សាហាវ​ណាស់ ! ឃាតករ​កាប់​នារី​វ័យក្មេង​ម្នាក់​ទម្លាក់​ទឹកទន្លេ

ខេត្តកណ្ដាល ៖ នារី​វ័យ​ក្មេង​អាយុ​១៨​ឆ្នាំ​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម​ម្នាក់​ត្រូវ​បាន​ឃាតករ​កាប់សម្លាប់​ទម្លាក់​ចូល​ក្នុង​ទន្លេបាសាក់ ហើយ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សព​អណ្ដែត​ទឹកទន្លេ មក​ទើរ​នៅ​ត្រើយ​ខាងកើត​ទន្លេបាសាក់​ស្ថិត​ក្នុងភូមិ​ព្រែក​បាឡាត់​ឆឹង ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៦ ។

មន្ត្រី​នគរបាល​ស្រុក​ស្អាង​បាន​ប្រាប់​ឱ្យ​ដឹង​ថា នារី​​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ កៅ អី​សះ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម មាន​ប្ដី​ជា​មនុស្ស​គ-​ថ្លង់ និង​មានកូន​ម្នាក់​អាយុ​៦​ខែ រស់នៅ​ភូមិ​បា​រ៉ែ​ន​ក្រោម ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល ។

មន្ត្រី​នគរបាល​បា​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា កាលពី​យប់​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៦ នារី​រង​គ្រោះ​បាន​ដេក​នៅ​លើ​ទូកជាមួយ​ប្ដី និង​កូន លុះដល់​ព្រឹក​ថ្ងៃ​ទី​១១​ខែ​ឆ្នាំ​ដដែល ប្ដី​ងើប​ពី​ដេក​បាន​បាត់​ប្រពន្ធ​ដោយ​មិនដឹង​មូលហេតុ មិនដឹង​បាត់​ពី​ពេល​ណា ។ លុះវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ដដែល ម្តាយបង្កើត​របស់​នារី​រង​គ្រោះ​បាន​ត្រឡប់​មក​ពី​លក់​ត្រី​ ហើយ​ជួប​ឈ្មោះ សឹក គ្រី​យ៉ា ត្រូវជា​ប្តី​នារី​រង​គ្រោះជា​មនុស្ស​គ​-​ថ្លង់​បាន​ធ្វើ​កាយវិការ​ប្រាប់​ម្តាយក្មេក​ថា ខ្ញុំ​ភ្ញាក់ពីដេក​ម៉ោង​៦​ព្រឹក បាត់​ប្រពន្ធ​ខ្ញុំ​មិនដឹង​ទៅ​ណា​ទេ ឈ្មោះ ស្ត្រ​ស់ ជា​ម្ដាយ​នារី​រង​គ្រោះ​ធ្វើ​កាយវិការ​ប្រាប់​ថា អត់​បាន​ជួប​ប្រពន្ធ​ឯង​ទេ ។ ពេល​នោះ​បងប្អូន​ខ្មែរ​អ៊ិ​ស្លា​ម​បាន​ស្វែងរក​នារី​រង​គ្រោះ​រហូត​ដល់​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១១​ខែ​ឆ្នាំ​ដដែល​ទើបបាន​ប្រទះ​ឃើញ​សាកសព​នារី​រង​គ្រោះ​ឈ្មោះ កៅ អី​សះ នៅ​កន្លែង​កើតហេតុ​ខាងលើ  រួចក្រុម​គ្រួសា​ជន​រង​គ្រោះ​លើក​សាកសព​ដាក់​លើ​ទូក​របស់​ឈ្មោះ ស្ត្រ​ស់ ដឹក​សំដៅ​មក​ភូមិ​បា​រ៉ែ​ន​ក្រោម ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ។

នៅ​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល ទើប​នគរបាល​ទទួល​បាន​ព័ត៌មាន​ពី​គ្រួសារ​សព​ខាងលើ ។ ហើយ​នគរបាល​ជំនាញ​បច្ចេកទេស​ខេត្ត និង​ស្រុក បាន​ទៅ​ពិនិត្យ​សាកសព​ឃើញ​ថា សាកសព​ពាក់អាវ​ពណ៌​ផ្កាឈូក​ដៃ​វែង មាន​ស្នាម​ដាច់​បាត់​ក្តោងច្រមុះ និង​ក្រោម​ភ្នែក​ខាងស្តាំ​ប្រវែង​៩​សង្ទីម៉ែត្រ ហើយ​បាន​សន្និដ្ឋាន​ថា នារី​រង​គ្រោះ​ត្រូវ​បាន​ឃាតករ​កាប់​ដោយ​កាំបិត​ដាច់​ក្ដោងច្រមុះ ធ្លាក់ទឹក​ស្លាប់ ។

ក្រោយ​ពិនិត្យ​រួច សព​ត្រូវ​បានសមត្ថកិច្ច​​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​នគរបាល​ព្រហ្មទណ្ឌ កំពុងធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះ ដើម្បី​វែកមុខ​រក​ឃាតករ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ៕