យប់មិញ ! ផ្ទុះអាវុធ​៣​គ្រាប់​ផ្អើល​ពេញ​ភូមិ

ខេត្តបន្ទាយមានជ័យ ៖ ស្នូរ​ផ្ទុះអាវុធ​៣​គ្រាប់​ជាប់​ៗ​គ្នា​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​ដោយ​ស្មានថា​មាន​ករណី​ប្លន់​កើតឡើង​ទៀត​ហើយ ការ​ពិត​គឺជា​ការ​ផ្ទុះអាវុធ​បន្ទាប់​ពី​មាន​ជម្លោះ​ក្នុង​គ្រួសារ​មួយ​សោះ ។ ហេតុការណ៍​នេះ​កើតឡើង​កាល​ពិ​វេលា​ម៉ោងជាង​៩​យប់ ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គ្រួសារ​មួយ​បាន​ឈ្លោះប្រកែក​គ្នា ដោយ​បងប្រុស​ទី​២​បាន​វាយ​ប្អូនស្រី ព្រោះ​ខឹង​ដើរ​លេង លុះ​បង​ទី​១​សួរនាំ​រឿង​វាយ​ប្អូន​ក៏​ផ្ទុះ​ជា​ជម្លោះ​ឡើង​រហូត​វាយតប់​គ្នា ធ្វើ​ឲ្យ​បង​ទី​១​រង​បួស​បែក​បបូរមាត់ ។ ដំបូង​ការ​ឈ្លោះ​ប្រ​កែប​គ្នា​នោះ​ត្រូវ​អ្នកស្រុក​ឃាត់​បំបែក​បាន​ហើយ ប៉ុន្តែ​ដោយសារ​ការ​ស្រែក​ជេរ​ដៀមដាម​ដាក់​គ្នា​ចេះ​បន្ត​កើតឡើង ហើយ​មានការ​គប់​ដុំ​ថ្ម​ដាក់​គ្នា ទើប​មានការ​ផ្ទុះអាវុធ​រហូត​៣​គ្រាប់ ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​ស្មានថា​ជា​ករណី​បាញ់​ប្លន់ ។

ប្រភព​បន្ត​ថា​បង​ទី​១​នោះ​ឈ្មោះ រ៉​ន ភេទ​ប្រុស អាយុ​ជិត​៣០​ឆ្នាំ ជា​កម្មករ​នៅ​ហាង​លក់​ទូរស័ព្ទ​ដ៏​ធំ​មួយ​ជាប់​ផ្សារ​ថ្មី​ប៉ោយ​ប៉ែ​ត ឯ​បង​ទី​២​ឈ្មោះ រ៉េ​ត ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ និង​ប្អូនស្រី​ដែល​ត្រូវ​បងប្រុស​វាយ​នោះ​ឈ្មោះ ស្រី​ម៉ៅ អាយុ​ជាង​២០​ឆ្នាំ ជា​បុ​គ្គ​លិក​កាស៊ីណូ​ផ្កាយ​៥ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ព្រមទាំង​រក​ឃើញ​សំបក​អាវុធ​ខ្លី​១ ហើយ​បាន​ហៅ​បុរស​ម្នាក់​ក្នុង​ហេតុការណ៍​យក​ទៅ​សួរនាំ​ផង​ដែរ ។

មតិ​ប្រជាពលរដ្ឋ​លើក​ឡើងជា​ច​ម្ង​ល់​ថា គ្រួសារ​មួយ​នេះ​ក្រីក្រ ធ្វើ​ជា​កម្មករ​គេ​ទេ ហេតុ​អ្វី​ក៏​មាន​អាវុធ​យក​ទៅ​បាញ់បោះ​សេរី​បែប​នេះ ? សមត្ថកិច្ច​គួរតែ​វែកមុខ​រក​ម្ចាស់​អាវុធ​ឲ្យ​ឃើញ តើ​ជា​របស់​អ្នក​ណា?