​-​ប្រពន្ធ មើលថែ​គ្នា​និង​ថែទាំ​កូនប្រុស ជា​អ្វី​ដែល​អ្នក​នាង​លី ម៉ា​រី​ណា យល់​ថា ជា​ផ្លូវ​ស្ងប់​សម្រាប់​ជីវិត​នាង ។

មាន​ស្ថានីយទូរទស្សន៍​មួយ​ចំនួន​ទាក់ទង​អ្នក​នាង​លី ម៉ា​រី​ណា ចង់ឱ្យ​ធ្វើ​ជា​ពិធី​ការិនី ប៉ុន្តែ​នាង​មិន​អាច​ទទួល​បាន​ទេ ព្រោះតែ​មិន​ចង់​ជួប​រឿង​អពមង្គល​ដូច​គ្រា​កន្លង ហើយ​ទុក​ពេលវេលា​ក្រៅ​រង្វង់​សិល្បៈ​កសាង​សុភមង្គល​សម្រាប់​ក្រុម​គ្រួសារ​វិញ ៕