ពលរដ្ឋ​ខេត្ត​មណ្ឌលគិរី​ចោទ​អភិបាល​រង​ស្រុក​កែវសីមា​ថា​ប្រមាថ​អាយុ​ជីវិត​អ្នក​ភូមិ

ប្រជាពលរដ្ឋ​ភូមិ​ចក់ចារ ឃុំ​ស្រែឈូក ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ចោទ​អភិបាល​រង​ស្រុក​មួយ​រូប ថា​ពោល​ពាក្យ​ប្រមាថ​ដល់​អាយុ​ជីវិត​អ្នក​ភូមិ ខណៈ​មន្ត្រី​រូប​នោះ​ខឹង​នឹង​អ្នក​ភូមិ​ទាមទារ​ដី​នៅ​តំបន់​ក្រុមហ៊ុន​សម្បទាន​ឈូស​ឆាយ​ដាំ​កៅស៊ូ​រួច​ហើយ។

ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​ស្រុក និង​ប្រជាពលរដ្ឋ មិន​ឯកភាព​គ្នា​លើ​ការ​ចុះ​បង្ហាញ​ទីតាំង​ដី ដែល​អ្នក​ភូមិ​តវ៉ា​ទាមទារ​កាត់​ចេញ​ពី​ដី​សម្បទាន​ក្រុមហ៊ុន ប៊ិញ ភឿក ក្រចេះ រ៉ាប់ប៊ឺរ​១ (Bin Phurk Kratie Rubber 1)

កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា គណៈកម្មការ​ចម្រុះ​នៃ​អាជ្ញាធរ​ស្រុក​កែវសីមា រួម​ជាមួយ​មន្ត្រី​ភូមិ-ឃុំ និង​ប្រជាពលរដ្ឋ​ជាង ១០០​នាក់ បាន​នាំ​គ្នា​ទៅ​បង្ហាញ​ទីតាំង​ដី​ដែល​ប្រជាពលរដ្ឋ​អះអាង​ថា ជា​អតីត​ដី​ត្រៀម​បម្រុង​សហគមន៍​តាម​ការ​សន្យា បន្ទាប់​ពី​អ្នក​ភូមិ​ដាក់​ញត្តិ​តវ៉ា​ទៅ​អាជ្ញាធរ​ខេត្ត​កាល​ពី​ចុង​ខែ​ឧសភា។ អ្នក​ភូមិ​អះអាង​ថា ដី​នោះ​ក្រុមហ៊ុន​រំលោភ​ឈូស​ឆាយ ហើយ​ដាំ​កៅស៊ូ បើ​ទោះ​បី​អ្នក​ភូមិ​កំពុង​តវ៉ា​ក្តី។

តំណាង​ប្រជាពលរដ្ឋ​ភូមិ​ចក់ចារ អ្នកស្រី ស្រួច ថែវ បញ្ជាក់​ថា អាជ្ញាធរ​ស្រុក​មិន​មាន​ឆន្ទៈ​ប្រគល់​ដី​ឲ្យ​អ្នក​ភូមិ​វិញ​ទេ ដោយ​សំអាង​ថា ទីតាំង​ដី​ដែល​សហគមន៍​ចង្អុល​បង្ហាញ គឺ​ជា​ដី​ចម្ការ​កៅស៊ូ​របស់​ក្រុមហ៊ុន​បាន​ដាំ​ដុះ។ លើស​ពី​នោះ​ទៀត អភិបាល​រង​ស្រុក​មួយ​រូប គឺ​លោក យិន សុខឡេង ពោល​ពាក្យ​ប្រមាថ​សម្លាប់​ជីវិត​ប្រជាពលរដ្ឋ​ដែល​ទាមទារ​ដី​មាន​ដំណាំ​កៅស៊ូ​របស់​ក្រុមហ៊ុន។ អ្នកស្រី​ចាត់​ទុក​ថា នេះ​ជា​អំពើ​រំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ ដែល​មន្ត្រី​អាជ្ញាធរ​មិន​បាន​បំពេញ​តួនាទី​បម្រើ​រាស្ត្រ​ពិត​ប្រាកដ៖ «ម្សិល​ហ្នឹង​គំរាម! អភិបាល​រង​ស្រុក​ថា​បើ​ចង់​បាន​ដី​ហ្នឹង ទាល់​តែ​ឆ្អឹង​ដែក​ស្បែក​ស្ពាន់។ ជួយ​ផ្សាយ​ផង កុំ​ឲ្យ​ពួក​គាត់​គំរាម​កំហែង​ប្រមាថ​ដល់​អាយុ​ជីវិត​អ៊ីចឹង មិន​ត្រឹមត្រូវ​ទេ។ អត់​បាន​លទ្ធផល​ទេ វា​ខុស​ទីតាំង ខុស​ស្រឡះ​តែ​ម្តង។ ប្រជាពលរដ្ឋ​ណា​ព្រម ដី​ហ្នឹង​មិន​ព្រម​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ទេ»

