លោកប៉ា សុ​ជាតិ​វង្ស​ថា បញ្ហា​ប្រឈម​បច្ចុប្បន្ន​គឺ​ស្ទះចរាចរណ៍ ស្ទះលូ ស្ទះ​សំរាម

រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ចូល​សាលា​កសិកម្ម​ចំការ​ដូង​កាលពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៦​លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា នៅ​រាជធានី​ភ្នំពេញ​ពេល​បច្ចុប្បន្ន​នេះ មានការ​កកស្ទះ​ចំនួន​៣​គឺ ការ​កកស្ទះ​ចរាចរណ៍ ស្ទះលូ និង​ស្ទះ​សំរាម ជា​បញ្ហា​ប្រឈម​របស់​អាជ្ញាធរ​ភ្នំពេញ ប៉ុន្តែ​បញ្ហា​ប្រឈម​ជាងគេ​នោះ គឺ​បញ្ហា​កកស្ទះ​ចរាចរណ៍ ដែល​ពេល​នេះ​នៅ​ភ្នំពេញ​មាន​ជាង​១៨០​ទីតាំង ដែល​កកស្ទះ​រាល់ថ្ងៃ តែ​គ្រប់កន្លែង​ទាំងនោះ​ត្រូវ​បាន​ចាត់តាំង​ឲ្យ​សមត្ថកិច្ច​ប៉ូលិស​ឈរជើង ដើម្បី​សម្រួល​ចរាចរណ៍​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ហើយ ។

លោក ប៉ា សុ​ជាតិ​វង្ស បាន​មាន​ប្រសាសន៍​ទៀត​ថា ជុំវិញ​បញ្ហា​ប្រឈម​ទាំង​៣​ខាងលើ​នេះ សាលា​រាជធានី​ភ្នំពេញ បាន និង​កំពុងធ្វើការ​ដោះស្រាយ​ជា​បន្តបន្ទាប់ ក្នុង​នោះ​បាន​ខិតខំ​កសាង​ផ្លូវ ពង្រីក​ផ្លូវ ធ្វើ​បណ្តាញ​លូ​ថ្មី ដែល​មាន​ទំហំ​ធំ​ជាង​មុន និង​ការ​គ្រប់គ្រង ទុកដាក់​សម្រាម​ដោយ​បាន​ចុះ MOU ជាមួយ​អាជ្ញាធរ​ខណ្ឌ​ចំនួន​៤​រួច​ហើយ ហើយ​នៅ​ចុងខែ​មិថុនា​នេះ​នឹង​បន្ត​ចុះ MOU ជាមួយ​ខណ្ឌ​ចំនួន​៤​បន្ត​ទៀត ហើយ​នៅ​ខែកញ្ញា ឆ្នាំ​២០១៦ ខាង​មុខ​នេះ​សាលា​រាជធានី​ភ្នំពេញ​នឹង​បន្ត​ចុះ MOU ឲ្យ​បាន​គ្រប់​១២​ខណ្ឌ​តែ​ម្តង ។ លោក​បន្ត​ថា ប្រទេស​ជាតិ​យើង​មានការ​អភិវឌ្ឍន៍ រីក​ចំរើន​ខ្លាំង ទន្ទឹម​នេះ​រាជរដ្ឋាភិបាល​ក៏​បាន​ជម្រុញ​ឲ្យ​មានការ​អភិវឌ្ឍន៍​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​សម​ស្រប​ទៅ​តាម​ការ​រីក​ចំរើន​នេះ​ដែរ ក្នុង​នោះ មានការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​លឿន​ផង​ដែរ ។

លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កំណាត់​ផ្លូវ​ដែល​ត្រូវ​បើក​ការដ្ឋាន​នេះ​មាន​ទទឹង​៧​ម៉ែត្រ និង​បណ្តោយ​ប្រវែង​៦៥៣​ម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវ​ចំការ​ដូង ឬ​ផ្លូវ​ទៅ​ជើងឯក ចូល​ក្នុង​សាលា​កសិកម្ម​ចំការ​ដូង ដោយ​ចាក់​បេតុង​ឆ្អឹង​ដែក​ប្រើ​រយៈពេល​៣​ខែ​នឹង​រួចរាល់ ៕