អាមេរិក អញ្ជើញ​កម្ពុជា​ចូលរួម​គំនិត​ផ្តួចផ្តើម​ថ្មី «Global Connect » និពន្ធដោយ : ទេព អ៊ីវិសាល       June-12-2016, 11:52 am         38

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អាមេរិក អញ្ជើញ​កម្ពុជា​ចូលរួម​គំនិត​ផ្តួចផ្តើម​ថ្មី «Global Connect »លោកស្រី-Catherin-Novelli-ពិភាក្សាជាមួយនឹងប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា-(រូបភាព៖-គណនី-Twitter-លោកស្រី-Catherine-Novelli​ខណៈ​ស្ថានភាព​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម មាន​លក្ខណៈ​រឹងមាំ​ស្រាប់ អាមេរិក បានបង្ហាញ​ពី​គោលជំហរ​ថ្មី​មួយទៀត​ក្នុង​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​នៅ​កម្រិត​មួយ​បន្ទាប់​ទៀត​។ ជាពិសេស​នោះ អាមេរិក ក៏បាន​ស្នើ​កម្ពុជា​ដើម្បី​ចូលរួម​ជា​ដៃគូ​ក្នុង​គំនិត​ផ្តួចផ្តើម​ថ្មី​ផងដែរ​។

លោកស្រី Catherine Novelli អនុរដ្ឋលេខាធិការ​ទទួល​បន្ទុក​កំណើនសេដ្ឋកិច្ច ថាមពល និង​បរិស្ថាន​នៃ​ក្រសួងការបរទេស​អាមេរិក បាន​អះអាងថា លោកស្រី បានស្នើ​កម្ពុជា​ដើម្បី​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​ថ្មី របស់​អាមេរិក​ដែល​ហៅថា «Global Connect»​។ តែ​លោកស្រី​មិនបាន​បញ្ជាក់ថា​តើ​ភាគី​កម្ពុជា​យល់ព្រម​ក្នុងការ​ចូលរួម​គំនិត​ផ្តួចផ្តើម​នេះ​យ៉ាងណា​នោះទេ​។​
​តាម​ការបញ្ជាក់​របស់​លោកស្រី Catherine Novelli ដែលជា​មន្ត្រីជាន់ខ្ពស់​បំផុត​ផ្នែក​សេដ្ឋកិច្ច​នៃ​ក្រសួង ការបរទេស​អាមេរិក​ផងដែរ​នោះ «Global Connect» គឺជា​គំនិត​ផ្តួចផ្តើម​មួយ​ថ្មី​សំដៅលើ​ការតភ្ជាប់ និង​សម្រេច​ឲ្យ​បាន​លទ្ធភាព​នៃ​ការប្រើប្រាស់​អ៊ិន​ធើ​នែ​តរបស់​ប្រជាជន​ទូទាំង​ពិភពលោក​ឲ្យ​បាន ១.៥​ពាន់​លាន​នាក់​ក្នុង​ឆ្នាំ​២០២០​។ គំនិត​ផ្តួចផ្តើម​នេះ មានការ​គាំទ្រ​ពី​វិស័យ​ឯកជន ធនាគារ​អភិវឌ្ឍ​អន្តរជាតិ និង​អាមេរិក​ផងដែរ​។

សូម​ជម្រាប​ផងដែរ​ថា លោកស្រី Catherine Novelli ទើបតែ​បានបញ្ចប់​ទស្សនកិច្ច​ជា​លើកដំបូង​មកកាន់​កម្ពុជា​ពីថ្ងៃ​ទី​០៨ ដល់​ថ្ងៃទី​១០ ខែឧសភា​កន្លងទៅ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោកស្រី បាន ទស្សនកិច្ច​តំបន់​ជម្រក​សត្វព្រៃ នៅ​ព្រៃ​ឡង់ និង​ជួប​ជាមួយនឹង​ក្រុម​អនុរក្ស​ព្រៃឈើ​ក្នុង​មូលដ្ឋាន និង ជួបពិភាក្សា​ជាមួយនឹង​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ពិភាក្សា​បញ្ហា​វិនិយោគ និង​ពាណិជ្ជកម្ម ជាដើម​។​

ជុំវិញ​កិច្ចការ​វិនិយោគ​នេះដែរ លោកស្រី Catherine  Novelli បាន​ថ្លែង​នៅ​ថ្ងៃទី​០៩ ខែមិថុនា ថា ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​អាមេរិក​មាន​ភាពរឹងមាំ ហើយ អាមេរិក នឹង​ពង្រឹង​បន្ថែម​ទំនាក់ទំនង​នេះ និង​ធ្វើការ​ជាមួយនឹង​គ្នា លើ​បញ្ហា​ជាក់ស្តែង​ដែល​អាច​ជំរុញ​ឲ្យ​ទំនាក់ទំនង​ភាគី​ទាំងពីរ​ទៅកាន់​កម្រិត​មួយ​ផ្សេងទៀត​។ លោកស្រី ក៏បាន​ពិភាក្សា​ជាមួយនឹង​ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួងពាណិជ្ជកម្ម​ពី​ពី​ផែនការ​សម្រាប់​កម្ពុជា​ក្នុងការ​សំឡឹង​ទៅ​ទីផ្សារ​បន្ទាប់ ដើម្បី​ឲ្យ​កម្ពុជា​អាច​សម្រេច​ឲ្យ​បាន​កាន់តែច្រើន​លើ​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម​កាត់ដេរ​៕