សហគមន៍​ភូមិ​ចក់ចារ ចំនួន ២១១​គ្រួសារ កាល​ពី​ចុង​ខែ​ឧសភា បាន​ប្ដឹង​ក្រុមហ៊ុន ប៊ិញ ភឿក​១ ថា​បាន​រំលោភ​កិច្ចព្រមព្រៀង​សម្រប​សម្រួល​របស់​អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី​ខេត្ត​មណ្ឌលគិរី ដែល​បាន​សម្រេច​កាត់​ដី ៣៧៥​ហិកតារ​ពី​ក្រុមហ៊ុន ប្រគល់​ជូន​ប្រជាពលរដ្ឋ។ ខណៈ​ចុះ​បង្ហាញ​ទីតាំង​ដី​ជាក់ស្តែង អ្នក​ភូមិ​ទាមទារ​ដី​នៅ​តំបន់​អូរត្រយ៉ង់ ក៏ប៉ុន្តែ​អាជ្ញាធរ​ថា​ដី​មាន​ជម្លោះ​ឋិត​នៅ​តំបន់​ត្រពាំងថ្ម។

ទាក់ទិន​ការ​អះអាង និង​ចោទ​ប្រកាន់​របស់​ពលរដ្ឋ អភិបាល​រង​ស្រុក​កែវសីមា លោក យិន សុខឡេង បដិសេធ​ដោយ​កំហឹង​ថា គ្មាន​វេលា​បញ្ជាក់​រឿង​នេះ​ទេ៖ «ធ្វើ​ថ្នាក់​ដឹក​នាំ​ទៅ​ប្រមាថ​ប្រជាពលរដ្ឋ បង​ឯង​ជឿ​ដែរ? ខ្ញុំ​គ្មាន​ទំនេរ​និយាយ​ជាមួយ​បង​ឯង​ទេ»

ចំណែក​អភិបាល​ស្រុក​កែវសីមា លោក ស៊ិន វណ្ណវុឌ្ឍ បដិសេធ​ថា មន្ត្រី​ស្រុក​មិន​បាន​ពោល​ពាក្យ​គំរាម​ដូច​ការ​ចោទ​នោះ​ទេ គឺ​អ្នក​ភូមិ​ទៅ​វិញ​ទេ ដែល​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​ទៅ​លើ​មន្ត្រី​ស្រុក ខណៈ​អាជ្ញាធរ​មិន​យល់ស្រប​ចំពោះ​ការ​បង្ហាញ​ទីតាំង​ដី​ដែល​អ្នក​ភូមិ​ចង់​បាន។ លោក​ថា អ្នក​ភូមិ​ចង់​បាន​ដី​ដែល​ក្រុមហ៊ុន​ដាំ​កៅស៊ូ​រួច។ រឿង​នេះ​មិន​អាច​ទៅ​រួច​ឡើយ៖ «យើង​ចុះ​ទៅ​ចុច​ចំណុច ៣៧៥​ហិកតារ គាត់​ថា​អា​ហ្នឹង​មិន​មែន។ គាត់​ទៅ​ចង្អុល​ដី​ដែល​ក្រុមហ៊ុន​ដាំ​កៅស៊ូ​ពីរ​បី​ឆ្នាំ​ហើយ។ អ៊ីចឹង​មិន​អាច​ដោះស្រាយ​បាន»

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កត់​សម្គាល់​ថា អ្នក​ភូមិ​មាន​លិខិត​បញ្ជាក់​ពី​អាជ្ញាធរ​ភូមិ-ឃុំ​ពី​ទីតាំង​អតីត​ដី​សហគមន៍ ដែល​ក្រុមហ៊ុន​ឈូស​ឆាយ។ ហេតុ​នេះ លោក​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ខេត្ត ឬ​ថ្នាក់​ជាតិ ស្រាវជ្រាវ​ករណី​នេះ​ឡើង​វិញ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ពលរដ្ឋ។ ដោយឡែក​ទាក់ទិន​ការ​ចោទ​ប្រកាន់​រឿង​ពោល​ប្រមាថ អ្នក​ភូមិ​អាច​ដាក់​ពាក្យ​ប្ដឹង​តាម​ផ្លូវ​តុលាការ ប្រសិន​បើ​អ្នក​ភូមិ​មាន​ភស្តុតាង​ទាក់ទិន​ការ​ជេរ​ប្រមាថ​នេះ៖ «ឲ្យ​ស៊ើប​អង្កេត​ជា​លក្ខណៈ​ថ្នាក់​ជាតិ ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទៅ។ ខ្ញុំ​ជឿ​ថា​អាច​លឿន។ ប្រសិន​មាន​អនុសាសន៍​ពី​នាយក​រដ្ឋមន្ត្រី​ទៀត ខ្ញុំ​ជឿ​ថា​រឿង​នេះ​អាច​ដោះស្រាយ​បាន​ចប់»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ភាគី​ប្រជាពលរដ្ឋ​អះអាង​ថា នឹង​ធ្វើ​ការ​តវ៉ា​ទៅ​អាជ្ញាធរ​ខេត្ត​ជា​ថ្មី​ទៀត ប្រសិន​អាជ្ញាធរ​មិន​ដោះស្រាយ​ប្រគល់​ដី​ឲ្យ​អ្នក​ភូមិ។ រីឯ​អភិបាល​ស្រុក​វិញ​អះអាង​ថា នឹង​ធ្វើ​របាយការណ៍​ជូន​អាជ្ញាធរ​ខេត្ត និង​ថ្នាក់​ជាតិ ជុំវិញ​ការ​មិន​ឯកភាព​គ្នា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។