អ៊ឺរ៉ូ២០១៦៖ ស្វីស​ឈ្នះ​អាល់បានី​១គ្រាប់ តែ​ភ័យ​បុក​ពោះ

បើទោះជាត្រូវ​បាននាំមុខ នៅនាទីទី៥ ដោយបាល់មួយគ្រាប់មុន និងសមាជិកម្នាក់ ត្រូវបាន​អាជ្ញា​កណ្ដាល​បណ្ដេញ​ចេញ នៅ​នាទី​ទី៣៨​ក៏ដោយ ក៏ក្រុមជម្រើសជាតិ​អាល់បានី ដែលទើបតែបាន​ចូល មក​ក្នុង​ការ​ប្រកួត ជា​លក្ខណៈ​អន្តរជាតិ កម្រិត​អ៊ឺរ៉ុប​​​នៅ​ឆ្នាំនេះ បានរៀបចំ និងដឹកនាំ​នូវ​ការ​ប្រយុទ្ធ​របស់​ខ្លួនយ៉ាងប្ដូរផ្ដាច់ រហូតដល់ទីបញ្ចប់។
អ៊ឺរ៉ូ២០១៦៖ ស្វីស​ឈ្នះ​អាល់បានី​១គ្រាប់ តែ​ភ័យ​បុក​ពោះ

កីឡាករ «Fabian Schär»​ ពាក់លេខ២២ (នៅស្ដាំបំផុត) ជាអ្នករកគ្រាប់បាល់ ឲ្យក្រុមស្វីសនៅនាទីទី ៥ ក្នុងការប្រកួតជាមួយក្រុមអាល់បានី កាលពីរសៀលថ្ងៃសៅរ៍ ទី១១ មិថុនា ឆ្នាំ២០១៦។ (រូបថតទ្វីសធើរ)

ការប្រកួតរដណ្ដើមពានរង្វាន់ ជើងឯក​នៃទ្វីបអ៊ឺរ៉ុប ឆ្នាំ២០១៦ វាងក្រុមជម្រើសជាតិស្វីស និងអាល់បានី (ក្រុមA) បានប្រព្រឹត្តិទៅ កាលពីរសៀលថ្ងៃសៅរ៍នេះ ក្នុងក្រុងឡង់ (Lens) ភាគខាងជើងប្រទេសបារាំង។ ដើម្បីដឹង​ពី​កាលវិភាគ​ពេញ នៃការប្រកួតទាំងនេះ សូមចុចអាន៖ «កាលវិភាគ​លំអិត​ទាំង​ស្រុង នៃ​ការ​ប្រកួត»។

បើទោះជាក្រុមស្វីស ដែលមានរហស្សនាម «Nati» បានរកគ្រាប់បាល់ភ្លាមៗ នៅនាទីទី៥ ដោយកីឡាករ «Fabian Schär» នោះក៏ដោយ តែក្រុមស្វីសមិនមានភាពខ្លាំងក្លា គ្របពីលើក្រុមអាល់បានីច្រើនប៉ុន្មានឡើយ។ ជាពិសេស នៅបន្ទាប់ពីកីឡាករ «Lorik Cana» ប្រធានក្រុមកីឡាករអាល់បានី ត្រូវបានអាជ្ញា​កណ្ដាល​បណ្ដេញ​ចេញ ក្រុមអាល់បានីក៏នៅតែអាចការពារបាល់ នៅមុខទីរបស់ខ្លួន បានជាប់រហូត ហើយឆ្លៀត​វាយ​សម្រុក​ទៅ​លើ​ក្រុម​ស្វីស បានជាច្រើនដងនោះផង។

រីឯអ្នកចាំទីអាល់បានីវិញ បានសង្គ្រោះបាល់ពីសន្ទុះជើង របស់កីឡាករខ្សែប្រយុទ្ធស្វីស «Seferovic» បាន​ជា​ច្រើន​ដង (នៅនាទី៤៣, ៥៣, ៦៧) និងកីឡាករ «Shaqiri» ម្ដង (នៅនាទីទី៨១)។ ក្រុមអាល់បានី បានបន្ត​ការ​ប្រយុទ្ធ​របស់​ខ្លួនយ៉ាងប្ដូរផ្ដាច់ និងនៅនាទីទី៨៧ បានធ្វើឲ្យក្រុមស្វីសភ័យមិនស្ទើរ ព្រោះខ្សែការពារ​របស់​ស្វីស បានភ្លេចខ្លួន បណ្ដាលឲ្យបាល់ ត្រូវបានបញ្ជូនទម្លុះ ទៅដល់ជើងកីឡាករខ្សែប្រយុទ្ធ​អាល់បានី «Shkelzen Gashi» ដែល​រត់​ចូលមកតំបន់គ្រោះថ្នាក់ តែម្នាក់ឯង នៅចំពោះអ្នកចាំទីស្វីស។ ជាភ័ពសំណាង ដែលអ្នកចាំ​ទី​ស្វីស កីឡាករ «Yann Sommer» បានផ្ដួលខ្លួនទៅចំទិសបាល់ ហើយទះបញ្ជៀសការយកពិន្ទុស្មើ របស់​ក្រុម​អាល់បានី​បានទាំងប្រផិតប្រផើយ។

ជាលទ្ធផល ក្រុមស្វីស បានទទួល៣ពិន្ទុ ហើយឡើងទៅឈរទន្ទឹម នឹងក្រុមជម្រើសជាតិបារាំង ដែលទទួល​បាន​ជ័យជំនះ (២-១) ទាំងព្រលឹងចុងសក់ដែរ នៅក្នុងការប្រកួតបើកឆាក កាលពីយប់ថ្ងៃសុក្រ ជាមួយ​នឹង​ក្រុម​រ៉ូមានី។ ក្រុមអាល់បានី នឹងត្រូវទៅជួបក្រុមបារាំង នៅក្រុង ម៉ាកសី (Marseille) ខណៈក្រុមស្វីស នឹង​ត្រូវ​ទៅ​ជួប​ក្រុម រ៉ូមានី នៅក្នុងថ្ងៃពុធខាងមុខ ហើយអ្វីៗអាចនឹងត្រូវផ្លាស់ប្ដូរ ប្រសិនជាក្រុមនាំមុខក្នុងពូល (បារាំង និង​ស្វីស) ភ្លាត់ស្នៀតប្រកួតចាញ់ក្រុមជម្រើសជាតិ មកពីប្រទេសពីរ (រ៉ូម៉ានី និងអាល់បានី) ផ្សេងទៀត៕

» ទស្សនាវីដេអូសង្ខេប នៃការប្រកួតនេះឡើងវិញ៖