នារី​4​នាក់​ត្រូវ​អារ​.​ក​សម្លាប់​ក្នុង​ការ​វាយប្រហារ​របស់​ក្រុម​បូ​កូ​ហា​រ៉ា​ម​នៅ​នី​ហ្សេ​រី​យ៉ា

ពួក​ជីវពល​ដែល​តស៊ូ​ប្រឆាំង​នឹង​ពួក​ឧទ្ទាម​ក្រុម​បូ​កូ​ហា​រ៉ា​ម​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១១ មិថុនា​ថា នារី​៤​នាក់​ត្រូវ​អារ​.​ក​សម្លាប់​ក្នុងភូមិ​មួយ​នា​ភាគ​ឦសាន​នី​ហ្សេ​រី​យ៉ា ដោយ​ពួក​បូ​កូ​ហា​រ៉ា​ម ។

យោង​តាម​ពួក​ជីវពល​ទាំងនេះ​ថា ពួក​អ្នក​វាយប្រហារ​ប្រមាណ​ជា​១៥​នាក់​បាន​ជិះ​ម៉ូតូ​ចូល​ភូមិ MAIRARI ជា​ភូមិ​ដាច់​ស្រយាល​មួយ​ស្ថិត​នៅ​ចម្ងាយ​៨០​គីឡូម៉ែត្រ ពី​ទីក្រុង MAIDUGURI រដ្ឋធានី​រដ្ឋ​ប័​រ​ណូ កាលពី​យប់​ថ្ងៃ​ទី​១០ មិថុនា ហើយ​ចាប់​បណ្តា​នារី​មាន​អាយុ​ពី​២៧ ទៅ​៤៥​ឆ្នាំ ចេញពីផ្ទះ​រួច​អារ​.​ក​សម្លាប់​ពួក​គេ​។ យោង​តាម​សាក្សី​ទាំងឡាយ​ថា​ពួក​បូ​កូ​ហា​រ៉ា​ម​សម្លាប់​នារី​ទាំងនេះ ក៏​ព្រោះតែ​ប្តី​ពួក​គេ​បដិសេធ​ពុំ​ព្រម​ចូលរួម​ក្នុង​ជួរ​ពួក​ឧទ្ទាម​អ៊ិ​ស្លា​ម​និយម ឬ​ក៏​ព្រោះតែ​ពួក​បូ​កូ​ហា​រ៉ា​ម សង្ស័យ​បុរស​ទាំងនេះ​ជា​អ្នកយកការណ៍​ឱ្យ​អាជ្ញាធរ ។

តាំងពី​ចាប់ផ្តើម​ឧទ្ទាម​កម្ម​ដោយ​អាវុធ​ពី​ឆ្នាំ​២០០៩​មក ក្រុម​បូ​កូ​ហា​រ៉ា​ម បាន​ចាប់ពង្រត់​មនុស្ស​ជា​ច្រើន​ពាន់​នាក់ ក្នុង​នោះ​មាន​នារី និង​កុមារ ដើម្បី​បង្ខំ​ពួក​គេ​ឱ្យ​ចូលរួម​ដៃ ឬ​ក៏​ប្រើប្រាស់​ជា​ទាសករ​ភេទ ឬ​ឱ្យធ្វើ​ជា​ជន​អត្តឃាត​។ ឧទ្ទាម​កម្មនេះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​២០.០០០​នាក់ ហើយ​មនុស្ស​២,៦​លាន​នាក់​រត់​ភៀសខ្លួន ៕