បុរស៣នាក់​យកឈ្មោះកូនថ្នាក់ដឹកនំា​ទៅបោកលុយ​គេជាង២លានដុល្លារ

រាជធានី​ភ្នំពេញ​៖​​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ​លោក ប៊ុ​ន ធី ​នៅ​ព្រឹក​ថ្ងៃ ទី​១២ ​មិថុនា ២០១៦​ បាន​សម្រេច​ឃុំខ្លួន​បុរស​៣​នាក់​​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អាស​ន្ន​​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ឆបោក​.​​តាម​រូបភាព​ទិញ​.​​លក់​ដី​(​ខ្យល់​)​លើ​ទឹកប្រាក់​​ជាង​២​លាន​ដុល្លារ​អា​មេ​រិ​ក ។

ជនជាប់សង្ស័យ​៣​នាក់ ​១.​ឈ្មោះ សួន មាស​ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​ ២.​ឈ្មោះ ហង្ស សុខា​ ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ និង​៣.​ឈ្មោះ ស៊ុន សុខ​ហេង​ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ​។ បុរស​៣ នាក់​ខាងលើ​នេះ​ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​០៩​ មិថុនា​២០១៦ ​​ពាក់​ព័ន្ធ​លើ​បណ្តឹង​របស់​ឈ្មោះ​ សូ ណា​រី ​និង​បាន​យកឈ្មោះ​ថ្នាក់ដឹកនាំ​​ក្រសួង​បរិស្ថាន និង​កូន​ថ្នាក់ដឹកនាំ​ទៅ​ឆបោក​អ្នក​ដ​ទៃ ​ប្រព្រឹត្ត​នៅ​ភូមិ ឬ​ស្សី​១ ​ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ​ និង​ឃុំ​ស្ទឹង​ឆាយ​ ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ ។

​ទាក់ទិន​នឹង​ការ​ឃុំខ្លួន​ជនសង្ស័យ​៣​នាក់​​ខាងលើនៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ​ត្រូវ​បានបង្ហើប​ឲ្យ​ដឹង​ថា​ ដើមចម​ផ្តើម​ចេញពី​ឈ្មោះ សួន មាស ​ដែល​តាង​នាមខ្លួន​ថា​ជា​មន្ត្រី​ក្រសួង​បរិស្ថាន ​ជាមួយ​ឈ្មោះ ហង្ស សុខា ​យកឈ្មោះ​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា ​និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ស្ពឺ ។​ ២​នាក់​នេះ​មានការ​ទំនាក់ទំនង​​ជាមួយក្រុមហ៊ុន​វិនិយោគ​ក្នុងស្រុកនិង​បរទេស​ ដោយ​មានការ​ទំនាក់ទំនង​ទៅ​ឈ្មោះ​ស៊ុន​  សុខ​ហេង​ ធ្វើ​ជា​ដើរ​ទិញ​.​លក់​ដី ​ហើយ​បាន​ទៅ​បោក ប្រាស់​ដើមបណ្តឹង​យក​ប្រាក់​មុន​​ជា​ង​២​លាន​ដុល្លារ​អាមេ​រិ​ក ​ថា​យក​ទៅ​រៀបចំ​ដី​ឲ្យ​នៅស្រុក​កំពុង​សិលា​ និង​ខណ្ឌ​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។ ​ក្រោយ​ពី​រៀបចំ​ដី​មិន​បាន​ឲ្យ​ដើមបណ្តឹង ​និង​ចាត់​ទុក​ថា​ជា​ដី​(​ខ្យល់​)​ដើមបណ្តឹង​ ​បាន​សុំ​ជួប​ច​ចារច្រើន​លើក ​ដើម្បី​កុំ​ឲ្យ​ពាក់​ព័ន្ធ​ផ្លូវច្បាប់ ​តែ​ពេល​ខ្លះ​បាន​ជួប ​ពេល​ខ្លះ​ត្រូវ​ជនសង្ស័យ​បិទ​ទូរ​សព្ទ័ ​មិន​អាច​ទាក់ទង​បាន ។ ​នៅ​សាលាដំបូង​ត្រូវ​បាន​គេ​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា​ បន្ទាប់​ពី​ដើមបណ្តឹងពិបាកនិង​រក​ការ​ទាក់ទង ​ដោយ​យល់​ឃើញ​ថា ​ជនសង្ស័យ​ពិត​ជា​មានគំនិត​ទុច្ចរិត​បោក​ប្រាស់​ ក៏​សម្រេចចិត្ត​ដាក់​បា​ក្យ​បណ្តឹង​​ទៅ​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ ដើម្បី​ឲ្យ​ជួយ​ចាត់ការ​​លើ​សំណុំរឿង​នេះ​តាម​ផ្លូវ​ច្បាប់ ៕