ប្រេង​នាំ​ចូល​ពី​ថៃ​តាម​ច្រករបៀង​ជប់​គគីរ​ភាគច្រើន​អត់​បង់ពន្ធ

ខេត្ត​ឧត្តរមានជ័យ ៖ សកម្មភាព​ប្រេង​នាំ​ចូល​ពី​ថៃ​តាម​មាត់​ច្រករបៀង​ជប់​គគីរ មក​ទឹកដី​កម្ពុជា ដែល​គេ​បាន​អះអាង​ថា ជា​ប្រេង​នាំ​ចូល​ដោយ​មានច្បាប់​សម្រាប់​ចែកចាយ​ប្រើប្រាស់​នៅ​ក្នុង​ខេត្ត ក៏​ប៉ុន្តែ​ប្រេង​ទាំងនេះ មិន​ត្រឹមតែ​ជ្រក​ក្រោម​ស្លាក​សញ្ញា​នាំ​ចូល​ចែកចាយ​ក្នុងស្រុក​ខេត្ត​តែ​ប៉ុណ្ណោះ​ទេ បាន​ដឹក​បន្ត​ទៅ​ចែកចាយ​នៅ​តាម​ដេប៉ូ​នានា​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ទៀត​។

ការ​នាំ​ចូល​ប្រេង​ពី​ថៃ​តាម​ច្រក​បៀ​ង​ជប់​គគីរ ហើយ​ដឹក​ទៅ​ស្តុក​ទុក​នៅ​ឃ្លាំង​មួយ​កន្លែង​មា​នទី​តាំងនៅ​ក្បែរ​ព្រំដែន ស្ថិត​នៅ​ភូមិ​ចាន់​ក្រហម​សែន​ជ័យ ឃុំ​អ​ម្ពឹ​ល ស្រុក​បន្ទាយ​អ​ម្ពឹ​ល ខេត្តឧត្តរមានជ័យ ដោយ​អ្នកគ្រប់គ្រង​ឃ្លាំង​ឈ្មោះ សួន ដា​រា បាន​ប្រាប់​ថា ជា​ប្រេង​នាំ​ចូល​ក្រោម​លិខិតអនុញ្ញាត​ប្រើប្រាស់​នៅ​ក្នុង​ខេត្ត តែ​មិន​បាន​បញ្ជាក់​ថា ការ​នាំ
ចូល​ប្រេងសាំង និង​ប្រេងម៉ាស៊ូត​ពី​ប្រទេស​ថៃ​ទាំងនោះ​មាន​ប៉ុន្មាន​រថយន្ត​ក្នុង​មួយ​ថ្ងៃ​ៗ​នោះ​ដែរ​។

ការ​នាំ​ចូល​ប្រេង​ពី​ថៃ ក្រោម​អាជ្ញាប័ណ្ណ​លិខិត​សុំ​អនុញ្ញាត​ប្រើប្រាស់​ក្នុង​ខេត្ត មាន​រថយន្ត​កម្ពុជា​ជា​ច្រើន​គ្រឿង​ចាំ​ដឹក​បន្ត​ពី​ឃ្លាំង​ស្តុក​ខាងលើ ទៅ​ចែកចាយ​នៅ​តាម​ដេប៉ូ​ក្នុង​ខេត្ត​ផ្សេង​ៗ ដែល​ផ្ទុយ​ទៅ​នឹង​អាជ្ញាប័ណ្ណ​។ លោក ខាន់ ផល្លា ប្រធាន​គយ​ខេត្ត​ទទួល​បន្ទុក​គយ​ចល័ត បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១១ មិថុនា ២០១៦ នេះ​ថា បញ្ហា​ប្រេង​ខាងលើ ជា​ប្រេង​ដែល​នាំ​ចូល​ប្រើប្រាស់​ក្នុងស្រុក​ដែល​ក្នុង​មួយ​ខែ​ៗ​នាំ​ចូល​ប្រេង​ពី​២០​ទៅ​៣០​រថយន្ត ហើយ​លោក​គ្រាន់តែ​ចេញ​ឯកសារ​បង់កាន់ដៃ​ស្តុក​នាំ​ចូល​ប៉ុណ្ណោះ រឿង​បញ្ហា​បង់ពន្ធ គឺ​ស្ថិត​នៅ​លើ​អគ្គនាយកដ្ឋាន និង​រដ្ឋាករ​។ តែ​លោក​ក៏​មិន​បាន​បញ្ជាក់​ទៀត​ថា សកម្មភាព​ប្រេង​ដឹក​បន្ត​ទៅ​ចែកចាយ​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ ដោយ​លោក​ប្រាប់​ថា គឺជា​រឿង​ថ្នាក់លើ​ប៉ុណ្ណោះ​។

ការ​នាំ​ចូល​ប្រេង​ពី​ថៃ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា ការ​នាំ​ចូល​ប្រេង​ឆ្លង​ដែន​ច្រើន​ជាង​កំរិត​បរិមាណ​ប្រើប្រាស់​នៅ​ក្នុង​ខេត្តឧត្តរមានជ័យ គ្រាន់​ជា​ការ​បំភ័ន្ត​ប៉ុណ្ណោះ ដែល​ការ​លួច​នាំ​ចេញ​ទៅ​ចែកចាយ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ជា​ច្រើន​ជាង​ប្រើប្រាស់​ក្នុង​ខេត្ត ដោយសារ​តែ​មាន​ឃុ​ប​ឃឹ​ត​ពី​ស្ថាប័ន​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​នៅ​ក្នុង​ខេត្ត​។