ប៉េ​អឹ​ម​ស្នាក់​ការ​សន្តិសុខ​៩៩៩ នាំ​ខ្លួន​ស្ត្រី​ម្នាក់​តាម​ដីកា

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៩៩៩ នៃ​បញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ម៉ា​ឡៃ ដឹកនាំ​ដោយ​លោក​វរ​សេនីយ៍​ត្រី ឱ ប៊ុ​ន​ណេ ប្រធាន​ស្នាក់​ការ​សន្តិសុខ​៩៩៩ បាន​ចុះ​នាំ​ខ្លួន​ស្ត្រី​ម្នាក់​តាម​ដីកា​របស់​តុលាការ​ខេត្តបន្ទាយមានជ័យ ក្នុង​ករណី​ឆបោក​នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១១ មិថុនា ២០១៦ នៅ​ចំណុច​ផ្ទះ​របស់​ស្ត្រី​ជាប់ចោទ​ក្នុងភូមិ​ទួល​ពង្រ ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ។ ស្ត្រី​ជាប់ចោទ​ត្រូវ​បាន​បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយ​មាន​ជ័យ ដើម្បី​សាកសួរ​។

លោក​វរសេនីយ៍ត្រី ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុ​តិ្ត​ធម៌​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជាប់ចោទ​ឈ្មោះ វ៉ែន សឿ​ត អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ទួល​ពង្រ ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ត្រី ព្រហ្ម ថេ​ង បាន​បញ្ជាក់​ទៀត​ថា ស្ត្រី​ដែល​នាំ​ខ្លួន​ពី​បទ​ឆបោក​នោះ​ត្រូវ​បាន​កងរាជអាវុធហត្ថ​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