ឪពុក​ម្ដាយ​គួរ​ទិញ​អចលនទ្រព្យ​ទុក​ឱ្យ​កូន​ដើម្បី​ជំហរ​រឹង​មាំ​នៅ​ថ្ងៃ​អនាគត

ឪពុក​ម្តាយ​ដែល​មាន​ប្រាក់​ចំណូល​អាច​មាន​លទ្ធភាព គួរតែ​ស្វែងរក​ទិញ​ដី ផ្ទះ ឬ​ខុន​ដូ​ទុក​សម្រាប់​កូន​ៗ​នៅ​តូច​ៗ ក្នុង​គោលបំណង​ទុក​ឲ្យ​ពួក​គេ​ពេល​ពេញវ័យ និង​ជួយ​ឲ្យ​កូន​ៗ​អាច​មាន​ជំហរ​រឹង​មាំ​នៅ​ថ្ងៃ​អនាគត​។ ជាក់ស្ដែង នៅ​ក្នុង​ទីក្រុង Vancouver ប្រទេស​កា​ណា​ដា ពេល​នេះ​ឪពុក​ម្ដាយ​ដែល​មាន​លទ្ធភាព​ធូរធារ​កំពុង​តែ​ស្វែងរក​ទិញ​លំនៅ​ឋាន​ទុក​សម្រាប់​កូន​ៗ​របស់​ពួក​គេ ។

តាម​ប្រសាសន៍​របស់​ទីប្រឹក្សា​ហិរញ្ញវត្ថុ ​ប្រចាំ​ស្ថាប័ន ហិរញ្ញវត្ថុ BlueShor បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ ប្រជាជន​កាន់តែ​ខ្លាច​ទៅ​ៗ ដែល​វា​បាន​គូសបញ្ជាក់​ពី​កំណើន​នៃ​តម្លៃ​អចលនទ្រព្យ លំនៅ​ឋាន​កាលពី​ពេល​ថ្មី​ៗ​នេះ ។

លោក Skinner បាន​មាន​ប្រសាសន៍​ថា ៖ « មាន​មនុស្ស​ជា​ច្រើន​មក​សួរ​ខ្ញុំ​ថា តើ​កូនចៅ​របស់ខ្ញុំ​អាច​នឹង​មាន​លទ្ធភាព​ទិញ​ផ្ទះ​បាន​ដែរ​ទេ​នៅ​ពេល​ដែល​ពួក​គេ​ពេញវ័យ ។ តាម​ពិត ពួក​គេ​កំពុង​តែ​ទិញ​ចំណូល​អចលនទ្រព្យ​នៅ​ថ្ងៃនេះ ក្នុង​គោលបំណង​ផ្ទេរ​អចលនទ្រព្យ​នោះ នៅ​ពេល​ដែល​កូន​ៗ​របស់​គេ​ពេញវ័យ » ។

បើ​យោង​តាម​ការ​ស្ទង់​មតិ​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​បង់​រំលស់​ឯកជន Genworth Canada បាន​ឲ្យ​ដឹង​ថា ៤០%​នៃ​អ្នកទិញ​ផ្ទះ​ជា​លើក​ដំបូង​នៅ​ក្នុង​ទីក្រុង Vancouver ត្រូវ​បាន​ជួយ​ដោយ​ឪពុក​ម្តាយ​របស់​ពួក​គេ បើ​ធៀប​នឹង​អត្រា​២២% នៅ​តំបន់​ផ្សេង​ទៀត​នៃ​ប្រទេស​កា​ណា​ដា ។

លោក Skinner បាន​ឲ្យ​ដឹង​ថា វា​គឺជា​រឿង​ធម្មតា​ទៅ​ហើយ ដែល​អតិថិជន​របស់​លោក បាន​ជួយ​កូន​របស់​ពួក​គេ​ក្នុង​កម្ចី​២០​ម៉ឺន​ដុល្លារ​ទៅ​៥០​ម៉ឺន​ដុល្លារ​ដើម្បី​ទិញ​ផ្ទះ​មួយ​ខ្នង​ដែល​ជា​ញឹកញាប់​នៅ​ក្នុង​តំបន់​ក្បែរ​ៗ​គ្នា​នោះ ។

លំនៅ​ឋាន​ក្នុង​ក្រុង West Vancouver ត្រូវ​បាន​គេ​មើលឃើញ​ថា ឡើងថ្លៃ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ ពោល​គឺ​វា​បាន​កើន​ដល់​បី​បួន​លាន​ដុល្លារ​នៅ​ក្នុង​រយៈពេល​ត្រឹមតែ​ពីរ​បី​ខែ​ប៉ុណ្ណោះ​។ លោក Jason Soprovich អ្នកជំនាញ​រៀបចំ​ការ​លក់​អចលនទ្រព្យ West Vancouver បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា លោក​បានឃើញ​ថា ម្ចាស់ផ្ទះ​ទាំងនោះ​បាន​ទុក​ប្រាក់​ដោយឡែក​សម្រាប់​កូន​របស់​ពួក​គេ ពី​ការ​លក់​ផ្ទះ​នោះ ។ ជាក់ស្តែង គ្រួសារ​ទាំងអស់​នោះ​ត្រូវ​បាន​លើកទឹកចិត្ត​ក្នុង​ការ​ជួយ​កូន​ឱ្យ​រស់នៅ​ជិត​ឪពុក​ម្តាយ​របស់​ខ្លួន។

ទោះជា​យ៉ាងណា លោក Skinner បាន​ឲ្យ​ដឹង​ថា ការ​ទិញ​អចលនទ្រព្យ​សម្រាប់​កូនចៅ​គឺជា​និន្នាការ​ថ្មី ។ កន្លង​មក លោក​បាន​ជួយ​ដល់​អតិថិជន​ចំនួន​៦​នាក់​ហើយ ។

ដំណើរការ​នេះ រួម​មានការ​បង្កើត​ការ​វិនិយោគ និង​ជួល​អចលនទ្រព្យ រហូត​ដល់​ក្មេង​ទាំងនោះ​ពេញវ័យ​។ ជា​ទូទៅ គ្រួសារ​ទាំងនោះ​ដែល​បាន​ធ្វើការ​វិនិយោគ បាន​ទទួល​ប្រាក់​ចំណូល​យ៉ាង​ហោច​ណាស់ ក៏​២០​ម៉ឺន​ដុល្លារ​ដែរ​ជា​ប្រចាំឆ្នាំ និង​ទ្រព្យ​សុទ្ធ​ដែល​រួម​មាន​ទាំង​អចលនទ្រព្យ មាន​តម្លៃ​ចាប់ពី​៤​លាន​ដុល្លារ ទៅ​១០​លាន​ដុល្លារ ។

លោក Skinner បាន​បន្ថែម​ថា ៖ « ពួក​គេ​ទិញ​ផ្ទះ និង​ខុន​ដូ​ក្នុង​គោលបំណង​ទុក​ឲ្យ​កូន​ៗ​របស់​ពួក​គេ​នៅ​ពេល​អនាគត ហើយ​ថ្វីបើ​តម្លៃ​អចលនទ្រព្យ​នៅ​ក្នុង​ទីក្រុង West Vancouver កំពុង​តែ​កើនឡើង​ក្តី ក៏​ឪពុក​ម្តាយ​ទាំងឡាយ បាន​ស្វែងរក​អចលនទ្រព្យ​នៅ​ក្នុង​ទីក្រុង North Vancouver និង​ទីក្រុង Vancouver ដែរ » ៕