ស្ដេច​គ្រឿង​ញៀន​ជះ​លុយ ១​លាន​ដុល្លារ ធ្វើ​ឃាត​ប្រធានាធិបតី​ហ្វីលីពីន​ថ្មី

អគ្គ​ស្នងការ​នគរបាល​ជាតិ​ហ្វីលីពីន Ronald dela Rosa បាន​បញ្ជាក់​ថា ក្រុម​ឈ្មួញ​គ្រឿង​ញៀន កំពុង​រៀប​គម្រោង​ធ្វើ​ឃាត​លោក Rodrigo Duterte ដែល​ជា​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ហ្វីលីពីន ដោយ​ចំណាយ​ប្រាក់ ១លាន​ដុល្លារ។

 

ស្ដេច​គ្រឿង​ញៀន​ជះ​លុយ ១​លាន​ដុល្លារ ធ្វើ​ឃាត​ប្រធានាធិបតី​ហ្វីលីពីន​ថ្មី​លោក Rodrigo Duterte

 

លោក Rodrigo Duterte បាន​ឡើង​កាន់​តំណែង​ប្រធានាធិបតី​ហ្វីលីពីន​ជា​ផ្លូវការ កាល​ពី​ថ្ងៃ​ទី៣០ ខែ​មិថុនា ដោយ​មាន​រហស្សនាម​ថា “The Punisher” ដោយ​សារ​ចំណាត់​ការ​ដ៏​ក្ដៅ​គគុក​របស់​លោក ចំពោះ​បទ​ឧក្រិដ្ឋ​គ្រឿង​ញៀន។ ប្រធានាធិបតី​រូប​នេះ បាន​ប្ដេជ្ញា​ថា​នឹង​បំបាត់​រាល់​បទល្មើស​ឧក្រិដ្ឋ​គ្រឿង​ញៀន​ត្រឹម​រយៈ​ពេល ៦​ខែ​នៃ​អាណត្តិ​របស់​លោក។ មូលហេតុ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ឈ្មួញ​គ្រឿង​ញៀន​ទាំង​ឡាយ ទើស​ចិត្ត​យ៉ាង​ខ្លាំង។

 

លោក Dela Rosa ស្នងការ​ប៉ូលិស​ថ្មី​ដែល​នឹង​ត្រូវ​ចូល​កាន់​តំណែង​នា​ពេល​ខាង​មុខ បាន​បញ្ជាក់​ថា ស្ដេច​គ្រឿង​ញៀន​បាន​ផ្ដល់​ប្រាក់ ១លាន​ដុល្លារ ចំពោះ​ការ​សម្លាប់​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ហ្វីលីពីន​នេះ។ ទឹក​ប្រាក់​នេះ​បាន​កើន​ឡើង​ខ្លាំង បើ​ធៀប​នឹង​ការ​ជះ​លុយ​ដំបូង​ត្រឹម ២១៤០០០​ដុល្លារ ព្រោះ​មិន​អាច​រក​បាន​ជន​ដៃ​ដល់។

 

ស្ដេច​គ្រឿង​ញៀន​ជះ​លុយ ១​លាន​ដុល្លារ ធ្វើ​ឃាត​ប្រធានាធិបតី​ហ្វីលីពីន​ថ្មីលោក Ronald dela Rosa

 

មន្ត្រី​ប៉ូលិស​ដដែល បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ទៀត​ថា មេ​គ្រឿង​ញៀន​នៅ​ក្នុង​ពន្ធនាគារ Bilibid ជា​ផ្ដួច​ផ្ដើម​គំនិត​ធ្វើ​ឃាត​នេះ។ គេ​ជឿ​ថា​គម្រោង​ខាង​លើ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ចំណាត់​ការ​ដ៏​កក្រើក​របស់​លោក Duterte ចំពោះ​បទ​ល្មើស​គ្រឿង​ញៀន។

 

ថ្មី​ៗ​នេះ លោក Duterte ក៏​បាន​លើក​ទឹក​ចិត្ត​ប្រជាជន​ឲ្យ​សម្លាប់​ឈ្មួញ​គ្រឿង​ញៀន ដោយ​សន្យា​ថា​នឹង​ផ្ដល់​រង្វាន់​ផង​ដែរ។ លោក​បាន​បញ្ជាក់​ថា ប្រសិន​បើ​អាច​សម្លាប់​មេ​ខ្លោង​គ្រឿង​ញៀន នឹង​ផ្ដល់​ប្រាក់​រង្វាន់ ១០៨២១៩​ដុល្លារ ហើយ​បើ​ចាប់​បាន​ទាំង​រស់ នឹង​ផ្ដល់​ប្រាក់​រង្វាន់ ១០៨១៣៣​ដុល្លារ៕

 

ស្ដេច​គ្រឿង​ញៀន​ជះ​លុយ ១​លាន​ដុល្លារ ធ្វើ​ឃាត​ប្រធានាធិបតី​ហ្វីលីពីន​ថ្មី

 

ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ Korea Times ​